ប្រជាជន៣,៩ ពាន់លាននាក់-ពាក់កណ្តាលនៃមនុស្សជាតិកំពុងជាប់បម្រាមគោចរ

មនុស្សជាងពាក់កណ្តាលនៃមនុស្សជាតិសរុប បច្ចុប្បន្ននេះកំពុងស្ថិតក្នុងទម្រង់នៃការបង្ខាំងខ្លួនដោយស្ម័គ្រចិត្តឬបង្ខំ ខណៈរដ្ឋាភិបាលនានា កំពុង​ប្រញឹកដៃក្នុងកិច្ច​ព្យាយាមទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩។

ការឆ្លងវីរុសកូរ៉ូណាថ្មី នៅលើពិភពលោកបានហក់ឡើងដល់ជាង ១ លាននាក់តំាងពី​យប់មិញ​(WHO) និងតួលេខអ្នកស្លាប់ដល់ទៅជាង ៥ ម៉ឺននាក់ បានធ្វើឱ្យ​មនុស្សចំនួន ៣,៩ ពាន់លាននាក់ ជុំវិញ​លោកយើងនេះ​​ត្រូវពន្យារបន្ថែម​ការ​ចាក់សោរនៅក្នុងផ្ទះ។

WTO សន្យាផ្តល់ថវិកាចំនួន ១៦០ ពាន់លានដុល្លារ

អង្គការពាណិជ្ជម្មពិភពលោកបានសន្យាផ្តល់ថវិកាចំនួន ១៦០ ពាន់លានដុល្លារ ជាថវិកាសង្គ្រោះបន្ទាន់នឹងជាសកលសម្រាប់ការស្តារសេដ្ឋកិច្ច និងសង្គមពីវិបត្ដិនៃមេរោគនេះ។

កង្វះទីតំកល់សពចោទជាបញ្ហា

នៅពេលចំនួនអ្នកស្លាប់គំហុកកើនឡើងប្រទេសជាច្រើនកំពុងស្វែងរកវិធីទុកសាកសពសម្រាប់បញ្ចុះ។ អាជ្ញាធរបារាំង បានរឹបអូសយកបន្ទប់ទឹកកកសម្រាប់ស្តុកសាច់មួយ ចេញពីផ្សារដ៏ល្បីកណ្តាលក្រុងប៉ារីសដើម្បីប្រើប្រាស់សម្រាប់ទុកមឈូសដែលផ្ទុកជនរងគ្រោះដោយវីរុសCovid។

អ្នកជាសះវិញជាង២សែននាក់តែគេកំពុងតាមដានថា ភាពសុាំ​មេរោគក្នុងរាងកាយអាចឆ្លងដែរឬទេ?

មនុស្សជាង ២០៨.០០០ នាក់ក្នុងចំណោម១,០០២.១៥៩ដែលប្រកាសឆ្លងរោគជាផ្លូវការ បានជាសះវិលទៅផ្ទះវិញ ខណៈមនុស្សជាង ៥១.០០០ នាក់បានស្លាប់។ អ្នកវិទ្យាសាស្ត្រមិនទាន់អាចអះអាងបាននៅឡើយថា មេរោគក្នុងខ្លួនមនុស្សដែលជាហើយនោះ ​មានលទ្ធភាពចម្លងCovid-19 ទៅអ្នកផ្សេងទៀតដែរឬទេ។ ឬគេខ្លួនឯងអាចមានជំងឺនេះជាលើកទីពីរដែរឬអត់? (DW)

ធនាគារពិភពលោកនឹងចំណាយ១៤៨ ពាន់លានដុល្លារអាមេរិកក្នុងជំនួយសង្គ្រោះ

ជាបន្ទាន់សម្រាប់ឆ្លើយ​តបនឹង​ជំងឺនេះ ដែលត្រូវរង់ចាំ​លទ្ធផលតេស្តវ៉ាក់សាំងដល់រយៈពេល ១៥ ខែទៅមុខ WBបានបញ្ចេញ​១៤៨ពាន់លានដុល្លារ​ ផ្តល់ជាប្រាក់កម្ចីសម្រាប់ប្រើលើគ្រប់គម្រោងអភិវឌ្ឍន៍សម្រាប់ពិភពលោក។ ធនាគារនេះ បានប្រកាសពីការផ្តល់មូលនិធិដោះស្រាយវិបត្តិហើយបញ្ជាក់ក្នុងសេចក្តីប្រកាស​ខ្លួនថា ការចំណាយដំបូងចំនួន ១,៩ ពាន់លានដុល្លារនឹងត្រូវអនុវត្តទៅលើគម្រោងនៅក្នុងប្រទេសចំនួន ២៥ ដែលសុទ្ធសឹងជាប្រទេសកំពុងអភិវឌ្ឍន៍។

ប្រទេសឥណ្ឌានឹងក្លាយជាអ្នកទទួលផលធំបំផុតពីរលកជំនួយដំបូងដែលទទួលបាន ១ ពាន់លានដុល្លារ បន្ទាប់មកគឺប្រទេសប៉ាគីស្ថានចំនួន ២០០ លានដុល្លារនិងអាហ្គានីស្ថានដែលមានទឹកប្រាក់ជាង ១០០ លានដុល្លារ។ ប្រភពដដែលបានបន្តថា ការផ្តល់ថវិកាពីWBនឹងទៅដល់ប្រទេសក្រីក្រ​ស្ទើរតែទាំងអស់នៅលើទ្វីបអាស៊ី។

(WHO) បានព្រមានថា យុវជននិងកុមារក៏មានហានិភ័យក្នុងការឆ្លងដ៏ខ្ពស់

អង្គការសុខភាពពិភពលោក និយាយថា យុវជននិងកុមារ​ជាក្រុមដែលគេគិតថា រងគ្រោះតិច តាមពិត និងអាចស្លាប់ដោយសារជម្ងឺកូវីដ១៩ក្នុងតួលេខច្រើនឡើងៗ។

ប្រធានសាខាអឺរ៉ុបប្រចាំនៅអង្គការសុខភាពពិភពលោកបានមានប្រសាសន៍ថា“ ទស្សនៈដែលថាកូវីដ ១៩ មានឥទ្ធិពលតែទៅលើមនុស្សវ័យចំណាស់ គឺខុសហើយ។ លោកបាន​កត់​សម្គាល់ថា​មនុស្សពី ១០ ទៅ ១៥ ភាគរយអាយុក្រោម ៥០ ឆ្នាំគឺមានកម្រិតឆ្លងវីរុសនេះធ្ងន់ធ្ងរ។ នៅទ្វីបអឺរ៉ុបជនរងគ្រោះដែលក្មេងជាងគេបំផុត គឺក្មេងស្រីអាយុ ១២ ឆ្នាំម្នាក់ដែលទើបនឹងស្លាប់​នៅបែលហ្ស៊ិក។ សហរដ្ឋអាមេរិកក៏ទើបនឹង​បានរាយការណ៍ពីការស្លាប់របស់ទារកអាយុ ៦ សប្តាហ៍ម្នាក់ដែរ​ដែលឆ្លងវីរុសនេះនៅថ្ងៃចន្ទ។

« អាយុមិនមែនជាហានិភ័យតែមួយគត់សម្រាប់ជំងឺកូវីដនោះទេ។ ដើម្បីកំនត់ហានិភ័យនៃការឆ្លងឬរាលដាលវីរុសនេះ WHO បានជម្រុញ ឲ្យ យុវជននិងមនុស្ស​ចាស់ ដូចគ្នាកំណត់គម្លាតនៃ​ការប៉ះពាល់ជាសាធារណៈ និងលាងដៃជាមួយសាប៊ូនិងទឹកអាកុលជាប្រចាំ រក្សាចម្ងាយយ៉ាងតិច ១ ម៉ែត្រ (៣ ហ្វីត) ពីអ្នកដែលក្អកឬ កណ្តាស់។ ពួកគេក៏បានជម្រុញឱ្យយុវជនជៀសវាងពីការទៅលេងសាច់ញាតិចាស់ៗផងដែរ ដើម្បីកាត់បន្ថយហានិភ័យនៃការរីករាលដាលវីរុសនេះ។»

សហគមន៍អ៊ឺរ៉ុបកំពុងខ្ចាត់ខ្ចាយ

ប្រធានសហគមន៍អ៊ឺរ៉ុបលោកស្រី Ursula von der Leyen ទើបនឹងបានចេញការ​អំពាវនាវឱ្យមានសាមគ្គីភាពរឹងមាំក្នុងសហគមន៍អ៊ឺរ៉ុបបន្ថែមទៀតដោយនិយាយថា ប្រទេសជាច្រើនបានផ្តោតលើបញ្ហាផ្ទាល់ខ្លួនហើយ​ដោះស្រាយ​មិនស្មើទំហំ​នៃវិបត្តិពិតព្រោះខ្វះការជជែកគ្នា។ សហគមន៍អ៊ឺរ៉ុបនឹងត្រៀមផ្តល់ហិរញ្ញប្បទានរហូតដល់ ១០០ ពាន់លានអឺរ៉ូដល់បណ្តាប្រទេសដែលរងគ្រោះខ្លាំងជាងគេក្នុងតំបន់ខ្លួន​តែសំណូមពរឱ្យនិយាយគ្នា​មុនចាត់វិធានការណ៍សំខាន់ៗ។

សាយ ពេជ្រ