អត្ថាធិប្បាយ៖ កម្ពុជាក្រោយ​ការប្រកាសអាសន្នរបស់អង្គការសុខភាពពិភពលោក

ប​ទអត្ថាធិប្បាយរបស់ សាយ ពេជ្រ ថ្ងៃសុក្រ ទី៣១ ខែមករា​ឆ្នាំ២០២០ ម៉ោង១១និង១១នាទី

ការប្រកាសអាសន្ន​របស់អង្គការ​សុខភាពពិភពលោក ជារឿងថ្មីមួយទៀត ដែលទាមទារឲ្យព្រះរាជាណាចក្រកម្ពុជាត្រូវបង្កើនការយកចិត្តទុកដាក់ឆ្លើយតបទៅនឹងបញ្ហាជម្ងឺឆ្លងដោយមេរោគកូរ៉ូណា បើទោះបីជាបាន និងកំពុងមាន ការប្រុងប្រៀបខ្លួនជាមុនមកហើយក្តី។

ខ្ញុំសូមធ្វើការអត្ថាធិប្បាយជាចំណុចតូចៗ

ទីមួយ ទម្រាំ WHO ចេញសេចក្តីប្រកាស​អាសន្ន​

ចាត់ថាការប្រកាសអាសន្នរបស់WHOជាការ​ប្រកាសអាសន្ន​លើកទី៦​របស់អង្គការសុខភាពពីភពលោក ចំពេល​ការរាតត្បាតក្រៅប្រទេសចិន​ដោយវិរុសកូរ៉ូណាថ្មី ។ ការប្រកាសអាសន្ននេះ កើតឡើង​បន្ទាប់ពី​ការដាក់ស្ថានការណ៍សុខភាពសាកលទៅក្នុងការប្រុងជើងការណ៍​កាលពីលើកទីមួយ​របស់WHOដោយការរាត្បាតនៃ ជំងឺផ្តាសាយជ្រូក H1N1 ជំងឺអេបូឡានៅអាហ្វ្រិកខាងលិច ជំងឺខួរឆ្អឹងខ្នងនៅប៉ាគីស្ថាន វីរុសហ្សីកានៅក្នុងប្រទេសប្រេស៊ីល និង​ការផ្ទុះឡើងម្តងទៀត​នៃជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកាលពីខែកក្កដាឆ្នាំមុន។

កាលពីរោគសញ្ញាផ្លូវដង្ហើមរកឃើញនៅឯមជ្ឈឹមបូព៌ា (MERS) ដែលក៏ជាជំងឺឆ្លងធំមួយ​គេមិនទាន់ឈាន​ដល់ប្រកាសអាសន្នឡើយ។
ទោះបីជា WHOប្រែងសង្កត់បញ្ជាក់ថា ការដាក់កូរ៉ូណាថ្មីទៅក្នុងភាពអាសន្ន មិនមែនជាការបង្ហាញថាគ្មានទំនុកចិត្តលើប្រទេសចិននោះទេ​ប៉ុន្តែ នេះក៏ពុំំមែនជាសភាពការណ៍​អាចមើលស្រាល​​បានដែរ ពិសេសក្នុងប្រទេស​ដែល​មាន​ប្រព័ន្ធសុខមាលភាពខ្សោយ។

កាលពីពេល ដែល​អង្គការសុខភាពពិភពលោកបានប្រកាសពីការផ្ទុះឡើងនៃជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោជាបន្ទាន់កាលពីឆ្នាំមុន(២០១៩)អគ្គនាយកWHOបានព្រមានប្រទេសនានាកុំ ឲ្យ ប្រើវាជា“ លេសដើម្បីដាក់កម្រិតពាណិជ្ជកម្មឬការរឹតត្បិតការធ្វើដំណើរ” ។ ប៉ុន្តែ​ខ្ញុំយល់ថាគ្រប់គ្នាជាម្ចាស់លើការសម្រេចចិត្ត ថាជ្រើស​យកសុវត្ថិភាព​ឬ​ប្រថុយប្រថាន?

ទីពីរ រាល់​ការធ្វើដំណើរផ្លូវអាកាស​គួរតែប្រុងជើងការ មិនមែន​ទាក់ទងតែ​ការហោះរបស់​ចិនឬថៃ

ម៉ោងនេះ ប្រទេស១៩​ហើយ ដែល​ទទួលស្គាល់អាត្រាឆ្លងពីវិរុសប្រល័យជីវិត។ និយាយឱ្យសាមញ្ញ រាល់ការ​ធ្វើដំណើរដែលមិនចាំបាច់ គួរលុបចោល ហើយកុំរំពឹងឱ្យសោះ​លើ​គោលនយោបាយធានារ៉ាប់រងការធ្វើដំណើរ។ ភាគច្រើនទោះយើង​ទិញកញ្ចប់បែបណាក្តី ធាណារ៉ាប់រងនោះ  អាចគ្របដណ្តប់តែលើអ្នកធ្វើដំណើរណា​ដែល​ចាប់ផ្តើមធ្វើដំណើរមុនពេលការផ្តល់អនុសាសន៍​របស់WHOតែប៉ុណ្ណោះ​ ។

គោលនយោបាយធានារ៉ាប់រងការធ្វើដំណើរមួយចំនួនអាចគ្របដណ្តប់តែ​លើអ្នកដំណើរណាដែលសម្រេចចិត្តបោះបង់ចោលការធ្វើដំណើរនៅសល់ ពេល​ពួកគេស្ថិតនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដូចជា​ប្រទេសចិនឬថៃ  ។

គោលនយោបាយធានារ៉ាប់រងការធ្វើដំណើរដែលបានទិញបន្ទាប់ពី WHOចេញ​ការប្រកាសភាពអាសន្ន គ្មានទំនង​ថា​នឹង​គ្របដណ្តប់លើការរីករាលដាលជំងឺរាតត្បាតកូរ៉ូណានោះទេ ។

តាម​ដែលយើង​ដឹងពី​សារព័ត៌មាន​បរទេស គឺ​មកដល់ព្រឹកនេះ ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនកំពុងទាក់ទងអ្នកធ្វើដំណើរនានា ដើម្បីផ្តល់ជំនួយការពារ ក្នុងការធ្វើដំណើររបស់ពួកគេ ហើយជើងហោះហើរជាច្រើនទៅកាន់ប្រទេសចិនត្រូវបាន​ផ្អាក​ដោយ​អាកាសចរធំៗលើលោក ពិសេសនៅអឺរ៉ុបនិងអាមេរិក។

ទីបី កុំវិភាគ​ប្រសាសន៍សម្តេចនាយកទៅជាលេស ក្នុងការ​មិនចាត់សកម្មភាពបន្ទាន់

បើទោះបីជា​ថ្លែងសារចេញពីវិមានសន្តិភាព កាលពីព្រឹកមិ្សល សម្តេចតេជោ ហ៊ុន សែន បានផ្តាំឱ្យបណ្តាសាលារៀន រោងចក្រ សហគ្រាស ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន ​ត្រូវមានដំណើរការធម្មតាតែ សម្តេចបាន​ផ្តាំំ​ម្តងហើយម្តងទៀត ឱ្ប​បន្តឹងការធ្វើអនាម័យ  ជំរុញឱ្យក្បាលម៉ាស៊ីនផ្សព្វផ្សាយនានា ទទួលខុសត្រូវបន្ត​ផ្សព្វផ្សាយព័ត៌មានពិត ជានិច្ចជូនប្រជាពលរដ្ឋ ប្រឆាំងព័ត៌មាននឹង​ក្លែងក្លាយ។

គួរកត់សម្គាល់ដែរ ដែលក្នុងឱកាសសម្តេចតេជោ​ ទើប​នឹង​មានជំនួបប្រចាំឆ្នំាជាមួយអ្នកសារព័ត៌មានរហូតដល់ទៅប្រមាណ៦ពាន់នាក់ ប៉ុន្តែគេបែរឃើញមានអ្នកសារព័ត៌មានតិចបំផុត ដែលបញ្ចេញសកម្មភាពរួមចំណែកក្នុងការវាយបកព័ត៌មានមិនពិត(fake news)? ឬមួយ​៦ពាន់នាក់​ត្រឹមតែតួរលេខពេលជប់លៀងសប្បាយ? ការងារមែនទែនជា​បណ្តាញផ្សព្វផ្សាយ​បានរួមចំណែកអ្វីខ្លះ? រំពឹងក្រសួងជំនាញ​តែឯង ​រំពឹង​រដ្ឋាភិបាល ហើយ​អ្នកសារព័ត៌មាន​រាប់ពាន់មិនជួយ តើឯណាលទ្ធផល? ប្រសិនបើមានចំនួនអ្នកសារព័ត៌មានត្រឹមពាក់កណ្តាល នៃអ្នកទៅជប់លៀង គឺប្រមាណ​៣ពាន់នាក់ ដុតដៃធ្វើសកម្មភាព​ផ្តល់ព័ត៌មាន​ពិត ក៏ប្រហែលជា ការចូលរួមក្នុងសកម្មភាពវាយបកចំពោះព័ត៌មានមិនពិតនឹង​ប្រសើរ​ជាងនេះ​ច្រើន ។

ស្ថាប័នជាតិនានា ដែលពាក់ព័ន្ធ មានតួនាទី​តាមដានស្អិត ផ្តល់ព័ត៌មានពិត ទាន់ពេលវេលា​ដល់បណ្តាញ​ព័ត៌មាន​ក្នុងការ​ជួយ​តម្រង់ទិសការពារខ្លួន​ដល់ពលរដ្ឋ ដោយវិធីត្រឹមត្រូវ នឹងកម្ចាត់​ពាក្យចចាមអារាម​អកុសល គ្មានជំនាញ គ្មាន​ការពន្យល់ត្រឹមត្រូវ ដែលនាំ​ទៅដល់គំនិតស្តីបន្ទោស​រុញដាក់គ្នាដោយ​ឥត​បានការ ក្នុងគ្រា​នេះ។

ទីបួន តួនាទីពលរដ្ឋ

ប្រសិន​យើង​នាំគ្នា​រើសយកការបន្ទោស ថ្កោលទោស ហើយ​អស់សង្ឃឹម ចោទសួរដដែលៗ​លើបញ្ហា​ផ្លូវអាកាស​ ដោយ​មិនព្រម​ងាកមកទទួលយកព័ត៌មាន​ពិត ជុំវិញ​វិធីបង្ការ​និងអនាម័យ តើអ្នកណាអាចជួយយើងបាន?

ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ព្រឹកនេះថាកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការឆ្លើយតបទៅនឹងកូរ៉ូណាដូចប្រសាសន៍ប្រមុខរដ្ឋាភិបាលដែលបានលើកឡើងថា «មិនថាអស់ទំហំថវិកាប៉ុន្មាន កម្ពុជាមានសមត្ថភាពក្នុងការ​បញ្ចេញ​សកម្មភាពការពារ​ពលរដ្ឋរបស់ខ្លួន!»

តាមដានកម្ពុជាថ្មី ដើម្បីនៅប្រកិតជាមួយព័ត៌មានពិត ថ្មី​ត្រឹមត្រូវ ជុំវិញវិរុសកូរ៉ូណា!

 

សាយ​ ពេជ្រ