អ្នកវិទ្យាសាស្រ្តធ្វើគំរូពីវិធីឆ្លងនៃវីរុស Covid-19 ជាមួយកុំព្យូទ័រ

ប្រទេសបារាំង៖ ខណៈមេរោគឆ្លងវីរុស Covid-19 កំពុងរាតត្បាតពាសពេញពិភពលោក អ្នកវិទ្យាសាស្ត្របានព្យាយាមប្រើបច្ចេកទេសទំនើបដោយយកគំរូតាមកុំព្យួទ័រ ដើម្បីព្យាករណ៍ពីករណីស្លាប់ និងការឆ្លងរាលដាលនៃវីរុសនេះ។

ប៉ុន្មានទសវត្សថ្មីៗនេះ គេបានឃើញថាមពលរបស់អ្នកកែច្នៃកុំព្យូទ័រថ្មីបូករួមជាមួយគំរូគណិតវិទ្យាមានភាពកាន់តែទំនើបដើម្បីផ្តល់ភាពងាយស្រួលឱ្យអាជ្ញាធរសុខភាពយល់កាន់តែច្បាស់ថា តើជំងឺកូរ៉ូណារាលដាលនិងមានល្បឿនយ៉ាងដូចម្តេច។

ទោះបីជាមានកំហុសនៅពេលបង្កើតគំរូនេះដែលមិនអាចចៀសផុតក៏ដោយ ប៉ុន្តែបច្ចុប្បន្នអ្នកវិទ្យាសាស្ត្រអាចព្យាករណ៍ពីវិធីដែលវីរុសបានសម្លាប់មនុស្ស និងរបៀបចម្លងរបស់វា។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលបារាំងលោកស្រី Agnes Buzyn បាននិយាយនៅថ្ងៃទី ១៤ ខែកុម្ភៈថា លោកស្រីបានជួបពិភាក្សាតាមទូរសព្ទជាមួយសមភាគី G7 របស់ខ្លួនដើម្បីពន្លឿនគំរូលើកុំព្យូទ័រនៃការរីករាលដាលនិងភាពធ្ងន់ធ្ងរនៃជំងឺកូរ៉ូណា។ គំរូដែលត្រូវយកទៅបង្កើតមានកត្តាដូចជា គិតទៅលើទិន្នន័យនៃប្រវត្តិរបស់វីរុស ឬវីរុសដែលធ្លាប់កើតក្នុងប្រវត្តិសាស្ត្រ  អត្រាចម្លង អត្រាមរណភាព និងអត្រានៃការរើឡើងវិញនៃអ្នកជំងឺ។

លោក Arnaud Banos មកពីមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្របារាំងបាននិយាយថា ការបង្កើតគំរូមិនមែនជារឿងងាយស្រួលនោះទេ វាត្រូវការពេលដើម្បីសម្របខ្លួនតាមភាពជាក់ស្តែងនៃការវិវត្តន៍របស់វា។ ក្នុងនោះអ្នកស្រាវជ្រាវត្រូវអនុវត្តការពិសោធដោយបញ្ចូលទិន្នន័យថ្មីនៅពេលវាលេចលទ្ធផលចេញមក។

ក្រុមជនជាតិអង់គ្លេសនៅសាលាអនាម័យនិងឱសថនៃទីក្រុងឡុងបានប្រើប្រាស់គំរូកុំព្យូទ័រក្នុងសប្តាហ៍នេះដើម្បីប៉ាន់ស្មានពីកម្រិតខ្ពស់បំផុតនៃការផ្ទុះឡើងនៃវីរុស។ គេបានរកឃើញថា ទីក្រុង Wuhan អាចនឹងកើនឡើងអ្នកជំងឺនិងអ្នកស្លាប់ចាប់ពីពាក់កណ្តាលដល់ចុងខែកុម្ភៈ។

លោក Rowland KAO សាស្រ្តាចារ្យផ្នែកពេទ្យសត្វនិងវិទ្យាសាស្ត្រទិន្នន័យនៃសាកលវិទ្យាល័យ Edinburgh បានត្រៀមខ្លួននូវការប្រុងប្រយ័ត្នចំពោះលទ្ធផលនៃគំរូនោះ។

ការសិក្សាមួយដែលបានចេញផ្សាយនៅដើមខែកុម្ភៈ បានធ្វើគំរូថា យ៉ាងហោចណាស់មនុស្ស ៧៥ ពាន់នាក់បានឆ្លងមេរោគនៅអ៊ូហាន។ ប៉ុន្តែគំរូខ្លះដែលបានចងក្រងនៅដំណាក់កាលដំបូងនៃការផ្ទុះមានលទ្ធផលមិនត្រឹមត្រូវនោះទេ ដោយសារតែកង្វះទិន្នន័យទាក់ទងនឹងមូលដ្ឋានដើម។

លោក Banos បានបន្ថែមថា “ គំនិតនៃការបង្កើតគំរូលើកុំព្យូទ័រគឺសម្រាប់ប្រមូលទិន្នន័យតួរលេខជាអចិន្ត្រៃយ៍ ដើម្បីឱ្យផ្ដល់សញ្ញាដោយស្វ័យប្រវត្តិទាក់ទងទៅនឹងការវិវត្តនៃជំងឺកូរ៉ូណា” ៕

ចុចអាន៖   ជីវិតពិតក្រោយ​ត្រូវដាក់ឱ្យរស់ដោយឡែក​១៤ថ្ងៃលើកោះគ្រីស្មាស់ព្រោះCovid19

អ្នកស្លាប់ដោយវីរុសកូរ៉ូណាឡើងដល់ ១៨៧៣នាក់ ខណៈចិនរកឃើញវិធីព្យាបាលដ៏មានប្រសិទ្ធភាពដោយប្រើថ្នាំគ្រុនចាញ់

ប្រែសម្រួល៖ សន្យា