អត្ថាធិប្បាយ៖ មហាយក្ខចិន​ និងសេដ្ឋកិច្ចពិភពលោក

ប្រទេសចិន គឺជាមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ចពិភពលោក ដោយមិនត្រឹមតែជា សង្វាក់ម៉ាស៊ីននៃផលិតកម្ម មិនត្រឹមCaប្រភពនៃកម្លាំង​ពលកម្ម ឬវត្ថុធាតុដើម​ប៉ុណ្ណោះទេ ថែមទំាង​ជាទីផ្សារដែលអ្នកប្រើប្រាស់ដ៏ធំបំផុត​មួយផង។
តំាងពីចុងខែមករា ក្រុងប៉េកាំងបានបិទច្រកសេដ្ឋកិច្ចស្ទើរតែទំាងអស់ក្នុងគោលបំណងទប់ស្កាត់វីរុសកូរ៉ូណាកុំឱ្យសាយភាយចេញ​ ប៉ុន្តែ​វាមិនមានប្រសិទ្ធិភាពនោះទេ ដោយCovid19កំពុងនៅទូទាំងពិភពលោកទៅហើយ។

១៤ថ្ងៃក្រោយមក​ រោគសញ្ញាបានលេចឡើង ហើយ​គ្រប់គ្នា​ចាប់ផ្តើម​ប៉ះទង្គិច ។

ទីមួយ សេដ្ឋកិច្ច

ការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅទូទាំងពិភពលោក ដោយសារ​ជម្ងឺឆ្លង​Covid19នេះនឹងអាក្រក់ជាងជំងឺ SARS ដែលឥឡូវនេះ ប្រទេសចិនដ៏មានសារៈសំខាន់ចំពោះពាណិជ្ជកម្មពិភពលោក កំពុង​ទន់ដៃ។
សភាពការណ៍​នៅថ្ងៃចន្ទទី០២ខែមិនាម្សិលមិញ អ្វីៗនៅតែ មិនប្រសើរសោះឡើយ​សម្រាប់ទីផ្សារហិរញ្ញវត្ថុពិភពលោក លុះត្រាតែអាជ្ញាធរសុខាភិបាលនានា​អាចរារាំងគ្រប់គ្រងវីរុសបាន មុនពេល​វិនិយោគិនទំាងអស់ដកថយជ្រៅជាងនេះ។

ជាធម្មតា​អ្នកវិនិយោគ តែងតែស្វែងរកទីមានសុវត្ថិភាព។ ពួកគេនឹងបន្តបោះចោលភាគហ៊ុន ក៏ដូចជាបំណុលសាជីវកម្មដែលមានហានិភ័យខ្ពស់ហើយឱកាសការងារជាច្រើន​ត្រូវបានវិបត្តិលេបត្របាក់យក។

កាលពីសប្តាហ៍មុនគឺជាពេលវេលាដ៏អាក្រក់សម្រាប់ផ្នែកវិនិយោគិនព្រោះភាគហ៊ុននានា បានរងនូវការវាយយ៉ាងដំណំ​បំផុតមួយ​រាប់ចាប់តាំងពីវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ២០០៨ ហើយ​ធុរកិច្ចជននានា​ទុកថា វានៅតែ​ជាសញ្ញាដ៏គួរឱ្យព្រួយបារម្ភ។ (ប្រភព CNN Money )

នៅខណៈដែលផ្សារភាគហ៊ុនបានរញ្ជួយទូទាំងពិភពលោក កាលពីសប្តាហ៍មុន គ្មាននរណាម្នាក់ត្រូវបានដោះលែងឡើយ។ Wall Street និង DAX របស់អាឡឺម៉ង់ធ្លាក់ចុះ ១២ ភាគរយ FTSE នៅអង់គ្លេសធ្លាក់ចុះ ១១ ភាគរយនិង Nikkei របស់ជប៉ុនធ្លាក់ចុះ ១០ ភាគរយ។ (The Wall Street Journal )

ទីពីរ​ បរិស្ថាន

ទោះយ៉ាងណា ការកើនឡើងនៃភាពអត់ការងារធ្វើ និងការបិទរោងចក្រនៅប្រទេសចិន បានកាត់បន្ថយបរិយាកាស​បំពុល ក្នុងភាគរយភ្ញាក់ផ្អើល។អង្គការណាសា បានចេញនូវកំណត់ត្រាសប្តាហ៍នេះថា ការបំពុលក្នុងបរិយាកាសបានធ្លាក់ចុះយ៉ាងគំហុកនៅឯប្រទេសចិន ចំពេលដែលមាន​ការផ្ទុះឡើងនៃមេរោគឆ្លង ហើយដែល​ប៉េកាំងបានបិទឧស្សាហកម្មរោងចក្រ​ព្រមទំាង ផ្នែក​ដឹកជញ្ជូនទំាងអស់​នៅទូទំាង​ប្រទេស។ (ABC Net)

៣ ពិភពលោកទប់ទល់របៀបណា?
ប្រសិនបើស្ថានភាព​នៅចិន អូសបន្លាយបន្ត ក្នុងលក្ខខណ្ឌរារាំងចរន្តសេដ្ឋកិច្ចនិងកិច្ចអភិវឌ្ឍន៍ដើម្បី​បង្ខំាងវិរុស សេដ្ឋកិច្ចពិភពលោកនឹងរងផលប៉ះពាល់យ៉ាងធំសឹងតែពិបាកទប់ទល់បាន។ ប្រាក់ចំណូលរបស់ក្រុមហ៊ុនធំៗនឹងបន្តដាំក្បាលធ្លាក់ចុះ ហើយមហាសមុទ្រដ៏ធំនៃបំណុលសាជីវកម្មអាមេរិក អាចបង្ខំឱ្យក្រុមហ៊ុនធំនិងមធ្យម ទ័លច្រកដល់ជញ្ជាំងក្ស័យធន។ (Financial Times)

វិនិយោគិននានា កំពុងស្វែងរកទិន្នផលសមរម្យ ដើម្បីកំណត់ឡើងវិញគោលដៅ​២០២០-២០២៣របស់ពួកគេ ខណៈអត្រាការប្រាក់នៃធនាគារធំៗ បានធ្លាក់ចុះ រាប់ពាន់លានដុល្លារ ជាបន្តបន្ទាប់​ទៅក្នុងទីផ្សារបំណុលសាជីវកម្ម។

ការព្រមាននេះ ប៉ះទង្គិច​ដល់ការងាររាប់លានកន្លែង នៅមុន​ឆមាសទីពីរក្នុងឆ្នាំនេះ។ កាលពីខែតុលាឆ្នាំមុនមូលនិធិរូបិយវត្ថុអន្តរជាតិIMFបានព្រមានថា បំណុលសាជីវកម្មរហូតដល់ទៅ ១៩ ពាន់ពាន់លានដុល្លារអាមេរិកអាចនឹងមានហានិភ័យប្រសិនបើ២០២០នេះ មានការធ្លាក់ចុះភ្លាមៗនៃសេដ្ឋកិច្ច សូម្បីតែពាក់កណ្តាលនៃ​វិបត្តិហិរញ្ញវត្ថុពិភពលោកកាលពីឆ្នាំ ២០០៨ ។ ឥឡូវនេះ​យើង​ធ្លាក់ជ្រៅជាងការព្រមានរបស់IMFទៅទៀត។

ទីបួន ដំណោះស្រាយពីមហាអំណាច 

បញ្ហាជាមួយបំណុលសាជីវកម្ម ហាក់មិនមែនជា​វិបត្តិទ័លប៉ុន្មានទេ សម្រាប់មហាអំណាចដូចជាអាមេរិក ។ បើតាមការវិភាគ​របស់ Globe គឺថា កម្លាំងជំរុញដ៏ធំបំផុតមួយនៅពីក្រោយការរីកដុះដាលរបស់ Wall Street គឺសាជីវកម្មអាមេរិកផ្ទាល់។ ពួកគេមានសេដ្ឋីច្រើន និងរដ្ឋដ៏មានស្តុក ដែលអាចជះលុយ​ទិញយក​ភាគហ៊ុនត្រឡប់មកទុកវិញ។ នេះជាវិធីដែលមានប្រសិទ្ធិភាពមួយក្នុងការប្រគល់សាច់ប្រាក់ទៅឱ្យម្ចាស់ភាគហ៊ុន សម្រាប់បង្កើនតម្លៃឡើងវិញក្នុងគ្រានេះ ដោយសាររដ្ឋមានលុយច្រើន។

បន្ថែមលើនេះក្រុមហ៊ុនអាមេរិកបាននិងកំពុងបែងចែកភាគលាភដ៏ធំ ដែលភាគច្រើនបានផ្តល់ដោយមូលនិធិនានា​ដែលជាបំណុលមានការប្រាក់ទាប។ (Globe)

ទោះយ៉ាងណាង ប្រសិន​បើ​វីរុសនេះ​នៅ​អុកឡុកបានកាន់តែយូរ យើង​នៅតែបន្តខូចខាតកាន់តែច្រើនឡើង ចំពោះមូលដ្ឋាន​ប្រាក់ចំណូលហើយហានិភ័យនៃការបរាជ័យរបស់ក្រុមហ៊ុននានា​នឹងក្លាយជាការពិត ព្រោះការយកលុយទប់មិនអាច​យូរអង្វែងឡើយ។

ច្បាស់ណាស់អត្រាការប្រាក់ទាបបំផុតគឺជាកត្តាដ៏សំខាន់ក្នុងការជំរុញការរីកដុះដាលនៅលើទីផ្សារភាគហ៊ុនជាសកលប៉ុន្តែការកាត់បន្ថយអត្រាការប្រាក់នេះ គឺជាអាវុធចុងក្រោយប៉ុណ្ណោះ។

ធនាគារនឹង​រងវិបត្តិ សេដ្ឋកិច្ចនឹងវឹកវរ។

សាយ ពេជ្រ