BREAKING NEWS
Search

ស្នាដៃ​ចម្លាក់​ផុស ពុទ្ធប្រវត្តិ​មាន​បង្កប់​អត្ថន័យ និង​ភាព​រស់រវើក​

​សៀមរាប ៖ ចម្លាក់​ផុស​ពី​ស៊ីម៉ងត៍ បាន​បន្ត​ផ្សព្វផ្សាយ​ស្នាដៃ​របស់ខ្លួន​នៅតាម​វត្ត​អារាម​ ដោយ​ឆ្លាក់​ជា​ពុទ្ធរូប មាន​ភាព​រស់រវើក ដែល​ធ្វើឲ្យ​ភ្ញៀវ​​បរទេស​មានការ​ចាប់​អារម្មណ៍​ជាខ្លាំង។

លោក អេង សំអាត ម្ចាស់​ចម្លាក់​ផុស ឬ​ចម្លាក់​លៀន ដែលមាន​ទីតាំង​នៅក្នុង​ខេត្តសៀមរាប​បានឲ្យ​ដឹង​ទៀតថា មកដល់ពេលនេះ ស្នាដៃ​ចម្លាក់​ផុស​នេះ​ធ្វើឲ្យ​មាន​ការចាប់អារម្មណ៍​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ។

លោក សំអាត បន្តថា ការ​ឆ្លាក់​ផុសពី​ស៊ីម៉ងត៍​នេះ មាន​លក្ខណៈ​បត់បែន​ខ្លាំង​ ដោយ​ក្នុងនោះ​មាន​រូប ពុទ្ធិ​មាតា ពិបាក​ក្នុង​ការ​ឆ្លាក់​ជាងគេ ក៏​ដោយសារតែ​រូប​ពុទ្ធិ​មាតា មានការ​ពាក់​គ្រឿង​អលង្ការ​តូចៗ​ច្រើន ដែល​ធ្វើ​ឲ្យ​ការ​ឆ្លាក់​មានការ​លំបាក និង​ប្រើ​ពេល​យូរ។

លោក សំអាត និយាយទៀតថា ក្នុង​ចម្លាក់​ប្រវត្តិ​ពុទ្ធិ​រូប​ចតុរង្គ​មហាសន្និបាត​សង្ឃ ដែល​យើង​ឃើញ​មាន​ភាព​រស់រវើក ព្រម​ជាមួយនឹង​ភិក្ខុសង្ឃ ១២០០​អង្គ ក្នុង​ថ្ងៃ​មាឃបូជា បានធ្វើឲ្យ​មានការ​ភ្ញាក់​ផ្អើល​ច្រើន ដោយសារតែ​រូបនោះ​ហាក់ដូចជា​ផុសចេញ​ពី​ជញ្ជាំង​ថ្ម​ពិតៗ​ពី​ថ្មដា។ រូប​ចតុរង្គ​មហា​សន្និបាត​សង្ឃ​នេះ មាន​បណ្ដោយ​៣,៦០​ម៉ែត្រ និង ​កម្ពស់​២​ម៉ែត្រ ដែល​ប្រើ​រយៈពេល​១៨​ថ្ងៃ ទើប​រួច​រាល់​ជា​ស្ថាពរ ដោយ​ក្នុងនោះ​គិត​ជា​តម្លៃ​ម៉ែត្រការ៉េ (ក្នុង​មួយ​ម៉ែត្រ​ថ្លៃ​៧២​ដុល្លារ) ហើយ​តម្លៃ​នេះ​ជា​តម្លៃ​បន្ធូរបន្ថយ​ផ្សព្វផ្សាយ​ប៉ុណ្ណោះ។

រូបចម្លាក់​ផុស​នេះ ​បានធ្វើការ​ឆ្លាក់​ក្នុង​វត្ត​ឥន្ទ្រ​ញាណ ក្នុង​ខេត្ត​ព្រះសីហនុ។ រូបចម្លាក់​ផុស​ពី​ស៊ីម៉ងត៍​មាន​អ្នក​កុម្ម៉ង់​ច្រើន ដោយ​ក្នុង​នោះ​មានការ​កុម្ម៉ង់​ជា​រូប​ប្រាសាទ​បុរាណ និង​រូប​ទាញព្រ័ត្រ៕


អត្ថបទ ៖ កញ្ញា វ៉ាត



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114