BREAKING NEWS
Search

និស្សិត​យោធា​អារ៉ាប៊ីសាអ៊ូឌីត​សម្លាប់​មនុស្ស​៣​នាក់​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក

សិក្ខាកាម​កងទ័ពអាកាស​អារ៉ាប៊ីសាអ៊ូឌីត​ម្នាក់​បាន​បើក​ការបាញ់ប្រហារ​កាលពី​ថ្ងៃ​សុក្រ​នៅឯ​មូលដ្ឋាន​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក​ដោយ​បានសម្លាប់​មនុស្ស​ចំនួន​៣​នាក់​មុនពេល​ត្រូវបាន​បាញ់សម្លាប់​ដោយ​ប៉ូលិស​។​

ការបាញ់ប្រហារ​នេះ​បាន​កើតឡើង​នៅក្នុង​អគារសិក្សា​មួយ​នៅ​មូលដ្ឋាន Naval Air Station Pensacola ក្នុង​រដ្ឋ Florida ដោយបាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​៨​នាក់​រងរបួស​។​

អភិបាលរដ្ឋ Florida លោក Ron DeSantis បាន​និយាយថា អ្នកបាញ់​ប្រហារ​គឺ​មកពី​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ដែលមាន​សញ្ជាតិ​ដូចគ្នា​ទៅនឹង​បុរស​ចំនួន​១៥​នាក់​ក្នុងចំណោម​បុរស​ទាំង​១៩​នាក់​ដែល​បាន​ចូលរួម​ក្នុងការ​វាយប្រហារ​ថ្ងៃទី​១១​ខែកញ្ញា​។​

លោក DeSantis បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា “​ច្បាស់​ណាស់​នឹងមាន​សំណួរ​ជាច្រើន​អំពី​បុគ្គល​ជា​ជនបរទេស​រូបនេះ​ដែល​ជា​ផ្នែក​មួយ​នៃ​កងទ័ពអាកាស​អារ៉ាប៊ីសាអ៊ូឌីត​ហើយ​បន្ទាប់មក​បានមក​ហ្វឹកហាត់​នៅលើ​ទឹកដី​របស់​យើង​”​។​

ស្របពេល​ជាមួយគ្នា​នោះ លោក​កា​ពី​ទែន Timothy Kinsella បាន​និយាយថា អ្នកបាញ់​ប្រហារ​ដែល​អាជ្ញាធរ​មិន​បញ្ចេញ​ឈ្មោះ​គឺជា​សិក្ខាកាម​អាកាសចរណ៍​ដែលជា​និស្សិត​ម្នាក់​ក្នុងចំណោម​និស្សិត​បរទេស​ពីរ​បី​រយ​នាក់​នៅឯ​មូលដ្ឋាន​នេះ​។​

ចំណែក​លោក David Morgan តម្រួត​តំបន់ Escambia បាន​និយាយថា ប៉ូលិស​បានទទួល​ការហៅ​ទូរស័ព្ទ​លើកដំបូង​អំពី​ការបាញ់ប្រហារ​នេះ​ភ្លាមៗ​មុន​ម៉ោង​៧:០០​ព្រឹក​។​ នៅ​ទីបំផុត អ្នក​ឆ្លើយតប​ម្នាក់​ក្នុងចំណោម​អ្នក​ឆ្លើយតប​ដំបូង​បានសម្លាប់​អ្នក​វាយប្រហារ​ដែលមាន​កាន់​កាំភ្លើងខ្លី​។​

គួរ​រម្លឹក​ឡើងវិញ​ថា កាលពី​ពីរ​ថ្ងៃមុន នាវិក​អាមេរិក​ម្នាក់​បាន​បាញ់សម្លាប់​មនុស្ស​២​នាក់​និង​បង្ក​របួស​ដល់​អ្នក​ទី​បី​នៅឯ​មូលដ្ឋាន​កងទ័ពជើងទឹក Pearl Harbor លើ​កោះ​ហា​វ៉ៃ​មុនពេល​សម្លាប់​ខ្លួនឯង​៕ AFP
​វណ្ណ​វណ្ណ​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114