វិភាគ៖ បើឱ្យសាលារៀនបិទ ម្តាយ​នៅផ្ទះមើលកូន សេដ្ឋកិច្ច​កាន់តែបញ្ហា?

សាយ ពេជ្រ ថ្ងៃចន្ទ​ទី១៦ ម៉ោង​១១និង០៧ព្រឹក

យប់មិញ​ខ្ញុំ​អង្គុយមើល​កម្មវិធី ទូរទស្សន៍ABC ។ វេជ្ជបណ្ឌិត​ល្បីនៅស៊ីដនី លោក ណរមេន​ស្វាន់ សម្របសម្រួល​ការជជែកវែកញែកហាក់ចម្រូងចម្រាស់គួរសម​អំពីប្រធានបទថា តើសាលារៀនគួរបិទទ្វារឬទេ ។

នោះជាកម្មវិធីដ៏ទាក់ចិត្តមួយ ហើយ​ខ្ញុំចំហរមាត់នៅពេលស្តាប់ឮភាព​សមហេតុផល នៃមតិផ្ទុយគ្នាលើកឡើងយ៉ាងផុលផុស។

ខ្ញុំចង់ឱ្យពលរដ្ឋកម្ពុជាយើង ​ដាក់ការ​ពិចារណា​នឹងនរធំជាងការ​ប្រើអារម្មណ៍កាត់សេចក្តី

ខ្ញុំរៀនបានច្រើនឡើងៗ រាល់​​ពេលចំណាយស្តាប់កម្មវិធីតុមូលនៅបរទេស។ ជៀសវាងពី​អារម្មណ៍បន្ទោសបង្អាប់ឬកាន់ជើងជ្រុល ដែល​កើតមាន​ញឹកញាប់ក្នុងប្រទេសយើង ខ្ញុំពេញចិត្ត​ការជជែក​នៅអូស្ត្រាលី។ ខ្ញុំសូមលើកយកមកជម្រាបត្រួសៗខ្លីៗ។

ក្រុមទីមួយ​ដែលជំទាស់មិនឱ្យបិទសាលា​បាន លើកឡើងថា ទីមួយ​ហានីភ័យ​នឹងប៉ះពាល់ដល់សេដ្ឋកិច្ចសង្គមក្នុងទ្រង់ទ្រាយ​ធំ គួរសម។

ខណៈពេលអ្នកម្តាយ ដែលធ្វើការក្នុងវិស័យសុខាភិបាល និងពាណិជ្ជកម្ម នឹងត្រូវជាប់នៅផ្ទះជាមួយកូនៗ រាប់ខែ ប្រសិន​អ្នកជាសហគ្រិន អ្នកនឹង​គណនា​ឃើញ​ទំហំមហន្តរាយនៃកំហាតបង់។

អ្នកជំទាស់បានអំពាវនាវ ឱ្យពួកអ្នកស្លន់ស្លោក្រឡេកមើលសឹង្ហបុរី តៃវ៉ាន់និង ហុងកុងដែលទទួលបាន​ជោគជ័យក្នុងការគ្រប់គ្រងជំងឺរាតត្បាតនេះ ទំាងមិនចាំបាច់បិទសាលា។

ទោះបីយ៉ាងណា ទិន្នន័យនិងហេតុផល​នេះត្រូវបានជំទាស់។ មនុស្ស​ដែល​គំាទ្រការបិទសាលានិងស្ថាប័នរដ្ឋ បានលើកឡើងថា សាលារៀនចិន បានឈប់សម្រាកតំាងពី​ចូលឆ្នាំសាកល​អូសបន្លាយដល់ពិធីបុណ្យចូលឆ្នាំចិនក៏នៅតែរាត្បាត ដូច្នេះវាពិតជាមាន​អត្ថប្រយោជន៍ក្នុងការ​បិទសាលារៀន ជាជាងប្រថុយ។

ក្រុមទីពីរ​លើកឡើងថា ពិភពលោក​យឺតយ៉ាវ​ពេក ក្នុងការហាមឃាត់ការជួបជុំធំ ៗ ដោយសារគិតរឿងលុយ

ពួកគេ​អះអាងថា គេមិនបានស្លន់ទេ​ ប៉ុន្តែ​គេមិនចង់ប្រថុយ​ផ្សងព្រេង នឹងការបន្តស្លាប់ ហើយថា ដំណោះស្រាយចំបង​និង​បន្ទាន់​គឺត្រូវបិទសាលារៀន ផ្សារផ្សោ ទីប្រជុំ ព្រឹត្តិការណ៍កីឡា សិល្បៈ​រោងកុន។ ពួកគេទុកថា បើមនុស្ស​មិននៅ តើសេដ្ឋកិច្ចនៅម្តេចបាន?

ពួកគេ​មិនជឿ​ថាសាលា​អាចគ្រប់គ្រងបានល្អជាងនៅផ្ទះទេ

ឪពុកម្តាយជាច្រើនមានការព្រួយបារម្ភ ដោយសារ​កូនពួកគេនៅតូចៗតើ​សាលាពិតជាអាចទទួលខុសត្រូវលើ់អនាម័យ និង​ការចម្លងបានពិតមែន? ដោយវិធីអ្វីខ្លះ?

ពួកគេ​គិតថា ប្រសិន​បើ រក្សាកូនៗនៅផ្ទះហានិភ័យនៃការចម្លង​លើកុមារគឺទាប។ ចំណែក​បើនៅរឹងទទឹង​ឱ្យពួកគេ​ទៅសាលា ពេល​ក្មេងៗរាលដាលឆ្លងវីរុសហើយ ពួកគេអាចចម្លងវាទៅម្តាយឳពុក គ្រូនិងអ្នកណាៗផ្សេងទៀតនៅក្នុងសហគមន៍បាន ពួកគេមិនពូកែការពារខ្លួន​ឡើយ។

អារម្មណ៍ពួកគេ​គឺ​ត្រូវតែបិទសាលា​រៀន​ទាំងអស់។ ប្រសិនបើការជួបជុំនៅតែមាន កិច្ចការពារនានា​នៅតែគ្មានប្រសិទ្ធិភាព​ទំាងអស់ មុននឹងក្រោយ​។​

តើការជួបជុំ​បែបណា​ដែលមិត្តអ្នកអានយល់ថាចាំបាច់? ចំណែកខ្ញុំ សាយពេជ្រ ខ្ញុំយល់ថា គ្រប់គ្នា​អាចជួបប្រជុំតាម​អនឡាញ ឬការពារ​ខ្លួន​ក្នុងទីប្រជុំដោយម៉ាស​ និង​លាងសំអាតជាមួយ​អាកុលជានិច្ច​ ប៉ុន្តែ​ចុះបណ្តាអ្នកដែលត្រូវ​រកស៊ី​នៅតាម​ផ្លូវ ទីប្រជុំជន​ជាប្រចាំ?

យុវវ័យ​នៅតែប្រព្រឹត្តិសកម្មភាព Lifestyle ព្រោះមិនអាចនៅមួយកន្លែងបាន

ឧទាហរណ៍នៅអាមេរិកនិងអូស្ត្រាលី គឺយុវវ័យនៅតែមិនអាចរស់នៅក្នុងសំបុកបានយូរឡើយ។ ពួកគេទទះស្លាប​ហើយ​ទុំនៅតាមហាងកាហ្វេ ក្លឹប និងទីប្រជុំនៃមនុស្ស​វ័យក្មេងនានា ជាមួយការមើលស្រាល ក្នុងស្រោម«សុទិដ្ឋិនិយម»។

ក្រោយមកពួកគេ​បានឆ្លង ហើយ​តួរលេខក៏​បោលឡើងយ៉ាងគំហុក រហូត​ដល់ពិភពលោក​ត្រូវប្រកាសអាសន្ន។

តើយុវវ័យកម្ពុជា​ត្រៀមលក្ខណៈរួចរាល់ក្នុងការ៖

១ ការពារខ្លួនឯង(ជោគជ័យ​ដំបូង)

២ ការពារ​សហគមន៍និងគ្រួសារមិត្តភក្តិនិងកម្ពុជា​ដោយ​ (ផ្តល់និង ចែករំលែកព័ត៌មាន​ពិត )

យើងត្រៀមឬនៅក្នុងការ​ផ្តាច់​ឆ្ងាយពីញាតិដែលឆ្លងរោគ

វាមិនមែន​ជាសំណួរ​ដែលត្រូវការ​ចម្លើយថា ព្រមឬមិនព្រមនោះទេ។ គ្រប់គ្នា ដែលធ្វើតេស្ត៍វិជ្ជមានចំពោះវីរុស Covid19 នឹង​ត្រូវបង្ខំ​ដាច់ឱ្យនៅដោយឡែក(ជាចាំំបាច់)។

ក្រុមអ្នកបារម្ភយល់ថា យ៉ាងហោច១៤ថ្ងៃ ដែលម្នាក់ៗគួរនៅឯកោ ប្រសិន​បើមានប្រវត្តិទើបធ្វើដំណើរ​មកពីប្រទេសដែលមានបញ្ហា ប៉ះពាល់អ្នកវិជ្ជមាននឹងមេរោគកូវីដ ឬ ធ្លាប់ស្នាក់នៅក្នុងបន្ទប់គេងឬធ្វើការ​រួមជាមួយអ្នកផ្ទុក។

កម្ពុជាយើងមិនទាន់មានចែងរឿងនេះនៅឡើយ ប៉ុន្តែការត្រៀមចាំបាច់ឬមិន ជា​សមត្ថភាពនៃការវិភាគ​របស់យើងខ្លួនឯងហើយវាជា «ឧត្តមគតិ»។

ទស្សនៈកម្ពុជាថ្មី

វាហាក់ដូចជា​មិនងាយស្រួលទេក្នុងការ​បង្កើតទស្សនៈដាច់អហង្ការមួយ​ក្នុងពេលវេលាបែបនេះ វាលើសពីលទ្ធភាពដែលមនុស្ស​ម្នាក់ឬពីរនាក់ អាចសម្រេចចិត្តបាន។

កត្តាសេដ្ឋកិច្ច​និងសង្គមត្រូវ​ដើរទន្ទឹមគ្នា។ យើង​ត្រូវការ​ ការវិភាគ​ជាមួយ​ទិន្នន័យ​ជ្រាលជ្រៅ​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ប្រសិន​យើងវាយតម្លៃអ្វីមួយ​ ដោយមិនមាន​ចំណេះ​ដឹងច្បាស់វិស័យនោះ​ ថែមទំាង​មិនមាន​តួរលេខព័ត៌មាន​ច្បាស់មកគាំទ្រ វាជាគ្រាន់តែជាការប្រើអារម្មណ៍មកគូសវាស។ នេះ​ជាគ្រោះថ្នាក់ដែលបណ្តាញសង្គម​យើងកំពុង​អនុវត្តជារៀង​រាល់ថ្ងៃ។

គ្មាន​អ្នកណាដែលចង់អោយមនុស្ស​ជាទីស្រលាញ់ ក្រុមគ្រួសារ មិត្ត​រួមការងារ​មានផ្ទុក Covid19ទេ​ហើយ​វាត្រូវការពេលហោចណាស់​១៤ថ្ងៃ ទម្រាំ​មើលដឹង។

យើងខ្លួនឯងក៏ដោយ ប្រសិនបើតេស្តវិជ្ជមាន យើងនឹង​​ត្រូវនៅឯកោ​រហូតដល់បាន​ជាសះស្បើយតាម​ការបញ្ជាក់ពីវេជ្ចសាស្ត្រ។

ចំណែក​បើយើងមិនទាន់ឈឺ ឬនៅសង្ស័យអំពីការធ្វើដំណើរ​ថ្មីៗ ឬការប៉ះពាល់ថ្មីៗ អ្វី​ដែលយើងត្រូវធ្វើ​គឺស្នាក់នៅផ្ទះ ហើយកុំទាក់ទងជាមួយនរណាម្នាក់រហូតដល់ ២ សប្តាហ៍ដើម្បីការពារ​ការចម្លង។ តើគ្រប់គ្នាអាចធ្វើបានទេ? ប្រសិន​ចម្លើយរារែកឬទេ! ការរាត្បាតពិបាកធានាណាស់។

ភាពស្មោះត្រង់របស់យើង​នឹងជួយ​ដល់មនុស្ស​ដែលនៅក្បែរ​ខ្លួនយើង ឬជួយ​ដល់ប្រទេសយើង​ទំាងមូលបាន។

សូមមានសុវត្ថិភាព និងតាមដានព័ត៌មាន​ជានិច្ច​! តាមដានកម្ពុជាថ្មី!

សាយ ពេជ្រ