ថៃបិទទ្វារ​សាលារៀន​មួយ​ ក្រោយ​រក​ឃើញ​មានសិស្ស​ម្នាក់​ឆ្លងវីរុសកូរ៉ូណា និងសង្ស័យ​ថាអាច​ចម្លង​ទៅមិត្ត​រួម​ថ្នាក់់

សាលារៀនមួយ​ក្នុង​ប្រទេស​ថៃមានឈ្មោះ Phraharuthai Donmuang School កំពុង​ត្រូវ​បាន​បិទទ្វារ​បណ្ដោះអាសន្ន​យ៉ាងហោច ១៤​ថ្ងៃ​ បន្ទាប់​ពី​រក​ឃើញ​ថា​សិស្ស​ម្នាក់​នៅ​សាលា​នោះ​មាន​ផ្ទុក​វីរុស​ COVID-19 កាល​ពីម្សិលមិញ។

កាល​ពី​ថ្ងៃពុធម្សិលមិញនេះ ក្រសួង​សុខាភិបាល​ថៃ​បាន​ប្រកាស​ថា​បាន​រកឃើញ​ករណី​ឆ្លង​កូរ៉ូណា​ COVID-19 ចំនួន ៣ករណី​ទៀត​ធ្វើ​ឲ្យ​ករណី​ឆ្លង​ក្នុង​ប្រទេស​នេះ​សរុប​ឡើង​ដល់ ៤០ករណី។ ករណី​ឆ្លង​ថ្មី​ទាំង​ ៣​ដែល​ត្រូវ​បាន​ប្រកាស​កាល​ពី​ម្សិលមិញ​នេះ គឺជា​គ្រួសារ​តែមួយដែលមានយាយ តា និង​ចៅប្រុស​អាយុ ៨ឆ្នាំ ដោយ​យាយតាបាន​ឆ្លង​ជំងឺនេះ​ពេល​ទៅ​ប្រទេស​ជប៉ុនចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ ខែកុម្ភៈ ហើយ​ក៏​បាន​ចម្លងមក​ចៅពេលមក​ដល់ប្រទេស​ថៃវិញ។

ពួកគាត់បានទៅមន្ទីរពេទ្យកាលពីថ្ងៃអាទិត្យដោយសារក្អកប៉ុន្តែមិនបានប្រាប់គ្រូពេទ្យថាខ្លួនបានទៅប្រទេសជប៉ុនទេរហូតដល់ត្រូវចូលមន្ទីរពេទ្យមួយយប់។

ក្រោយរកឃើញថាកុមាររូបនោះមានផ្ទុកវីរុស COVID-19 សិស្សនៅសាលារៀនដែល​ក្មេង​ប្រុស​នោះរៀន និងបុគ្គលិក​ទីនោះទាំងអស់ក៏ត្រូវបានគេធ្វើតេស្ត៍រកមើលមេរោគនេះ ជាពិសេសមិត្តរួមថ្នាក់ក្មេងប្រុសនោះទាំង ៣០ នាក់ និងគ្រូបង្រៀនផ្ទាល់របស់គេចំនួន ១១ នាក់។ ក្រោយការ​ស៊ើបសួរ​ គ្រូ សិស្ស និងបុគ្គលិកសាលារៀន​សរុប ៣៦នាក់​ត្រូវ​បាន​ដាក់​បម្រាម​ឲ្យ​នៅ​ដាច់​ដោយឡែក​ចំនួន ១៤ថ្ងៃ​ដើម្បី​តាមដាន​សុខភាព ហើយ​សាលារៀន​នឹង​ធ្វើ​ការ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​រយៈ​ពេល ១៤ថ្ងៃ​ដូច​គ្នា​មុន​នឹង​បើក​ទ្វារ​ដំណើរ​ការ​វិញ។

ឪពុករបស់ក្មេងប្រុសនោះក៏បានទទួលការធ្វើតេស្តដែរ។ ទោះបីជាលទ្ធផលត្រូវបានគេរាយការណ៍ថាមានអវិជ្ជមាន ប៉ុន្តែគាត់ក៏ត្រូវឈប់ពីការងារចំនួនពីរសប្តាហ៍ដើម្បីតាមដានបន្ត ៕

ប្រែសម្រួល៖ វ៉ាន់ថន