អត្ថាធិប្បាយ៖ សេដ្ឋកិច្ចពិភពលោក​ កំពុងក្លាយជាព្យុះកំបុតត្បូងបោកលើអាមេរិក

ការខាតបង់ក្នុងរយៈពេលបីសប្តាហ៍កន្លងមកនេះ បានធ្វើអោយភាគហ៊ុនអាមេរិកបោះពួយធ្លាក់ចុះយ៉ាងជ្រៅសន្លឹមទៅក្នុងអ្វីដែលគេហៅខ្លីថា ជាការដួលរលំនៃទីផ្សារស្តុក។ 

កាសែត​ញូយ៉កថែមស៍ អាធ្រាត​ថ្ងៃទី០៩មិនាយប់មិញ បាន​សរសេរធំៗថា  ព្យុះកំបុតត្បូងនៃវដ្តដ៏កាចសាហាវកំពុង​បោកបក់មកលើសហរដ្ឋអាមេរិកព្រោះ​តែការធ្លាក់ចុះគំហុក​នៃតម្លៃប្រេងឆៅ បានបង្កឱ្យមានប្រតិកម្មដាច់កង់ៗ នៅក្នុងសង្វាក់ទីផ្សារហិរញ្ញវត្ថុ ដែលជាវដ្ដិដ៏មាំ​នៃWall Street ហើយធ្វើឱ្យគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក។

ជាដំបូង​មុនយល់អំពីសេដ្ឋកិច្ច គួរដឹងសិនថា អ្វីទៅ Wall Street?

Wall Street គឺជានិមិត្តរូប និងជា​មជ្ឈមណ្ឌលភូមិសាស្ត្រនៃមូលធននិយមអាមេរិក។ ជានិមិត្តរូប Wall Street សំដៅទៅលើធនាគារមូលនិធិការពារហានិភ័យនិងពាណិជ្ជករមូលបត្រទាំងអស់ ដែលជំរុញប្រព័ន្ធហិរញ្ញវត្ថុអាមេរិក។ បើមើលតាមភូមិសាស្ត្រ Wall Street គឺជាមជ្ឈមណ្ឌលនៃសង្កាត់ហិរញ្ញវត្ថុរបស់ Manhattan ។  ផ្សារហ៊ុនញូវយ៉កមានទីតាំងស្ថិតនៅក្បែរនោះប៉ុន្តែនៅតែត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃ Wall Street ដែរ ចំណែក ធនាគារបម្រុងរបស់សហព័ន្ធញូវយ៉កស្ថិតនៅផ្លូវ លេខ៣៣ ។

ហេតុអ្វី Wall Streetសំខាន់
ព្រោះWall Street រួមបញ្ចូលទាំងផ្សារភាគហ៊ុន ទីផ្សារមូលប័ត្រ ទីផ្សារទំនិញ ទីផ្សារអនាគតនិងទីផ្សារប្តូរប្រាក់បរទេស។ គោលបំណងដើមនៃទីផ្សារមូលបត្រ គឺដើម្បីរៃអង្គាសប្រាក់ សម្រាប់ដាក់ឱ្យ​ទៅក្រុមហ៊ុននានាទទួលយកទៅវិនិយោគបង្កើតទីផ្សារ​ការងារឡើង​ពាសពេញលោកយើងនេះ។ ធនាគារធំៗ បាន​ប្រើប្រាស់ប្រាក់សន្សំនោះ​ ដើម្បីយកទៅវិនិយោគលើមូលបត្រហៅថា និស្សន្ទវត្ថុ (Derivatives)។ ពួកគេផ្អែកលើប្រភេទផ្សេងៗគ្នានៃ ប្រាក់កម្ចីរួមមាន បំណុលកាតឥណទាន មូលបត្រក្រុមហ៊ុន និងប្រាក់កម្ចីទិញផ្ទះ។ល។

នៅឆ្នាំ២០០៨ Wall street បានធ្វើការដកហូតលុយវិនិយោគទំាងនោះមកវិញ បណ្តាលឱ្យ​វិបត្តិហិរញ្ញវត្ថុធំមួយគ្របដណ្តប់លើឆ្នាំ ២០០៨ ។ ដោយសារតែ​ឧបករណ៍ហិរញ្ញវត្ថុរបស់ខ្លួន មានមូលដ្ឋានលើប្រាក់កម្ចី ដូច្នេះឱ្យតែនយោបាយមាន​បញ្ហា Wall Street នឹងភ័យស្លន់ស្លោព្រោះទីផ្សារភាគហ៊ុនសកលធ្លាក់ចុះ ហើយធនាគារនានាឈប់ផ្តល់ប្រាក់កម្ចីដល់គ្នាទៅវិញទៅមក បង្កើតជាវិបត្តិសេដ្ឋកិច្ចអាក្រក់ចលាចល។ រឿងតែមួយគត់ដែលបញ្ឈប់ភាពភ័យស្លន់ស្លោបាននោះ គឺរដ្ឋាភិបាលអាមេរិក​បានជួយឧបត្ថម្ភថវិកាទៅឱ្យ​ Wall Street ជាមួយកម្មវិធី TARP ក្នុងឆ្នាំ ២០០៨ និងស្តារទំនុកចិត្តឡើងវិញជាមួយនឹងកញ្ចប់សកម្មភាពសេដ្ឋកិច្ចក្នុងឆ្នាំ ២០០៩ ។

នៅឆ្នាំ ២០១០ សភាអាមេរិក បានអនុម័តច្បាប់កែទំរង់ដើម្បីការពារវិបត្តិសេដ្ឋកិច្ចមួយជាំន់ទៀត ដោយផ្តល់ឱ្យរដ្ឋាភិបាលនូវអំណាចចូលទៅត្រួតពិនិត្យបន្ថែមលើWall-street។ ឧទាហរណ៍ក្រុមហ៊ុនហិរញ្ញវត្ថុមិនមែនធនាគារដូចជាមូលនិធិការពារហានិភ័យ។ល។ ត្រូវបានគេតម្រូវឱ្យចុះឈ្មោះជាមួយគណៈកម្មការមូលបត្រនិងផ្តល់ព័ត៌មានជានិច្ច​អំពីការជួញដូរនិងការកាន់កាប់សរុបរបស់ពួកគេលើទំហំទឹកប្រាក់។

ចលនាប្រជែង​កាន់កាប់សេដ្ឋកិច្ច​ពិភពលោក

Covid19 ដែលបានចាប់ផ្តើមកាលពីចុងឆ្នាំមុន បានវាយបំបាក់​សេដ្ឋកិច្ចដ៏មានសក្តានុពលនៅក្នុងប្រទេសចិន ដែលពេលនេះ​បានវិវត្តមកជាភាពចលាចល ក្រោយការដាំក្បាលធ្លាក់នៃ​កម្លាំងហិរញ្ញវត្ថុ។

ព្យុះកំពុងមាន​ ស្រាប់តែ ការប្រយុទ្ធគ្នាថ្មីដែលគ្មាន​អ្នកណា​បានរំពឹងទុករវាងរុស្ស៊ីនិងអារ៉ាប៊ីសាអូឌីតកើតឡើងមកផ្ទួននៅយប់ថ្ងៃអាទិត្យ  ក្រោយ​ប្រទេសអារ៉ាប់ប៊ីសាអូឌីតប្រកាសថាខ្លួននឹងបង្កើនផលិតកម្មប្រេង​ហើយ​វាយទម្លាក់ថ្លៃ។

តម្លៃប្រេងបានធ្លាក់ចុះ២០ភាគរយ កាលថ្ងៃច័ន្ទម្សិលមិញនេះ ក៏ជាការធ្លាក់ចុះខ្លាំងបំផុត រាប់ពីក្រោយសង្គ្រាមឈូងសមុទ្រពែរ្ស ។ ស្ថានការណ៍នេះ បាន​ធ្វើឱ្យ​ប្រធានាធិបតី Trump ចាត់់វិធាណការណ៍ បន្ទាន់ភ្លាមៗ ជាមួយមេដឹកនាំសភាមកពីគណបក្សសាធារណរដ្ឋ​ថា គេត្រូវកាត់បន្ថយពន្ធលើប្រាក់បៀវត្សនិងកែច្បាប់ខ្លះ ដើម្បីការពារអ្នករកប្រាក់ឈ្នួលតាម​ម៉ោងនិងរក្សា​តួលេខមានការងារធ្វើ។

ការចុះតម្លៃប្រេង​នៅOPECហេតុអ្វីទៅជាវិបត្តិ?

គួរចាប់ពន្យល់ដូច្នេះវិញ គឺ ដំបូងបង្អស់យើងមានបញ្ហា​ពីវីរុសដែលរីករាលដាលពាសពេញពិភពលោក ធ្វើឱ្យប្រទេសចិន ដែលជាបេះដូងនៃ​ឧស្សាហកម្មជាប់គាំង។  ហើយឥលូវនេះទៀត ប្រទេសអ៊ីតាលីនិងបណ្តាទីផ្សារ​ដ៏មាន​សក្តានុពលនៅអឺរ៉ុប ត្រូវបិទទំាងស្រុង។ ទីពីរ តម្លៃប្រេងដែលគំរាមកំហែងធ្វើឱ្យអន្តរាយដល់ឧស្សាហកម្មប្រេង ធ្វើឱ្យអាមេរិកជំពាក់បំណុលប្រេង​ខ្លាំងហើយ​ដែលអ្នកវិភាគ​ខ្លះ​កំពុង​និយាយនៅព្រឹកនេះ​ថារុស្ស៊ីបានចាប់ផ្តើមធ្វើបាបអាមេរិកដោយចេតនា។

លទ្ធផលចុងក្រោយជាអ្វីទៅ?

ប្រសិន​មហាអំណាច​ជួបវិបត្តិ កុំគិត​ថា សេដ្ឋកិច្ចសកលនឹង​រួចខ្លួន។ ប្រាក់ចំណូលក្រុមហ៊ុនយក្ខនិងខូចអសារ ដែល​ជំរុញឱ្យមានភាពអត់ការងារធ្វើកើនឡើងគ្រប់ទីកន្លែង។

គ្រោះថ្នាក់នៃការជំពាក់បំណុលសាជីវកម្មដែល​នឹង​សម្លាប់​ពាណិជ្ជកម្មនានាបានត្រឹម​មួយយប់ តាមរយៈអាវុធហិរញ្ញវត្ថុ។

សប្តាហ៍មុន លោកដូណាល់ត្រាំបានប្រកាសបញ្ចេញ​កញ្ចប់ថវិកា(ជំរុញសេដ្ឋកិច្ច) មកប្រើ​ ក្នុងគោលបំណងការពារការងារដល់ពលរដ្ឋ ជាពិសេសក្នុងឧស្សាហកម្មណា ដែលទាក់ទងនឹងការធ្វើដំណើរ ដូចជាទេសចរ អាកាសចរ បដិសណ្ឋារកិច្ច ដោយមានគោលបំណងរក្សាកម្មករឱ្យនៅមានការងារ​ធ្វើសិន។

ទោះយ៉ាងណាពេលវេលាសប្តាហ៍នេះ កាន់តែវិវត្តផ្ទុយ។ បរិយាកាសពាណិជ្ជកម្ម​កំពុងតែមើលទៅអាក្រក់ឡើង ៗ ខណៈធនាគារបម្រុងអាមេរិក​ប្រកាស​​ទប់លែងរួចជាមួយការ​បញ្ចុះការប្រាក់ ហើយ​សង្គ្រាម​ប្រេងក៏កំពុងផ្ទុះក្នុងពេលតំណាលគ្នាដូចសេណារីយើ។​ ប្រទេសស្តុកប្រេងដូចអាមេរិកកាន់តែទប់លែងជាប់។

អ្នកវិភាគនិយាយថា​​ សង្គ្រាមប្រេងកំពុងឆេះ

ក្រុមអ្នកវិភាគនៅលើកាសែតធំៗ និយាយ​ថា ទោះបីជាមិនមានវីរុស Covid19បង្ហាញខ្លួន​ ក៏តម្លៃប្រេងនឹង​ត្រៀមជានិច្ច​ ក្នុងការធ្វើសង្រ្គាម ដោយ​សារ​វា​ មានសក្តានុពល​ក្នុងការធ្វើឱ្យអតុល្យភាព អស្ថេរភាពជាសកលនិងបោក​រញ្ជួយទីផ្សារហិរញ្ញវត្ថុបាន។

ខណៈពេលដែលសង្រ្គាម កំពុង​បញ្ចេញ​ឱ្យ​មើលឃើញច្បាស់រវាងប្រទេសរុស្ស៊ីនិងអារ៉ាប៊ីសាអូឌីត គ្រប់គ្នា​ដឹងថា មិនមែន​OPECទេ ដែលរុស្សី​ចង់វាយ ប៉ុន្តែ​គោលដៅគឺ សហរដ្ឋអាមេរិក។

តម្លៃប្រេងដ៏ខ្ពស់ បានត្រួសត្រាយផ្លូវសម្រាប់សហរដ្ឋអាមេរិក ឱ្យក្លាយជាអ្នកដែលអាច​គ្រប់គ្រងថាមពលឥន្ទនៈធំជាងគេ ឯការទម្លាក់តម្លៃ​ប្រេងបាន​ធ្វើឱ្យជញ្ជីង Wallstreet ស្រាប់តែបះចង្ក្រាង បន្ថែមពីលើវិបត្តិកូរ៉ូណា​ដែលអូសបន្លាយ។

ប្រេងមានប្រវត្តិដ៏គួរឱ្យចងចាំមួយ​របស់វា គឺសេដ្ឋកិច្ចនិងនយោបាយអស្ថិរភាពពីឡើងថ្លៃប្រេងនៅទសវត្សឆ្នាំ ១៩៧០ ។ ស្ថានភាពនោះ បានផ្លាស់ប្តូរនយោបាយពិភពលោក ជំរុញ​អតិផរណាកើនឡើងប៉ុន្តែ​វិបត្តិបំណុលឡាតាំងមួយទសវត្សរ៍ក្រោយមក បានបោក រញ្ជួយធនាគារអាមេរិក។

ចំពោះមុខជាអទិភាពក្នុងសប្តាហ៍នេះ ប្រទេ​សធំៗ ដូចជា អង់គ្លេស អូស្រ្តាលី និងជប៉ុនបាន​ជ្រើស​រើស​យក​គ្រប់គ្រងជៀសវាងវិបត្តិសេដ្ឋកិច្ចតាមរយៈការ​រក្សាកម្មករឱ្យមាន​ការធ្វើកាន់តែច្រើនតាមដែលអាច​ធ្វើទៅបាន ហើយរដ្ឋកំពុង​រកគ្រប់វិធីការពារបណ្តា​អាជីវកម្មខ្នាតតូចនិងមធ្យមឱ្យ​នៅបន្តប្រតិបត្តិការ បើមិនដូច្នេះទេវិបត្តិដ៏ជ្រៅនឹងកើតឡើង។

ប្រជាជាតិផ្សេងទៀតជាពិសេសប្រទេសនានា​នៅអឺរ៉ុបបានប្តូរ​ទៅតាមវិធីផ្សេងៗរៀងខ្លួនដែរ ។

បើអ្នកជាវិនិយោគិន​សូម តាមដានឱ្យជាប់ ជាមួយ កម្ពុជាថ្មី

សាយ ពេជ្រ