ចាប់​ខ្លួន​ជន​ឆបោក​ប្រាក់​២.៩​លាន​ដុល្លារ​ លក់​ដី​ខ្យល់​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ចិន

កំពង់ស្ពឺ ​៖​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កណ្តាល កាលពី​ព្រឹក​ថ្ងៃ​ទី​១៥​ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ បាន ឃាត់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ ​ករណី​ឆបោក ក្នុង​អំពើ​ទិញ​លក់​ដី​ខ្យល់​ក្នុង​ទំហំ​ទឹកប្រាក់ ២ .៩​លាន​ដុល្លារ ឲ្យទៅ​ក្រុមហ៊ុន​វិនិយោគ​ចិន​មួយ។

ជន​ឆបោក​ ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ កែវ មុនី​រតន៍ អាយុ​៥៥​ឆ្នាំ ស្នាក់នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម LEGCY ជាន់​ទី​៤ ផ្លូវ​មហាវិថី​ម៉ៅ​សេទុង សង្កាត់​ទួល​ទំពូង ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

ឈ្មោះ​កែវ មុនី​រតន៍ ត្រូវបាន​ចាប់ខ្លួន​តាម​ដីកា​បញ្ជា​ឲ្យចូល​ខ្លួន​របស់លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី ១២​កុម្ភៈ ឆ្នាំ​២០២០​នេះ ក្រោម​ការសង្ស័យ​ពីបទ ឆបោក។

ជនសង្ស័យ​ឈ្មោះ កែវ មុនី​រតន៍ ត្រូវ​បាន​ជនរងគ្រោះ​ជា​ជនជាតិ​ចិន ឈ្មោះ​ជៃ ហួ​ម៉ី​ង ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ រស់នៅ​សង្កាត់​បឹង​កេងកង ខណ្ឌ​បឹង​កេងកង ប្ដឹង​ពី​បទ​ឆបោក​នូវ​ទឹកប្រាក់​ចំនួន ២,៩០០,០០០​ដុល្លារ ពាក់ព័ន្ធ​ករណី​ទិញ​លក់​ដីធ្លី​ទំហំ ៣៣​ហិកតា នៅ​ចំណុច​គី​ឡូត៍​ម៉ែត្រ​លេខ​៣២ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤១ ស្ថិតនៅ​ភូមិ​ព្រៃ​ឃ្លេ ឃុំ​ពោធិ៍​ម្រា​ល ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពី​អំឡុង​ខែ​តុលា ឆ្នាំ​២០១៩ កន្លងទៅ។

ក្រៅពី​ឈ្មោះ កែវ មុនី​រតន៍ ជនរងគ្រោះ​ក៏បាន​ប្ដឹង​ឈ្មោះ អា​យាំង ភេទ​ស្រី ជនជាតិ​ចិន និង​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ម្នាក់ទៀត​មិន​ស្គាល់ឈ្មោះ ជា​បក្សពួក។ ជនសង្ស័យ និង​មន្ត្រីនគរបាល​ជាន់ខ្ពស់​ម្នាក់ នៃ​ក្រសួងមហាផ្ទៃ និង​ឈ្មោះ អា​យាំង​ស្ត្រីជន​ជាតិចិន បាន​ធ្វើ​កិច្ចសន្យា​ទិញ លក់​ដី នៅ​ខេត្តកំពង់ស្ពឺ​ទៅឲ្យ​ជនរងគ្រោះ ដោយ​អះអាងថា ជនសង្ស័យ​ជា​ម្ចាស់​ដី​ផ្ទាល់ និង​មាន​មន្ត្រីនគរបាល នៃ​ក្រសួងមហាផ្ទៃ​ជា​សាក្សី ប៉ុន្តែ​តាម​ការពិត​ពួកគេ ពុំមាន​ដី​ប្រគល់​ឲ្យ​ជនរងគ្រោះ​តាម​កិច្ចសន្យា​ឡើយ ទើប​ជនរងគ្រោះ​ប្តឹង​ឲ្យ​តុលាការ​ជួយ​រក​យុត្តិធម៌​ឲ្យ​តែម្តងទៅ​។​

ជនសង្ស័យ និង​បក្ខពួក បាន​ប្រើ​ឧបាយកល​ក្រោមរូបភាព​ដើរ​ប្រមូល​ទិញ​ដី​ប្រជាពលរដ្ឋ ដោយ​កក់​ប្រាក់​បន្តិចបន្តួច រួច​លបលួច​ធ្វើ​ប្លង់​មេ យកទៅលក់​បន្ត​ឲ្យ​ក្រុមហ៊ុន​របស់​ជនរងគ្រោះ​។ នៅពេល ក្រុមហ៊ុន​របស់​ជនរ​ង​គ្រោះ ប្រគល់​លុយ​ឲ្យ​ជនសង្ស័យ និង​បក្ខពួក​យកទៅ​ឲ្យ​ថ្លៃ​ដី​របស់​ប្រជាពលរដ្ឋ បែរជា​ពួកគេ​យក​ជា​ទ្រព្យ​ផ្ទាល់ខ្លួន​អស់។ បន្ទាប់ពី​ក្រុមហ៊ុន​ទៅរក​ដី​ដែល​បាន​ទិញ​ពី​ជនសង្ស័យ បែរជា​ប្រជាពលរដ្ឋ​មិន​ព្រម​ប្រគល់​ដី​នោះ​ជូន​ក្រុមហ៊ុន ដោយ​ចោទប្រកាន់ថា ក្រុមហ៊ុន​មិនទាន់​ប្រគល់​លុយ​ថ្លៃ​ដី​ឲ្យ​ពួកគេ​នៅឡើយ។ ក្នុងនោះ​ការទិញ លក់ ដី​លើក​ទី​១ ក្រុមហ៊ុន​រងគ្រោះ​បានប្រគល់​លុយ​គ្រប់​ចំនួន​២​លាន​ដុល្លារ។ លើក​ទី​២ ក្រុមហ៊ុន​កក់​លុយ​ចំនួន​៨០​ម៉ឺ​ន​ដុល្លារ​ក្នុង​ការទិញ​លក់​ដី​មួយកន្លែង​ទៀត និង​ក្រុមហ៊ុន​ប្រគល់​ប្រាក់​១០​ម៉ឺ​ន​ដុល្លារ​សម្រាប់ធ្វើ​ស្ពាន​ឆ្លង​ចូលទៅ​ដី​ដែល​ក្រុមហ៊ុន​ទិញ។

​ដោយសារតែ​ជនសង្ស័យ និង​បក្ខពួក ប្រើល្បិច​បោកប្រាស់​ទាំង ប្រជាជន និង​ក្រុមហ៊ុន បែបនេះហើយ ​ទើប​ជនរងគ្រោះ​សម្រេច​ដាក់ពាក្យ​ប្តឹង​ជនសង្ស័យ និង​បក្ខពួក ទៅកាន់​តុលាការ ដើម្បី​ឲ្យ​ជួយ​រក​យុត្តិធម៌​ជូន​ក្រុមហ៊ុន​ខាតបង់​ប្រាក់​ចំនួន​២.៩​លាន​ដុល្លារ ដោយ​អំពើ​ឆបោក​នេះ ៕ មករា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114