អត្ថាធិប្បាយ៖ ៤០ថ្ងៃដែលកូរ៉ូណាអង្រួនពិភពលោក
BREAKING NEWS
Search

អត្ថាធិប្បាយ៖ ៤០ថ្ងៃដែលកូរ៉ូណាអង្រួនពិភពលោក

ទីក្រុងវូហានជាទីក្រុងមួយដែលមានប្រជាជនសរុបប្រមាណជា ១១ លាននាក់ នៅក្នុងខេត្តហ៊ូប៉ី ដែលដើម​ឡើយ​ជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់មួយរបស់ប្រទេសនេះជាហេតុបណ្តាលឱ្យការរាលដាលកើនឡើងរហ័សស្មានមិនដល់។

ជំងឺរលាកសួតប្រភេទថ្មី ដែល​គេ​រកឃើញរោគសញ្ញាដំបូងៗ មាន​ដូចជាគ្រុនក្តៅ ក្អកនិងពិបាកដកដង្ហើមត្រូវបាន​ហៅថា វីរុសកូរ៉ូណាវីថ្មី 2019-nCoV ផ្សារភ្ជាប់ទៅនឹងរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ (SARS) ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិនពីដំបូងឡើយបានរាយការណ៍ថា មូលហេតុនៃជំងឺនេះនៅតែមិនទាន់ច្បាស់ ខណៈដែលអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ខ្លួនត្រូវបានគេជូនដំណឹងថាវាជា​ ចង្កោមនៃករណីជំងឺរលាកសួត និងមិនស្គាល់មូលហេតុ។

មកដល់ឥឡូវ វីរុសនេះហាក់ មិនត្រូវគ្នានឹងវីរុសដែលគេធ្លាប់​បានស្គាល់នោះសោះ ម្ល៉ោះហើយធ្វើឱ្យមានការព្រួយបារម្ភជាទូទៅ អំពីរបៀបដែលឆ្លងរាលដាលនិងបង្ការ​ការពារ។

ខ្ញុំសូមសង្ខេបត្រួសៗ អំពីរយៈពេល៤០ថ្ងៃ​នៃវត្តមាន​វិរុសរាលដាលមួយនេះទុកជាការពិចារណានិងអ្នកសារព័ត៌មាននានាអាច​កំណត់សាវតានៃ​អត្ថបទរបស់ខ្លួន​ជុំវិញវិរុសនេះ។

នៅថ្ងៃទី ១ ខែមករាឆ្នាំ ២០២០ ទីផ្សារលក់ដុំអាហារសមុទ្រហួណាននៅទីក្រុងវូហានត្រូវបានបិទស្ថិតក្រោមការស៊ើបអង្កេតបង្ហាញ​ថា ជាងមួយខែមុនរដ្ឋាភិបាលចិន​បានដឹងអំពី​ភាពមិនប្រក្រតី​នេះ។ ក្រោយមក វាបានលេច​ចេញមកទៀតថា ផ្សារលក់សាច់សត្វព្រៃដ៏កខ្វក់ខុសច្បាប់មួយអាចជាប្រភព។

យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP ផ្សារនោះដាក់លក់ រួមមានទាំងសាច់សពឆ្កែចចក ហ៊ីង ក្រពើ ត្រី salamanders ពស់ ​បង្គួយ និងក្ងោកដែល​សរុបមាន​សាច់សត្វកម្រ ១១២មុខផ្សេងៗគ្នាត្រូវ​បានរកឃើញ ។

នៅថ្ងៃ​ទី​ ខែ ៧ មករាអាជ្ញាធរចិនបញ្ជាក់ថា​ពួកគេបានកំណត់អត្តសញ្ញាណវីរុស2019-nCoV បាន​តែ​ប្រភពមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែភាគច្រើនទំនងជាមកពីសាច់​សត្វ។

ថ្ងៃទី ៩ មករា ការស្លាប់ដំបូងទាក់ទងនឹងមេរោគឆ្លងថ្មីនេះ​លេចចេញ មរណភាពទី ១ នៃ​បុរសអាយុ ៦១ ឆ្នាំមកពីទីក្រុង Wuhan មានជំងឺរលាកសួត តែ​ទោះយ៉ាងណា ករណីនេះមិនត្រូវបានរាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនទេរហូតដល់ពីរថ្ងៃក្រោយមក។

នៅថ្ងៃទី១២​មករា អ្នកវិទ្យាសាស្ត្រជុំវិញពិភពលោក បាន​ខំប្រឹងស្វែងយល់ពីវីរុសនេះដោយ​ប្រទេសចិនបាន​ចែករំលែកលំដាប់ហ្សែននៃមេរោគឆ្លងសម្រាប់ប្រទេសនានាយកទៅប្រើប្រាស់ក្នុងការបង្កើតឧបករណ៍ធ្វើរោគវិនិច្ឆ័យជាក់លាក់។ ពេលអ្នកស្រាវជ្រាវនិងអ្នកវិទ្យាសាស្ត្រ កំពុងប្រមូលទិន្នន័យ​អង្គការសុខភាពពិភពលោកនិយាយថា“ មិនមានភ័ស្តុតាងច្បាស់លាស់ដែលថាវីរុសឆ្លងពីមនុស្សទៅមនុស្សនៅឡើយទេ” ។
មកដល់ ថ្ងៃទី ១៣ ខែមករា ការផ្ទុះឡើងបានរាលដាលដល់ក្រៅប្រទេសចិនជាលើកដំបូងបានបញ្ជាក់ក្នុងប្រទេសថៃ។ អ

ថ្ងៃទី ១៥ ខែមករា
វីរុសនេះរាលដាលដល់ប្រទេសជប៉ុនហើយ​តួរលេខស្លាប់ ពីវីរុសនេះត្រូវបានបញ្ជាក់លើបុរសអាយុ ៦៩ ឆ្នាំ។ ពេលនោះ​ហើយ​ដែល​គណៈកម្មការសុខភាពវូហាន បង្ហាញថា វា​មានលទ្ធភាពនៃការឆ្លងពីមនុស្សទៅមនុស្ស។
ថ្ងៃច័ន្ទទី ២០ ខែមករា វា​បានវាយលុកប្រទេសកូរ៉េខាងត្បូង អាមេរិកនិងតៃវ៉ាន់ស្របពេល ការឆ្លងពីមនុស្សទៅមនុស្សត្រូវបានបញ្ជាក់។ អាជ្ញាធរចិនព្រមបញ្ជាក់ថា វីរុសនេះអាចឆ្លងពីមនុស្សទៅមនុស្សដោយសារតែវា​បាន រាលដាលដល់ទីក្រុងជាច្រើនទៀតទៅហើយ នៅទូទាំងប្រទេសចិននិងជុំវិញពិភពលោក។

ប្រធានាធិបតីចិនលោកស៊ីជីនពីងបាននិយាយថាការទប់ស្កាត់ការផ្ទុះឡើងនិងការជួយសង្គ្រោះជីវិតមនុស្សគឺជាអាទិភាពកំពូល។ ករណីថ្មីៗត្រូវបានបញ្ជាក់កំណើនជារៀងរាល់ថ្ងៃ នៅក្នុងទីក្រុងប៉េកាំងនិងស៊ាងហៃក៏ដូចជានៅខេត្តក្វាងទុង។ រដ្ឋភិបាល អូស្រ្តាលីបង្កើនការរឹតបន្តឹង​តាម​ប្រលានយន្តហោះលើបណ្តា​អ្នកដំណើរដែលមកពីប្រទេសចិន។

អ្នករស់នៅក្នុងទីក្រុងវូហាន បានជាប់នៅក្នុងទីក្រុងដែលចាក់សោរ ចេញមិនបានចូលមិនកើត ហើយមាន​ការភ័យខ្លាចក្នុងការចាកចេញពីផ្ទះដោយប្រៀបធៀបការរស់ទៅនឹង​ខ្សែភាពយន្តភ័យរន្ធត់។
ថ្ងៃទី ២២ ខែមករា ចំនួនអ្នកស្លាប់កើនដល់ ១៧ នាក់ដែលជាកំនើនជិតទ្វេដងស្របពេលករណីឆ្លង​ឡើងដល់៤៤០ ករណី។ វីរុសនេះ បាន​រាលដាលដល់ហុងកុងនិងម៉ាកាវ ខណៈដែលកូរ៉េខាងជើងបិទព្រំដែនរបស់គេទំាងស្រុង។
ថ្ងៃទី ២៣ ខែមករា
វូហានបានឯកោ ពី​ជើងហោះហើរនិងរថភ្លើង​នានាទំាងស្រុង។ ​រាល់ការដឹកជញ្ជូនសាធារណៈត្រូវបានបញ្ឈប់។ ក្រោយមកថែមទំាង​មាន​ការហាមឃាត់ការធ្វើដំណើរដោយ​រថយន្តឯកជនទៀត។ អាជ្ញាធរសុខាភិបាលនៅទីក្រុងហឺប៉ី ភាគ​ខាងត្បូងទីក្រុងប៉េកាំងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បុរសអាយុ ៨០ ឆ្នាំម្នាក់ដែលឆ្លងវីរុសកូរ៉ូណា បានស្លាប់ហើយ វាជា​ការស្លាប់ដំបូងនៅខាងក្រៅខេត្ត​ហ៊ូប៉ីដែលមាន​ទីក្រុង​ធំឈ្មោះវូហាន។ ការភ័យខ្លាចបានគំហុក កើនឡើងនៅពេលថ្ងៃបុណ្យចូលឆ្នាំចិនខិតជិតមកដល់។ ថ្ងៃឈប់សម្រាកប្រចាំឆ្នាំដែល​ពលរដ្ឋ ចិនរាប់រយលាននាក់និយម​វិលមក​លេងគ្រួសារកាន់តែ​ឱ្យមានការព្រួយបារម្ភថា វីរុសអាចរាលដាលយ៉ាងឆាប់រហ័ស។ថ្ងៃទី ២៤ ខែមករា
វីរុសកូរ៉ូណា នរាលដាលដល់អឺរ៉ុបជាលើកដំបូង។  ប្រទេសបារាំង​បញ្ជាក់ពីករណីចំនួន ៣ នាក់ដំបូងរដែល​ពីរនាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅទីក្រុងប៉ារីសនិងម្នាក់ទៀតនៅ Bordeaux ។

ថ្ងៃទី ២៥ ខែមករា

អូស្ត្រាលីបញ្ជាក់ពីករណីឆ្លងវីរុសនេះដំបូងគេ លើ ជនជាតិចិនដែលបានហោះចូលទីក្រុងមែលប៊នតាមជើងហោះហើរ​ពីក្វាងចូវ។ ទីក្រុងហុងកុងប្រកាសពីភាពអាសន្នដែលជាកំរិតប្រកាសអាសន្នខ្ពស់បំផុត។ ប្រទេសចិនបានប្រកាសថាខ្លួនកំពុងសាងសង់មន្ទីរពេទ្យមួយដែលមានគ្រែ ១០០០ យ៉ាងរហ័សសម្រាប់អ្នកជំងឺដែលមានជំងឺឆ្លង។

ថ្ងៃទី ២៦ ខែមករា
កុមារអូស្រ្តាលីជាង ១០០ នាក់កំពុងជាប់នៅក្នុងវូហាន់ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃវីរុសនេះ។ រដ្ឋមន្រ្តីក្រសួងការបរទេសលោកស្រី Marise Payne ជុំរុញឱ្យ អូស្រ្តាលីកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរចិនដើម្បីនាំពួកគេចេញមកវិញឱ្យខាងតែបាន។ ជាមួយ​នោះ ប្រទេសកាណាដាប្រកាសអំពីករណី“ សន្មតជាមុន” របស់ខ្លួនលើកដំបូងនិងលើកទី ២ នៅថ្ងៃបន្ទាប់។ គ្រានោះហើយ​ដែល​អ្នកជំនាញផ្នែកសុខភាពបានព្រមានថា វីរុសនេះអាចឆ្លងក្នុងរយៈពេលភ្ញាស់ (រហូតដល់ ១៤ ថ្ងៃ) មុនពេលអ្នកជំងឺចាប់ផ្តើមបង្ហាញរោគសញ្ញា។

ថ្ងៃទី ២៧ ខែមករា
ទីក្រុងប៉េកាំងប្រទេសចិនរាយការណ៍ពីការស្លាប់ដំបូងរបស់ខ្លួនដោយចំនួនអ្នកស្លាប់កើនឡើងដល់ ៨១ នាក់។ មនុស្សជាង ២.៧៥០ នាក់បានឆ្លងជំងឺនេះនៅទូទាំងពិភពលោក។ ប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសចិនបានបង្ហាញថាមានអ្នកជំងឺចំនួន ៥១ នាក់ដែលត្រូវបានព្យាបាលនិងចេញពីមន្ទីរពេទ្យ។

ថ្ងៃទី ២៨ ខែ​មករា

ប្រទេសអាឡឺម៉ង់បញ្ជាក់ពីករណីដំបូងរបស់ខ្លួន ដែល​បុរសម្នាក់បានឆ្លងវីរុសពីមិត្តរួមការងារនៅប្រទេសចិន។ វាជាករណីដំបូងនៃការចម្លងវីរុសពីមនុស្សទៅមនុស្សនៅអឺរ៉ុប។
ថ្ងៃទី ២៩ ខែមករា
នាយករដ្ឋមន្រ្តីស្កុតម៉ូរីសុនប្រកាសថារដ្ឋាភិបាលអូស្ត្រាលីនឹងព្យាយាមជម្លៀសប្រជាជនអូស្រ្តាលីដែលនៅដាច់ស្រយាលនិងងាយរងគ្រោះដែលជាប់នៅក្នុងប្រទេសចិនដោយសារតែការឆ្លងវីរុសនេះ។

ថ្ងៃទី ២៩ ខែមករា
នាយករដ្ឋមន្រ្តីស្កុតម៉ូរីសុនប្រកាសថារដ្ឋាភិបាលអូស្ត្រាលីនឹងព្យាយាមជម្លៀសប្រជាជនអូស្រ្តាលីទំាង​អស់ចេញពីក្នុងប្រទេសចិន។

ថ្ងៃទី ៣០ ខែមករា

វីរុសនេះរាលដាលដល់មជ្ឈឹមបូព៌ាជាលើកដំបូងដោយមានករណីរកឃើញនៅប្រទេសអារ៉ាប់រួម។ បន្ទាប់មកឥណ្ឌាក៏ព្រម​បញ្ជាក់ពីករណីដំបូងដែរ។

ថ្ងៃទី ៣១ ខែមករា
អង្គការសុខភាពពិភពលោកប្រកាសដាក់ វីរុសថ្មីនេះប្រកាសអាសន្ន។ ក្លាយជា​ករណីទី ៦ដែលភាពអាសន្នជាអន្តរជាតិត្រូវបានប្រកាសចេញ។

ថ្ងៃទី ១ ខែកុម្ភៈ

ក្នុងពេលជាមួយគ្នានេះដែរការស្លាប់ដោយវីរុសវីរុសដំបូងគេនៅក្រៅប្រទេសចិនត្រូវបានគេរាយការណ៍នៅក្នុងប្រទេសហ្វីលីពីន។ អ្នករងគ្រោះ​ជាបុរស​អាយុ ៤៤ ឆ្នាំមកពីទីក្រុង Wuhan ។

ថ្ងៃទី ២ ខែកុម្ភៈ

មន្ទីរពេទ្យដំបូងក្នុងចំនោមមន្ទីរពេទ្យបន្ទាន់ចំនួនពីរនៅចិន ត្រូវបានសាងសង់ឡើងដើម្បីព្យាបាលអ្នកជំងឺដែលមានផ្ទុកមេរោគឆ្លង។ មន្ទីរពេទ្យ នេះមាន ១០០០ គ្រែត្រូវបានធ្វើឡើង​ក្នុងពេលតែ ១០ ថ្ងៃប៉ុណ្ណោះ។ អ្នកស្លាប់ចំនួន ៣០៤ នាក់និង ១៤.០០០ ករណី។

ថ្ងៃទី ៣ ខែកុម្ភៈ
អូស្ត្រាលី បាន​ជម្លៀសអ្នកមកពីចិន ចេញពីយន្តហោះមកពីទីក្រុងវូហានឡើង​កោះគ្រីស្មាស ដឹកទៅនៅផ្តុំគ្នា កន្លែងពិសេសក្នុងមជ្ឈមណ្ឌលឃុំឃាំងជនអន្តោប្រវេសន៍ដែលគ្មានមនុស្សរស់នៅ។ អ្នកដំណើរសរុប ២៤៣ នាក់ត្រូវបង្ខំ​ឱ្យស្នាក់នៅទីនោះរយៈពេល ១៤ ថ្ងៃ។ មាន​ទារកជាច្រើនស្ថិតក្នុងក្រុមមនេះ ហើយជនជម្លៀសនោះមាន​ចំនួន ៨៩ នាក់ដែល​មានអាយុក្រោម ១៦ ឆ្នាំ។ ពួកគេ​បាន​ត្អូញត្អែរអំពីបទដ្ឋានអនាម័យកោះនោះ និយាយថាពួកគេមានការព្រួយបារម្ភអំពីការឆ្លងវីរុសពីមនុស្សផ្សេងទៀតទោះ​រស់នៅ​ក្នុងតំបន់ដាច់ឆ្ងាយនេះក្តី។

ថ្ងៃទី ៤ ខែកុម្ភៈ
ហុងកុងរាយការណ៍ពីការស្លាប់ដំបូងរបស់ខ្លួន​ក្លាយជាស្លាប់លើកទី ២ ដែលបានកត់ត្រានៅខាងក្រៅប្រទេស​ចិន។

ថ្ងៃទី ៥ ខែកុម្ភៈ
មានការបញ្ជាក់ថាជនជាតិអូស្រ្តាលី ២ នាក់ស្ថិតក្នុងចំណោមអ្នកដំណើរជិះទូក ១០ នាក់នៅប្រទេសជប៉ុនដែលឆ្លងវីរុសនេះ។ គ្រានោះ ដែរ វេជ្ជបណ្ឌិតចិនបាននិយាយថា ស្ត្រីមានផ្ទៃពោះដែលឆ្លងវីរុសនេះអាចឆ្លងទៅកូនដែលមិនទាន់កើតរបស់ពួកគេបាន។ប
ថ្ងៃទី ៦ ខែកុម្ភៈ
មន្ត្រីសុខាភិបាលបានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារការផ្ទុះឡើងនៃវីរុសនេះបានកើនឡើងជាង ៥០០ នាក់ខណៈប្តីប្រពន្ធមួយគូនៅទីក្រុងមែលប៊ន មានការភ័យខ្លាចយ៉ាងខ្លាំងព្រោះកូនស្រីអាយុ ២ ឆ្នាំរបស់ពួកគេជាប់នៅទីក្រុង Wuhan ជាមួយជីដូនជីតាជនជាតិចិន។

ថ្ងៃទី ៧ ខែកុម្ភៈ
លោក Li Wenliang អ្នកជំនាញផ្នែករោគភ្នែកចិនដែលបាន​ផ្លុំកញ្ចែប្រាប់តាំងពីដំបូង អំពីការផ្ទុះឡើងនៃវីរុសនេះហើយដែល​ត្រូវបាន​អជ្ញាធរ​ពេបជ្រាយនោះ លោកបានស្លាប់នៅទីក្រុង Wuhan ។ មរណភាពរបស់បណ្ឌិតលីបានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំង និងការសោកសៅជុំវិញ​លោកនេះ ចំពោះអសមត្ថភាព​នៃ​អាជ្ញាធរចិនក្នុងការដោះស្រាយការរាតត្បាតបន្ទាន់និងមិនស្តាប់អ្នកប្រាជ្ញខ្លួន។

ប្រទេសចិន ត្រូវបានគេបន្ទោស​ពីបទមើលងាយដល់សក្តានុពលធ្ងន់ធ្ងរនៃជំងឺផ្លូវដង្ហើម នៅដំណាក់កាលដំបូង ដែលជាបច្ច័យ នាំ​មកដល់​វិបត្តិរាលដាលកាន់តែធ្ងន់ធ្ងរមួយនេះ​។

បច្ចបុ្បន្នភាព​ចុងក្រោយ​នេះ គឺជាពេលដែលអាជ្ញាធរចិននិយាយថា ករណីដំបូងនៃវីរុសអាថ៌កំបាំងត្រូវបានគេកំណត់អត្តសញ្ញាណនៅអ៊ូហាន ទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មាន​នោះចេញឡើង រយៈពេលប៉ុន្មានពីរបីសប្តាហ៍មុនពេលពួកគេព្រម​ផ្សព្វផ្សាយវា​ជាសាធារណៈ។

ថ្ងៃទី ៨ ខែកុម្ភៈ
ការស្លាប់ដំបូងនៃជនបរទេសនៅក្នុងប្រទេសចិនត្រូវបានប្រកាស។ ពលរដ្ឋអាមេរិកអាយុ ៦០ ឆ្នាំម្នាក់បានបញ្ជាក់ថាស្លាប់ដោយ វីរុសថ្មីនេះនៅទីក្រុងវូហាន ។

ថ្ងៃទី ៩ ខែកុម្ភៈម្សិលមិញ
ការហោះហើរជម្លៀសជាលើកទីបីចេញពីទឹកដីវូហានទៅក្រុង​ដាវីនអូស្ត្រាលីបានធ្វើឡើង  ដែលមានមនុស្ស ជិះ​២៦៦ នាក់ ពួកគេ​ត្រូវចំណាយពេល ១៤ ថ្ងៃក្នុងការ ដាក់ឲ្យ នៅដាច់ឆ្ងាយដាច់ពីគេសិន។ឮ

ថ្ងៃទី១០ ខែកុម្ភៈ

ចំនួនអ្នកស្លាប់ដោយសារមេរោគឆ្លងវីរុសកូរ៉ូណាថ្មីបានកើនលើសជំងឺ SARS ហើយ បន្ទាប់ពីអាជ្ញាធរសុខាភិបាលចិនបានរាយការណ៍ថាមានអ្នកស្លាប់ចំនួន ៩៧ នាក់បន្ថែមទៀតកាលពីថ្ងៃអាទិត្យ ដែលជាថ្ងៃមានអ្នកស្លាប់បំផុតចាប់តាំងពីផ្ទុះវីរុសនេះមក។

សាយ ពេជ្រ