តើយើងអាចលុបបំបាត់កូវីដ-១៩ ចេញពីពិភពលោកបានទេ?

នឹងឆ្លើយតបចំពោះសំនួរនេះបាន ជាបឋមយើងត្រូវស្វែងយល់ថាតើការលុបបំបាត់មានដូចម្តេច​នៅក្នុងបរិបទនៃជម្ងឺនានា ពិសេស​ប្រភេទ​ជំងឺកូរ៉ូណាដែលជាអម្បូរមេរោគ​ឆ្លងរាតត្បាតយ៉ាងសាហាវនេះ។

តើវាខុសគ្នាបែបណា អំពីពាក្យថាគ្រប់គ្រង និងលុបបំបាត់។

អត្ថាធិប្បាយដោយសាយពេជ្រ ថ្ងៃព្រហស្បត្តិទី១៤ខែឧសភាឆ្នាំ២០២០ វេលាម៉ោង១០ព្រឹក។

ការគ្រប់គ្រងជំងឺរាតត្បាតណាមួយ​បាន គឺនៅពេលយើងឃើញការកាត់បន្ថយអត្រាកើត អាត្រាឆ្លង និងអត្រាប្រេវ៉ាឡង់ (ករណីថ្មីធៀបនិងករណីបច្ចុប្បន្ន) ។ ការកាត់បន្ថយនេះមិនចាំបាច់ថា ទាល់តែ​ជាករណីសូន្យនោះទេ ប៉ុន្តែជាកម្រិតថយចុះដែលអាចទទួលយកបានគេអាចហៅថា គ្រប់គ្រងស្ថានការណ៍បានហើយ។

ស្ថានភាព​ទូទៅនៃការរាលដាលឆ្លងរមែងតែងមានសភាពខុសគ្នាពីជំងឺមួយទៅជំងឺមួយ។

ចំពោះការលុបបំបាត់វិញ គឺទាក់ទងនឹងការគ្មាន​វត្តមាន​ឆ្លងថ្មី។ ឧទាហរណ៍រដ្ឋាភិបាលកម្ពុជា​ស្ថិតក្នុងរយៈពេល​៣០ថ្ងៃនៃការតាមដានដែលមិនឃើញមាន​មេរោគឆ្លងថ្មី សុខាភិបាល​អាចនឹង នឹងពិចារណាថា មរោគ​ត្រូវបានលុបចោលពីតំបន់នោះហើយ​។

សូម្បីតែនៅពេលដែលជំងឺត្រូវបានគេលុបបំបាត់យើងនៅតែបន្តវិធានការអន្តរាគមន៍នានាដូចជាការត្រួតពិនិត្យព្រំដែន និងការត្រួតពិនិត្យតាមដានដើម្បីធានាថាវានឹង​មិនមាន​ត្រឡប់មកវិញបាន។

ទីបំផុតការលុបបំបាត់ជំងឺពិតប្រាកដ គឺនៅពេលដែលមានករណីសូន្យនៅទូទាំងពិភពលោក។ ក្នុងសេណារីយ៉ូនេះយើងលែងត្រូវការវិធានការអន្តរាគមន៍ទៀតហើយ។

មានតែជំងឺឆ្លងពីរប៉ុណ្ណោះដែលត្រូវបានប្រកាសបាត់រលុបទំាងស្រុង​ដោយអង្គការសុខភាពពិភពលោក ពងបែកsmallpoxនៅឆ្នាំ ១៩៨០ និងជំងឺរើមប៉ារ៉ាម៉ិច ក្នុងឆ្នាំ ២០១១ ។

 

ជំងឺស្វិតដៃជើងជិតឈានដល់ការលុបបំបាត់បានហើយដោយ​មានតែ ៥៣៩ ករណីដែលត្រូវបានរាយការណ៍ទូទាំងពិភពលោកក្នុងឆ្នាំ ២០១៩ ។

តើពេលនេះយើងកំពុងស្ថិតក្នុងដំណាក់កាលណា?

នៅប្រទេសជាច្រើនរួមទំាងកម្ពុជាផង កូវីដ១៩​បានស្ថិតនៅក្រោមការគ្រប់គ្រង។ ការសរសេររបស់ខ្ញុំនេះមិនបានមានចេតនា​បង្កើតឡើងនូវសន្ទុះចិត្តប្រហែស​ក្នុងចំណោមអ្នកអាននោះទេ​ប៉ុន្តែវាជាព័ត៌មាន​ល្អមួយ​នៃជាតិយើងធៀបជាមួយ​ប្រទេសផ្សេងៗក្នុងតំបន់។ ទោះអ៊ីចឹងក្តី ការពិនិត្យឡើងវិញនូវរបបហូបចុក បង្កើតប្រព័ន្ធភាពស៊ាំ​និងកិច្ច​ការអនាម័យរបស់ខ្មែរ​យើង​ស្ថិតនៅក្នុងកម្រិតគួរឱ្យព្រួយបារម្ភមួយ។ គ្រប់គ្នា​ឆាប់មាន​ការប្រហែស​ហើយ​ទុកចិត្ត​ស្ថានការណ៍​ជាជាងការយកចិត្ត​ទុកដាក់លើសកម្មភាព​ភាពផ្ទាល់ខ្លួន។

ការបោកបក់នូវរលកជាន់ទីពីរដែលអ្នកព្យាករណ៍កំពុងបារម្ភថាអាចនឹង​កើតមាននៅអាស៊ី នៅតែជាកត្តាគម្រាមកំហែង​នៅឡើយ។

ពេលនេះ នៅអូស្រ្តាលីការ​បន្តពូជនៃវីរុសជិត​ដល់ភាគរយសូន្យហើយបែរជានៅអាល្លឺម៉ង់ ការបន្តពូជអាចមានលើសពីម្នាក់ទៅម្នាក់។

ដូច្នេះយើងអាចនឹងឈានទៅរកការលុបបំបាត់បានឬអត់គឺការត្រៀមប្រុងប្រៀបរបស់យើងខ្លួនឯង។​ ការងងើលធ្វេសប្រហែសមិនអាចជួយអ្វីបានទំាងអស់។

ដើម្បីលុបបំបាត់ជំងឺមួយដែលកំពុងរាតត្បាតនៅទីដទៃ យើង​ចាំបាច់ត្រូវតែអាចបង្ការនិងព្យាបាលបាន។ នៅពេលនេះពិភពលោក​យើងមិនមានអ្វីដើម្បីការពារកូវីដទំាងអស់​ហើយសេចក្តីសង្ឃឹម​ក្នុងការមានវ៉ាក់សាំងគឺនៅឆ្ងាយណាស់ដូចរឿងនិទាន។​

សូមចុចអាន វ៉ាក់សាំងកូវីដមាន​ប្រាំបីប្រភេទផ្សេងគ្នាតែកំពុងស្ថិតក្នុងការ​​សាកល្បងទំាងអស់!

ចំណែកឯការព្យាបាលដែលមានសេចក្តីបញ្ជាក់ជាក់លាក់នូវវិធីណាមួយដូចជាថ្នាំប្រឆាំងវីរុសអ្វីជាដើមនៅតែស្រពិជស្រពិល។

ចុងក្រោយ​មួយទៀត​ដែលមិត្តអ្នកអានកម្ពុជាថ្មីគួរដឹង​ច្បាស់ដែរគឺ ទោះបីជាវ៉ាក់សាំងអាចរកបាននៅឆ្នាំក្រោយក៏ដោយ វីរុសដែលបណ្តាលឱ្យមានជំងឺកូវី -១៩ងាយនឹងផ្លាស់ប្តូរទ្រង់ទ្រាយវា ម្សិលមិញមន្ត្រីWHOទើបតែបាននិយាយថាវាមានល្បិចច្រើនពិបាកតាម​ ដូច្នេះយើងអាចនឹងស្ថិតក្នុងស្ថានភាពដូចជំងឺគ្រុនផ្តាសាយ ដែលយើងត្រូវការការចាក់វ៉ាក់សាំងប្រចាំឆ្នាំ ផ្តោតលើប្រភេទមេរោគដែលកំពុងវិវត្តិ។

កត្តាមួយទៀតដែលធ្វើអោយ កូវី-១៩ ពិបាកលុបបំបាត់នោះអ្នកឆ្លងជាច្រើនមានរោគសញ្ញាតិចតួចឬអត់មានសោះតែម្តងហើយពួកគេកំពុងដើរហើរដោយសេរី។

នេះជាករណីដ៏ពិបាកស្មុគ្មសាញដែលពិភពលោកយើងសព្វថ្ងៃកំពុងប្រឈមជាមួយ។

សាយ ពេជ្រ​

មាន​វេបសាយនិងវិទ្យុជាច្រើនបានចម្លងយកអត្ថបទស្រាវជ្រាវនិងប្រែសម្រួលរបស់កម្ពុជាថ្មីទៅប្រើប្រាស់បម្រើប្រយោជន៍ផ្ទាល់ខ្លួន​ដោយមិនមាន​ការស្នើសុំថែមទំាងមិនរក្សាប្រភព។ យើងខ្ញុំកំពុងចាត់វិធានការណ៍​តាមច្បាប់ប្រឆាំងទៅនឹងអំពើរំលោភទំាងនោះដោយមិនមាន​ការយោគយល់។