អត្ថាធិប្បាយ៖ មិនមែន​ពេលដែលត្រូវព្រួយបារម្ភ ព្រោះយើងបានត្រៀមលក្ខណៈរួចរាល់

វាហាក់ថប់ដង្ហើមមែន នៅពេលដែលវត្តមានវិរុសកូរ៉ំូណាលើពលរដ្ឋខ្មែរ​ករណីទីមួយ ​ត្រូវបាន​រកឃើញ ។ ខ្ញុំបួងសួង សុំឱ្យ​នេះជាករណីដំបូង​ក៏ជាករណីចុងក្រោយ។

សង្ឃឹម​ថា បទអត្ថាធិប្បាយនេះ​ នឹង​ជួយ​ផ្លាស់ប្តូរការគិត​របស់ បុគ្គលអាត្មានិយម មនុស្ស​ឆ្លៀតឱកាស និង​ជនជ្រុលគំនិតខ្លះ។ ប្រសិន​អ្នកយល់ថាមានប្រយោជន៍​ចំពោះប្រជាជាតិមួយនេះ សូមចែករំលែកវា។

ម៉ាសនិងទឹកអនាម័យ

អ្នកដឹងទេ ថា​អ្នកកំពុងធ្វើអ្វី ខណៈដែល​កេងចំណេញ​លើស្ថានការណ៍​ហើយ​លក់វាចេញក្នុង​តម្លៃ​ដែលពលរដ្ឋជាច្រើ​នគ្មាន​លទ្ធភាព? ប្រសិន​សភាពការណ៍​អូសបន្លាយទៅមុខច្រើនសប្តាហ៍​ ហើយពួកគេ​គ្មាន​លទ្ធភាពការពារ​ខ្លួន​ ព្រះរាជាណាចក្រមួយនេះមិនបាន​រួមគ្នាការពារ​ជាតិសាសន៍ឯង តើពេលមនុស្ស​ជុំវិញ​អ្នកផ្ទុកវិរុស អ្នករស់ម្នាក់ឯងកើតដែរទេ? លុយចំណេញ​នោះ​អ្នក​យកទៅ​បញ្ចុះសពនៅឯណា?ធំប៉ុណ្ណា?

អាចព្រួយបារម្ភ ប៉ុន្តែមិនមែន​ស្លន់ស្លោ

វិបត្តិCovid19បានអូសបន្លាយតាំងពី​ខែធ្នូមកម្ល៉េះ។ មនុស្ស​រាប់ម៉ឺននាក់រួចទៅហើយ​ ដែលបាននិងកំពុង​​រស់នៅជាមួយមេរោគកូរ៉ូណា ហើយ​ជាមនុស្ស​ជាច្រើន​គួ្រសារពីគ្រប់ជ្រុង​នៃពិភពលោកនេះ បានបែកបាក់ ឃ្លាតព្រាត់គ្នា ដោយសារវា។ ប្រទេសកម្ពុជា បានរក្សាឥរិយាបទ ជាប្រជាជាតិពេញដោយ សុទិដ្ឋិនិយម មនុស្ស​ធម៌ និង អំណត់ ​ព្រមទំាង​ត្រៀមលក្ខណៈ​ជាមួយ​កិច្ចសហការ​និងអង្គការ​សុខភាពពិភពលោក ក្នុងការរួម​​តស៊ូ​ជាមួយ​ប្រជាជាតិផ្សេងៗ​ទៀត​ទូទំាង​លោកនេះប្រយុទ្ធប្រឆាំង​និងវិបត្តិជាអន្តរជាតិ។

អជ្ញាធរយើង បានប្រកាសចេញ​នូវ​វត្តមាន​ពលរដ្ឋខ្លួនដំបូង​ដែលឆ្លងវិរុស  តើនេះមិនជាអ្វីដែលយើងរំពឹង​ទុកមក?

នៅក្នុងប្រទេសមួយ ដែលសេរីភាព​នៃ​ការផ្សព្វផ្សាយ​ព័ត៌មាន សេវាកម្មអ៊ីនធើណេត និងវិសាលភាពនៃការស្រាវជ្រាវគ្មាន​ដែន​កំណត់លើអនឡាញ គ្រប់គ្នា​បានស្វែងយល់ពីរបៀបដែលពិភពលោកកំពុងរស់នៅ តស៊ូ​និងរឹងមាំ​ឆ្លងការរាតត្បាតនេះ ជាច្រើនស​ប្តាហ៍មកហើយ។

យើងដឹងហើយមែនទេ​ថា មាន​តែរស់នៅស្អាត ថែទំា និង​តាមដានព័ត៌មាន​ជា​ជម្រើស​ដែលគ្រប់គ្នា​ត្រូវចំណាយពេលវេលាជាមួយ។

ព័ត៌មាន​មិនពិត​និងញុះញុង់
បើអ្នកណាម្នាក់​ចង់បាន​Likes និង Share ចង់បន្ទោស​រដ្ឋភិបាល ចង់​កេងចំណេញ​លើស្ថានការណ៍ អ្នកឯងមិនខុសអ្វីពីពពួក​អ្នកលក់ម៉ាស​ដំឡើងថ្លៃ​ខាងលើទេ។ ខណៈ គ្រប់គ្នា ស្រេកឃ្លានព័ត៌មានពិតនាំ​ទៅដល់ ការវិភាគ​បាននូវ​ភាពប្រាកដប្រជាក្នុងកិច្ចការពារ​ខ្លួន​ គ្រួសារ​ខ្លួន​ សហគមន៍ខ្លួន និងប្រជាជាតិ​ខ្លួន តើអ្នកដែលបន្ទោស បំភ្លៃ ញុះញង់ ជេរបញ្ចោរ និង​កេងប្រយោជន៍ បានធ្វើអ្វី​ខ្លះ​ដើម្បី​ការពារ​ប្រជាពលរដ្ឋខ្លួនឯង​តាមលទ្ធភាព​ចំណេះដឹង​និងនៅក្នុងអំណាច​ដែលខ្លួនឯងអាចធ្វើបាន?

ជូនយុវវ័យ​ដែលជាសសរទ្រូងជាតិ 

ប្អូនៗ ! សាយ ពេជ្រ​ដឹងថា ប្អូនៗមានជំនាញ​ច្រើន​លើអនឡាញ Hack និង​ការច្នៃប្រឌិត​ខ្ពស់ យ៉ាងចំណាប់ចំនួន​ក្នុងរុករកទិន្នន័យ! បងដឹងថាប្អូនៗ ជា​វ័យ​បរិសុទ្ធ ហើយ​ប្អូនៗ​តែង​ទន្ទឹងចង់បានឱកាសមួយ ​ដើម្បីធ្វើរឿង​ធំដុំ​ និងមាន​តម្លៃ! ពេលវេលា​មកដល់ហើយ! ចូលរួម កម្ចាត់ព័ត៌មាន​ក្លែងបន្លំ កម្ចាត់Accបុគ្គលដែលឆ្លៀតឱកាស ក៏ជាពេលវេលា​លើម្រាមដៃទំាងដប់របស់ប្អូន មកធ្វើជាអាវុធ​ការពារ​ព្រះរាជាណាចក្រមួយនេះ បំផ្លាញពួកអ្នកកេងចំណេញលើសេដ្ឋកិច្ច ​នយោបាយ និង សូមប្អូន​រួមចំណែកបញ្ជូន​ព័ត៌មានពិត និងមាន​តម្លៃ ដល់​គ្រប់ទូរសព្ទ​ដៃ​ខ្មែរយើង ជុំវិញ ស្មារតីរឹងមាំ​និង​ឆ្លងកាត់ជាមួយគ្នា។

សេដ្ឋកិច្ចកម្ពុជា

យើងបានឃើញសន្និសិទសារព័ត៌មានស្ទើរតែរាល់ថ្ងៃ ដើម្បីផ្តល់នូវដំបូន្មានសុខភាពវិវត្តថ្មីចុងក្រោយ និងព្យាយាមធ្វើឱ្យប្រជាជាតិមួយនេះមាន​អារម្មណ៍ច្បាស់ តថភាព មិនវឹកវរទៅតាម​ការបំពុល។

នៅគ្រប់ទីកន្លែង យើងអាចទាយដឹងថា អ្នកជំនាញកំពុងគេងមិនបានលើសពី៣ម៉ោង ព្យាយាមស្វែងយល់ពីរបៀបដែលវីរុសរីករាលដាលនិងការប៉ះពាល់ដល់សេដ្ឋកិច្ចដើម្បីការពារជាតិមួយនេះ។ កុំ​ជឿតាមគេ ហើយ​គិតថា អ្វីដែលអាក្រក់បំផុតទំនងជាកំពុងចូលមក។ ពិភពលោកបានជួបរឿងអាក្រក់បំផុត​តាំំងពីសប្តាហ៍មុនមកម្ល៉េះ​ពេលដែលWall Street ប្រកាសថា ចរន្តពាណិជ្ជកម្មគ្រប់វិស័យ​បានធ្លាក់អាក្រក់ជាងវិបត្តិសេដ្ឋកិច្ច​២០០៨ទៅហើយ។
សេណារីយ៉ូដែលអាចកើតមាននៅកម្ពុជា​បន្ត​គឺ​ ប្រសិន​ព័ត៌មាន​មិនពិត​អាចកាន់កាប់បានព្រះរាជាណាចក្រមួយនេះ ជនមួយក្តាប់នឹង​បានចំណេញ​កប់ក្តោង​ក្រោម​ការជាប់គាំង​របស់ជាតិទំាងមូល ហើយ​ទំាងនេះ​គឺជា​អំណាចនៃសារព័ត៌មាន ​និងអំណាច​នៃការ​សម្រេចចិត្ត​ថាយើង​ចូលរួមជួយឬចូលរួម យកជើងរាទឹក?

ការរាតត្បាតនៅភ្នំពេញនិងបណ្តាខេត្តផ្សេងពីសៀមរាប

វាលឿនពេកណាស់ ក្នុងការព្យាករណ៍ទៅរកអវិជ្ជមាន ចំណែក​ការពិត​ដែលមនុស្ស​អគិតព្យាយាម​ជាន់ចោល​ក្រោមបាតស្បែកជើងជាបញ្ញវន្តរបស់ពួកគេ គឺការដែលអជ្ញាធរបានត្រៀមរួចរាល់គ្រប់ទីកន្លែង​ហើយ​ក្នុងការ​តតាំង​ជាមួយការឆ្លងរាលដាល។

តើ​ជ្រើសរើសរស់នៅដោយ​ភ័យខ្លាច ​ឬជ្រើស​យកការជឿជាក់លើខ្លួនឯង?

មានការបន្ទោសជាច្រើនលើបណ្តាញសង្គម​អំពីថា ​ហេតុអ្វី​យប់មិញហើយ​រដ្ឋាភិបាលមិនបិទសៀមរាប?

តើដែលនិយាយនេះមានគិត​ទេ? អ្នកសៀមរាបគ្នា​ខុសអី? Virus កំពុងតែមាន​វត្តមាន​ពាសពេញពីភពលោកនេះ តើ​យើង​រត់គេចដោយការភ័យខ្លាចហើយ​បោះបង់ញាតិផៅយើងចោល​ ឬ​មួយ​ក៏យើងតស៊ូជាមួយវា? តើយើង​ចង់បោះបង់ រាំងខ្ទប់យ៉ាងសោកនាដកម្ម ដូចដែលអ្វីមួយ​យ៉ាងជូរចត់​បានកើតមាន​លើនាវា ឌីយ៉ាម៉ងព្រីនសេស ដែរ?

១ សូមច្បាស់ពីវិធីការពារ ដោយទទួលស្តាប់តែព័ត៌មាន​ដែលត្រឹមត្រូវ!

២ ចូលរួមវាយផ្តួលព័ត៌មាន​កេងបន្លំ!

៣ លើសពីជួយខ្លួនឯង សូមជួយ​អ្នកដទៃណា​ដែល​ត្រូវការ​!

សាយ ពេជ្រ