ការ​បណ្តុះបណ្តាល​យោធា​អារ៉ាប៊ីសាអ៊ូឌីត​នៅ​សហរដ្ឋអាមេរិក​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​បន្ទាប់ពី​ការវាយប្រហារ​នៅ​មូលដ្ឋាន

សមាជិកសភា​សំខាន់ៗ​របស់​សហរដ្ឋអាមេរិក​បាន​អំពាវនាវ​កាលពី​ថ្ងៃអាទិត្យ​ឲ្យ​បញ្ឈប់​កម្មវិធី​បណ្តុះបណ្តាល​យោធា​អារ៉ាប៊ីសាអ៊ូឌីត​បន្ទាប់ពី​មានការ​បាញ់ប្រហារ​ដ៏​សាហាវ​មួយ​នៅឯ​មូលដ្ឋាន​កងទ័ពជើងទឹក​ក្នុង​រដ្ឋ Florida ដែល​ក្នុងនោះ​មន្ត្រី​អារ៉ាប៊ីសាអ៊ូឌីត​ម្នាក់​បាន​សម្លាប់​នាវិក​អាមេរិក​ចំនួន​៣​នាក់​។​

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក​លោក Mark Esper បាន​និយាយថា លោក​បាន​បញ្ជា​ឲ្យ​មានការ​ពិនិត្យឡើងវិញ​នូវ​នីតិវិធី​ត្រួតពិនិត្យ​ប៉ុន្តែ​បានការ​ពារ​កម្មវិធី​ប​ណ្តុះ​បណ្តាល​ដែល​បាន​នាំ​លោក Mohammed Alshamrani មកកាន់​មូលដ្ឋាន Pensacola Naval Air Station​។​

លោក Alshamrani អាយុ​២១​ឆ្នាំ​ដែលជា​អនុសេនីយឯក​ទី​២​នៃ​កងទ័ពអាកាស​អារ៉ាប៊ីសាអ៊ូឌីត​បាន​បើក​ការបាញ់ប្រហារ​ក្នុង​ថ្នាក់រៀន​កាលពី​ថ្ងៃ​សុក្រ​ដោយបាន​សម្លាប់​នាវិក​៣​នាក់​និង​ធ្វើ​ឲ្យ​មនុស្ស​៨​នាក់​ផ្សេងទៀត​រងរបួស​មុនពេល​ត្រូវបាន​បាញ់សម្លាប់​ដោយ​ប៉ូលិស​។​

លោក Alshamrani ដែល​ប្រដាប់​ដោយ​កាំភ្លើង Glock ៩​មិល្លីម៉ែត្រ​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​បង្ហោះ​កំណត់​មួយ​នៅលើ​បណ្តាញ​សង្គម Twitter មុន​ការបាញ់ប្រហារ​ដោយ​ថ្កោលទោស​អាមេរិក​ថា​ជា “​ប្រទេស​បិសាច​”​។​ FBI បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ពួកគេ​កំពុង​ស៊ើបអង្កេត​ជាមួយនឹង​ការ​សន្មត​ថា វា​ជា​អំពើ​ភេរវកម្ម​ប៉ុន្តែ​មិនទាន់​ហ៊ាន​ធ្វើការ​សម្រេចចិត្ត​ចុងក្រោយ​នៅឡើយ​ទេ​។​

ទោះបីជា​យ៉ាងណាក៏ដោយ ទីប្រឹក្សា​សន្តិសុខ​ជាតិ​សេត​វិមាន​លោក Robert O’Brien បាន​និយាយថា “​ចំពោះ​ខ្ញុំ វា​ហាក់ដូចជា​ការវាយប្រហា​រ​ភេរវកម្ម​”​។​

លោក O’Brien បាន​បន្ថែម​នៅលើ​កម្មវិធី Face the Nation របស់​ទូរទស្សន៍ CBS ថា “​យើង​នឹង​ឃើញ​អ្វីដែល​ការស៊ើបអង្កេត​របស់ FBI បង្ហាញ​”​។​

ស្របពេល​ជាមួយគ្នា​នោះ ភ្នាក់ងារ​ទទួលបន្ទុក​ពិសេស​គឺ​លោកស្រី Rachel Rojas បាន​ប្រាប់​សន្និសីទកាសែត​មួយ​ថា “​គោលដៅ​ចម្បង​របស់ FBI គឺ​ដើម្បី​បញ្ជាក់ថា​តើ​លោក Alshamrani បានធ្វើ​សកម្មភាព​តែម្នាក់ឯង​ឬ​គាត់​ជា​ផ្នែក​មួយ​នៃ​បណ្តាញ​ធំ​ជាង​នេះ​”៕ AFP
​វណ្ណ​វណ្ណ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114