តើ​អ្នក​គួរ​សន្សំ​ប្រាក់​ ឬ​វិនិយោគ​លើ​ប្រាក់​របស់​អ្នក?

អ្នក​តែងតែ​ឆ្ងល់​ថា ​តើ​គួរ​សន្សំ​ឬ​វិនិយោគ​លើ​ប្រាក់? ចម្លើយ​គឺ​អាស្រ័យ​លើ​គោលដៅ​និង​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នក។

ខាងក្រោម​នេះ ​គឺ​ការ​ណែនាំ ​ដែល​អាច​ជួយ​អ្នក​ឱ្យ​រក​វិធី​ ដើម្បី​កសាង​ការ​សន្សំសំចៃ​ និង​វិធី​ល្អ​បំផុត​ក្នុង​ការ​វិនិយោគ​លើ​ប្រាក់។

១. បង្កើត​មូលនិធិ​បន្ទាន់​ណា​មួយ

មូលនិធិ​បន្ទាន់​មាន​ន័យ​ថា ​ប្រសិន​បើ​មាន​ហានិភ័យ​អ្វី​ដែល​យើង​ស្មាន​មិន​ដល់ ​មូលនិធិ​នេះ​ ​អាចជួយ​បាន។ ជាទូទៅ​គឺ​ត្រូវ​ចំណាយ​ប្រាក់​ក្នុង​ការ​រស់នៅ​រយៈ​ពេល​បី​ខែ​ នៅ​ក្នុង​គណនី​សន្សំ​ ដែល​អាច​ចូល​បាន​ភ្លាមៗ។ នេះ​គួរ​រាប់​បញ្ចូល​ទាំង​ថ្លៃឈ្នួលផ្ទះ អាហារ​ ថ្លៃ​សាលា ​និង​ការ​ចំណាយ​សំខាន់ៗ​ផ្សេងទៀត។

២. រក្សា​ការ​សន្សំ

បើ​អ្នក​មាន​មូលនិធិ​បន្ទាន់ ​វា​ជា​ការ​ប្រសើរ​ណាស់​ ដែល​អាច​សន្សំ​បាន​យ៉ាង​ហោច​ណាស់ ១០% នៃ​ប្រាក់​ចំណូល​របស់​អ្នក​ ក្នុង​មួយ​ខែ ឬ​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន។

កំណត់​គោលដៅ​សន្សំ​ ហើយ​ទុក​ឱ្យ​ល្មម​ដើម្បី​ទិញ​អ្វី​ដែល​អ្នក​ចង់​បាន។ វា​អាច​ជា​ប្រាក់​កក់​ផ្ទះ​ ពិធី​មង្គលការ​ ឬ​ដំណើរ​កម្សាន្ត។

៣. ដឹង​ថា​ពេលណា​មិន​គួរ​សន្សំ

ពេលវេលា​តែ​មួយ​គត់​ដែល​អ្នក​មិន​គួរ​សន្សំ​ ឬ​វិនិយោគ ​គឺ​ប្រសិន​បើ​មាន​របស់​សំខាន់ៗ​ ដែល​អ្នក​ត្រូវ​ធ្វើ​ជាមួយ​លុយ​របស់​អ្នក។ ឧទាហរណ៍ ​បើ​អ្នក​កំពុង​តែ​ជាប់​បំណុល​ជាមួយ​គេ​ កុំ​ទាន់​អាល​សន្សំ​ឲ្យ​សោះ។

៤. តើ​អ្នក​ត្រៀម​ខ្លួន​ដើម្បី​វិនិយោគ​ហើយ​ឬ​នៅ?

វា​អាស្រ័យ​លើ​គោលដៅ​របស់​អ្នក ជា​ពិសេស​ប្រសិន​បើ​រយៈ​ពេល​វែង ​ខ្លី ​ឬ​រយៈ​ពេល​មធ្យម។ ទោះ​យ៉ាងណា​ មុន​ពេល​អ្នក​ចង់​វិនិយោគ​លើ​ប្រាក់ ​អ្នក​ក៏​ត្រូវ​ស្វែង​យល់​ពី​គោលដៅ​នៃ រយៈពេល​នីមួយៗ​របស់​វា​ផង​ដែរ។

– គោលដៅ​រយៈពេល​ខ្លី គឺ​ជា​អ្វី​ដែល​អ្នក​គ្រោង​នឹង​ធ្វើ​ក្នុង​រយៈពេល​ ៥ ឆ្នាំ​ខាងមុខ។ ច្បាប់​ទូទៅ​គឺ​ត្រូវ​សន្សំ​ទៅ​ក្នុង​ប្រាក់​បញ្ញើ​ ដូចជា​គណនី​ធនាគារ។

ទីផ្សារ​ភាគហ៊ុន​អាច​នឹង​កើន​ឡើង ​ឬ​ធ្លាក់​ចុះ ​ក្នុង​រយៈពេល​ខ្លី​ ​បើ​អ្នក​វិនិយោគ​តិច​ជាង ៥ ឆ្នាំ​ អ្នក​នឹង​ខាតបង់។

– គោលដៅ​រយៈពេល​មធ្យម គឺ​ជា​រឿង​ដែល​អ្នក​គ្រោង​នឹង​ធ្វើ​ក្នុង​រយៈ​ពេល ៥ ទៅ១០ ឆ្នាំ​ខាង​មុខ។ ដូចជា​បញ្ញើ​សាច់ប្រាក់​ ពេល​ខ្លះ​អាច​ជា​ចម្លើយ​ដ៏​ល្អ​បំផុត ​ប៉ុន្តែ​វា​អាស្រ័យ​លើ​ហានិភ័យ​ដែល​អ្នក​សុខចិត្ត​ចំណាយ​ប្រាក់​របស់​អ្នក​ ដើម្បី​ទទួល​បាន​ផល​ចំណេញ​មក​វិញ ​ពី​ការ​វិនិយោគ។

– គោលដៅ​រយៈពេល​វែង ជា​គោលដៅ​ដែល​អ្នក​មិន​ត្រូវ​ការ​ប្រាក់ ​សម្រាប់ ​១០ ឆ្នាំ ​ឬ​ច្រើន​ជាង​នេះ​ឡើយ។

ដូចគ្នា​នេះដែរ ទីផ្សារ​ភាគហ៊ុន​មាន​និន្នាការ​ ធ្វើ​បាន​ល្អ​ជាង​សាច់​ប្រាក់ ​ក្នុង​រយៈ​ពេល​វែង ​ដែល​ផ្ដល់​ឱកាស​សម្រាប់​ប្រាក់​ចំណេញ​កាន់​តែ​ច្រើន​ លើ​ប្រាក់​ដែល​បាន​វិនិយោគ​ក្នុង​រយៈ​ពេល​ណា​មួយ។

អ្នក​អាច​បន្ថយ​កម្រិត​ហានិភ័យ ​ដែល​អ្នក​មាន ​នៅ​ពេល​អ្នក​វិនិយោគ​ ដោយ​ការ​ផ្សព្វផ្សាយ​ប្រាក់​របស់​អ្នក ​ឆ្លង​កាត់​ប្រភេទ​នៃ​ការ​វិនិយោគ​ផ្សេងៗ​គ្នា៕

ចុចអាន៖គន្លឹះ ៦ យ៉ាង​ដើម្បី​ក្លាយ​ជា​អ្នក​ដឹកនាំល្អ​នៅ​កន្លែង​ធ្វើការ ​ប្រកបដោយ​ជោគជ័យ

ចុចអាន៖មុនចាប់ផ្ដើមអាជីវកម្មត្រូវដឹងចំណុចខ្លាំង ៣ យ៉ាងនេះសិន

ប្រែសម្រួល ៖ សាង ស្រីល័ក្ខ