កម្ពុជា ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ តែ​យើង​នឹង​​ឆ្លង​កាត់​បាន​ជាមួយគ្នា

​សាយ ពេជ្រ ថ្ងៃ​ចន្ទ ទី​២៣ ខែ​មីនា ម៉ោង​៧:៤៦

​មេដឹកនាំ​នៅ​ជុំវិញ​ពិភពលោក កំពុងធ្វើការ​សម្រេចចិត្ត​ពិបាកៗ អំពី​វិធានការណ៍ ​ការពារ​សុខ​ភាព​ពលរដ្ឋ ​​និង​មិន​បំផ្លាញ​សេដ្ឋកិច្ច​ផង ​ក្នុង​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់​។​

​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ដូចគ្នា​! ប្រមុខ​រដ្ឋាភិបាល មន្ត្រី​សុខាភិបាល ស្ថាប័ន​ជំនាញ​  កងកម្លាំង​សមត្ថកិច្ច អ្នកពិគ្រោះ​យោបល់ អ្នកឆ្លើយឆ្លង​ព័ត៌មាន និង​អាជីព​ជាច្រើន​ទៀត​ កំពុងស្ថិត​នៅឯ​សមរភូមិ​មុខ (​ន័យធៀប​នៃ​ការធ្វើការ​ម្ភៃ​ម៉ោង​លើ​ម្ភៃ​ម៉ោង​) ខណៈ​យើង​កំពុងតែ​ទន្ទឹង​តាមដាន​ព័ត៌មាន​នៅផ្ទះ​។​

​គ្មាន​នរណាម្នាក់ ប្រទេស​ណាមួយ​ កំពុងស្ថិត​ក្នុងការ​ធ្វើដំណើ​រ​ប្រឆាំង ​Covid 19 ជាមួយ​ភាពរលូន ឬ​ដ៏​ល្អឥតខ្ចោះ​នោះទេ​។​

​តែ​វា​មិនមែនជា​ថ្ងៃ​បញ្ចប់​នៃ​ពិភពលោក​ឡើយ​

​កាសែត New York Times បាន​សរសេរ​វិចារណកថា​របស់ខ្លួន​ធំៗ​ថា នេះ​មិនមែនជា​ទីបញ្ចប់​នៃ​ពិភពលោក​ទេ ហើយ​អ្វី​ប្រសើរ​ដែល​យើង​គ្រប់គ្នា​គិត កំពុងតែ​ត្រៀម​កើតឡើង​។ ជាការ​ពិត ពីរ​បី​សប្តាហ៍​ចុងក្រោយ​នេះ យើង​កំពុង​ងីងើ និង​អារម្មណ៍​ពាក់កណ្តាល​ដែល​គិតថា ជាការ​យល់សប្ដិ ឯ​ពាក់កណ្តាល​ទៀត ត្រដរ​នឹង​ការពិត​នៃ​ការផ្លាស់ប្តូរ​យ៉ាងគំហុក​លើ​ទម្លាប់​នៃ​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​។​

​កាសែត The Guardian បាន​ចាត់ទុកថា គ្រប់គ្នា​បាន​សោកសៅ ដែល​មិនអាច​ភ្ញាក់​ដឹងខ្លួន​ពី​សុបិន​អាក្រក​ដ៏​វែង​មួយ​នេះ​សោះ​  ។​

​មិនមែន​តែ​យើង​ទេ​! គ្រប់គ្នា​ក្នុង​ពិភពលោក​នេះ​កំពុងតែ មាន​អារម្មណ៍​ថា អ្វីៗ​ទទេ​ស្អាត ហើយ​ចម្លែកៗ​និង​ពេលខ្លះ​ចង់​ភាន់ភាំង​។ ទោះបីជា​វា​មើលទៅ​ដូចជា​លឿនៗ​ពេក​រក​ត្រៀម​មិនទាន់ តែ​វា​មិនមែនជា​ចុងបញ្ចប់​នៃ​ពិភពលោក​ទេ​។​

​នេះ​គ្រាន់តែ​ជា​ប្រភេទ​នៃ​រឿង​លំបាកៗ ដែល​តែងតែ​កើតឡើង​ចំពោះ​មនុស្សជាតិ ដែល​ទាមទារ​ឱ្យ​គ្រប់គ្នា​ចូលរួម ជួយ​គ្នា តាមរយៈ ជួយ​ខ្លួនឯង គឺ ការពារ​ខ្លួន ការពារ​មនុស្ស​ក្បែរ​ខ្លួន​។​

​គ្រប់គ្នា​មាន​ពេល​សាកល្បង​ជាមួយ​កម្លាំង​ស្មើភាព​គ្នា​ក្នុងការ​ឆ្លងកាត់​ឧបសគ្គ​

​នេះ​គឺជា​ការប្រកួតប្រជែង ជាការ​សាកល្បង​ដ៏​ធំ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​សម្រាប់ រដ្ឋាភិបាល​នីមួយៗ និង​សម្រាប់​យើង​ម្នាក់ៗ ដែល​ទាមទារ​ឱ្យមាន​ការចូលរួម មិនមែន​ការយក​រួចខ្លួន ឬ​ទាញ​គេឯង​ទម្លាក់​ទឹក​ឡើយ​។​

​យើង​មាន​ដំណឹង​ល្អ​ពី​ឧទាហរណ៍​នៅ​ប្រទេស​ចិន ដែល​ឆ្លងកាត់​សោកនាដកម្ម​ដំបូង​គេ ហើយ​ដំណឹង​ល្អ​ច្រើន​ទៀត​កំពុង​ត្រៀម​នឹង​លេចឡើង​។​

នៅលើ​វិថី​មួយ​នេះ យើង​ត្រូវតែ​រឹងមាំ​ហើយ​តស៊ូ​ទៅមុខ​ជាមួយគ្នា​! (​រូបថត កម្ពុ​ជាថ្មី រក្សា​សិទ្ធិ​គ្រប់យ៉ាង​)

 

​ការផ្លាស់ប្តូរ​ដែល​មិនអាច​ទាយ​ទុក​
​សំណុំ​ទិន្នន័យ​តែមួយគត់​ដែល​ពិតជា​សំខាន់​នៅពេលនេះ គឺ ការបិទ​ព្រំប្រទល់​ដែន​ព្រមទាំង​ការបង្អាក់ ការងារ​ទំនាក់ទំនង​ផ្ទាល់​ក្នុងសង្គម ដែល​ពិតជា​កំពុង​បង្កើត​ឡើងមក​ភ្លាមៗ នូវ​ជីវិត​ប្លែក​មួយ ដែល​គ្រប់គ្នា​ទទួល​អារម្មណ៍​ថា​អ្វីៗ​មិន​ដូចដើម ជាមួយ​សំណួរ​ថា ហេតុអ្វី​គ្រប់យ៉ាង​ទៅជា​អញ្ចឹង​?

​ប៉ុន្តែ​យើង​អាច​ឈប់​សួរ​បាន​ប្រសិន​យើង​អាច​គិត​ដោយ​នឹងនរ​ថា នេះ​ជា​វិធានការ​​ការពារ វា​មិនមែនជា​ការផ្លាស់ប្តូរ​ទេ វា​ជា​អ្វីមួយ​ដេ​ល​យើង​កំពុងត​ទល់នឹង​បញ្ហា ហើយ​យើង​នឹង​ជោគជ័យ​ប្រសិន​យើង​រួមគ្នា​តស៊ូ​ប្រឆាំង​និង​មេរោគ​នេះ​។​

​ប៉ុន្តែ​ចុះ​ធ្វើយ៉ាងណា​បើ​វិធានការណ៍​ទាំងអស់នេះ​មិន​ជោគជ័យ​?

​ប្រទេស​ជាច្រើន​ បានធ្វើ​ដំណើរ​ទៅមុខ​ឆ្ងាយ​ជាង​យើង​ដាច់​ហើយ​។ វូ​ហាន បាន​បិទ​តាំងពី​ខែមករា គឺ​បិទ​ទាំង​ចរាចរ គោចរ​និង​ពាណិជ្ជកម្ម​ជាមួយ​ពិភពលោក។ ការប្រយុទ្ធ​ជាមួយ​អ្វីមួយ តោង​ត្រូវការ​វត្ថុ​២​យ៉ាង​ហោ​ស គឺ​ទីមួយ​ការលះបង់​ប្តូរ​គ្នា ហើយ​ទី​ពីរ​ការតាំង​ចិត្ត​ដ៏​ម៉ឺងម៉ាត់​មាំទាំ​។ ប្រទេស​អ៊ីតាលី បារាំង​និង​អេស្ប៉ាញ មិនទាន់​ធ្វើបាន​ខ្លាំង​ប៉ុន្តែ ចិន​បាន​ជោគជ័យ​ក្រោយពេល​១០​សប្តាហ៍​។ ជាមួយ​បទពិសោធន៍​ដែលមាន​ស្រាប់​ហើយ​នោះ យើង​មិនចាំបាច់​ប្រើពេល​វែង​ដល់​ម្ល៉ឹង​ទេ។​

​នៅក្នុង​វិបត្តិ​សង្គម តែងតែ​បង្ហាញ​ពី​លក្ខណៈ​ល្អ​បំផុត​និង​ចំណុច​អាក្រក់​បំផុត​ទន្ទឹមគ្នា​។​  Covid-19 ក៏​ដូចគ្នា​ ​រាល់ពេល​មាន​វិបត្តិ​កើតឡើង​យើង​ចូលចិត្ត​ប្រើពាក្យ​ថា នៅ​ជាមួយគ្នា ប៉ុន្តែ​នៅក្នុង​នោះ​មុន​និង​ក្រោយ​អ្នកក្រីក្រ​និង​ងាយ​រងគ្រោះ​(​ភេទ​ទន់ខ្សោយ​)​រមែងតែ​រងគ្រោះ​មុន​។​

​តើ​យើង​បាន​ត្រៀមខ្លួន​ហើយ​ឬ​នៅក្នុង​ការជួយ​គ្នា​?

​មនុស្ស​ជាច្រើន​នៅ​ប្រទេស​កម្ពុជា មាន​បទពិសោធន៍​ពិតៗ​នៃ​ការឆ្លងកាត់​ពី​អំឡុងពេល​សង្គ្រាមស៊ីវិល​។ ជីវិត​ពួកគេ ត្រូវ​ផ្លាស់ប្តូរ​ភ្លាមៗ​ដូចជា ការ​គំរាមកំហែង​នៃ​សេចក្តីស្លាប់ ការ​ឃ្លាត​ព្រាត់​មនុស្ស​ជាទី​ស្រឡាញ់ កង្វះខាត​ស្បៀងអាហារ​និង​ការភិតភ័យ​តក់ស្លុត។​

​ឥឡូវនេះ មិនមែន​លេណដ្ឋាន​ទេ តែ​យើង​កំពុង​ធ្វើសង្គ្រាម​ប្រឆាំង​ការឆ្លង​រាលដាល​នៃ​ជំងឺឆ្លង​។ វិបត្តិ​សេដ្ឋកិច្ច​និង​ការខ្វះខាត​ក្នុងចំណោម​ពលរដ្ឋ​ដែល​គ្មាន​ប្រាក់​បម្រុង​ទុក​និង​គ្មាន​ការងារ​ធ្វើជា​បន្តបន្ទាប់​។ សូមជួយ​ពួកគេ​តាម​ដែល​យើង​អាច​ធ្វើបាន សូម​គាំទ្រ​ពួកគេ​ផ្តល់ព័ត៌មាន​ត្រឹមត្រូវ​និង​ហោចណាស់​លើកទឹកចិត្ត​ពួកគេ​។​

​ភាព​អត្មា​និយម​នឹង​នាំឱ្យ​គ្រប់យ៉ាង​កាន់តែ​អាក្រក់​ឡើង​។​

​យើង​នឹងត្រូវ​លះបង់ ហើយ​ជាការ​លះបង់​ដែល​យើង​កំពុង​ធ្វើ​បណ្តើរៗ​និង​រៀន​ទម្លាប់​ជាមួយ​វា នោះ​គឺ ការ​នៅក្នុង​ទី​សុវត្ថិភាព គាំទ្រ​នឹង​ចែកចាយ​ព័ត៌មាន​ពិត លះបង់​ការដើរ​ហើរ​រហេតរហូត ចែករំលែក​អាហារ ថ្នាំ កម្លាំងចិត្ត​និង​ព័ត៌មាន ហើយ​ព្រម​ទទួលយក​ការពិត​ថា សប្តាហ៍​នេះ​តឹងតែង​ជាង​មុន យើង​ត្រូវការ​តតាំង​និង​មាន​វិន័យ​ខ្ជាប់ខ្ជួន​ជាង​មុន​។​

​សូម​អាន​

​ក្រៅពី​តាមដាន​ព្រឹត្តិការណ៍​និង​សេចក្តីជូនដំណឹង​នានា យើង​គួរតែ​អាន​ច្បាស់លាស់ ផងដែរ​អំពី​របៀប​ដែល​រាងកាយ​របស់​យើង​អាច​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​ហើយ​កុំ​ភ្លេច​ឱ្យសោះ​ថា ប្រព័ន្ធ​ភាពស៊ាំ​របស់​យើង គឺជា​កងទ័ព​ដ៏​ក្លាហាន​បំផុត ដែល​វា​តែងតែ​ការពារ​យើង​ប្រសិន​យើង​មាន​វា​។​

​អាន​កម្ពុ​ជាថ្មី អ្នកនឹង​ដឹង​ពី​វិធី​ការពារ​ខ្លួន​  ហើយ​រក្សា​តុល្យភាព​រវាង​ភាព​តឹងតែង​និង​ការ​សម្រាក ពេលយប់​ត្រូវ​សម្រាក​គួរ​សម្រាក​ផ្តល់ឱ្យ​រាងកាយ​និង​ផ្លូវចិត្ត​នូវ​ការ​សម្រាក​ពេញលេញ ស្តាប់​តន្ត្រី អាន​សៀវភៅ ព្រោះ​ប្រសិន​រាងកាយ​យើង​មិន​សម្រាក យើង​នឹង​ចាញ់​។​