ការប្រកួតទី៤ក្នុងវិញ្ញាសាបាល់ទាត់នៅព្រឹត្តិការណ៍ SEA Games 2019 លើកទី ៣០ ក្នុងប្រទេសហ្វីលីពីន បានចប់ថ្ងៃទី ២ ខែ ធ្នូ ដោយពូល A មីយ៉ាន់ម៉ា វាយបកយកឈ្នះ កម្ពុជា ២-១ នៅទីលានបាល់ទាត់ Bisan ។
១គ្រាប់របស់កម្ពុជា កើតឡើងនៅនាទី ២១ សម្រេចបានដោយកីឡាករ ស៊ិន សុផាន់ណាត តែក្រោយមកត្រឹមតែ ៦នាទី កីឡាកររបស់មីយ៉ាន់ម៉ា Lwin Moe Aung វាយបកតាមស្មើវិញ មុនគ្រាប់ជ័យជម្នះកើតឡើងនៅចុងម៉ោងក្នុងវគ្គទី២ ដោយកីឡាករ Aung Kaung Mann ក្នុងនាទី ៨៦។
ក្រោយចប់ការប្រកួត គ្រូបង្វឹកកម្ពុជា លោក Felix Dalmas បានថ្លែងថា “ ខ្ញុំដឹងថា លទ្ធផលនេះមិនមែនជាអ្វីដែលយើងនិងអ្នកគាំទ្រចង់បានឡើយ តែសូមបន្តលើកទឹកចិត្តដល់កីឡាករ ពួកគេពិតជាបានខំប្រឹងប្រែងយ៉ាងខ្លាំង សម្រាប់ការប្រកួតនេះ ក៏ដូចជាការប្រកួតផ្សេងទៀតៗដែរ ”។
លោកក៏បានបន្ថែមផងដែរថា “ ចូលរួមអបអរដល់មីយ៉ាន់ម៉ា ដែលទទួលបានជ័យជម្នះនេះ ពួកគេមានគ្រូល្អ និងកីឡាករល្អ សង្ឃឹមថាយើងជួបគ្នាម្តងទៀតនៅវគ្គផ្តាច់ព្រ័ត្រ ”។
ចំណែកឯគ្រូបង្វឹករបស់មីយ៉ាន់ម៉ាវិញ លោក Velizar Popov លើកឡើងថា “ គ្មានអ្វីដែលថា មិនអាចទៅរួចនោះទេ ខ្ញុំមានមោទនភាពចំពោះកីឡាករខ្ញុំ និងការខិតខំប្រឹងប្រែងរបស់ពួកគេ។ ប្រកួតនេះតានតឹងណាស់ កម្ពុជា ជាក្រុមល្អ ពួកគេលេងបាល់ល្អនិងមានគ្រូល្អ ខ្ញុំពិតជាចូលចិត្តគ្រូបង្វឹក និងទម្រង់លេងរបស់កម្ពុជា ” ។
គួររំលឹកថា ក្រោយចប់ប្រកួតទី៤នេះ មីយ៉ាន់ម៉ា ជាប្រទេសដំបូងគេ ដែលទទួលបានកៅអីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយមាន ១០ពិន្ទុ កើតចេញពីការឈ្នះ ៣ និងស្មើ ១ប្រកួត ខណៈដែល កម្ពុជា, ម៉ាឡេស៊ី និង ហ្វីលីពីន មាន ៤ពិន្ទុ ស្មើគ្នា រង់ចាំអ៊ុតប្រកួតចុងក្រោយនៅថ្ងៃទី ៤ ខែ ធ្នូ ដើម្បីដណ្តើមកៅអី ១ទៀត ទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែរ៕
ម៉េង ហួរ