ស្ដាប់​អ្នក​ជំងឺ​កូវីដ​១៩​ម្នាក់ ​ដែល​បាន​ជា​សះស្បើយ​ ធ្វើ​ការ​ផ្ដាំផ្ញើ ​ ពេល​ចេញ​ពី​មន្ទីរពេទ្យ

កោះកុង ​៖​ អ្នក​ជំងឺ​កូវីដ​ ១៩​​វ័យ​៥៧​ឆ្នាំ​ ​ដែល​បាន​ជា​សះស្បើយ​នោះ​​ ​ បាន​ចេញពី​មន្ទីរពេទ្យ និង​វិលត្រឡប់​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​វិញ​ហើយ​​​នៅ​នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០២០​នេះ ​ហើយ​​មុន​នឹង​ចេញ​ពី​មន្ទីរពេទ្យ​​ ​លោក​ក៏​បាន​អរគុណ​ដល់​ក្រុម​គ្រូពេទ្យ ​និង​ធ្វើ​ការ​ផ្ដាំផ្ញើ​ទៅ​កាន់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ផង​ដែរ។

ការ​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ​នេះ ​បន្ទាប់ពី​រូប​គាត់​ បាន​សម្រាក និង​ទទួល​ការ​ព្យាបាល​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​នៅ​ក្នុង​បន្ទប់​ដាច់ដោយឡែក​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កោះកុង និង​បាន​ធ្វើ​តេស្ត​លើ​សំណាក​ជា​លើក​ទី​៣​ឃើញ​ថា ​ទទួល​បាន​លទ្ធផល​អវិជ្ជមាន។ ជាមួយ​គ្នា​នេះ​ដែរ លោក​ស្រី​អភិបាលខេត្ត​កោះកុង ក៏បាន​ដឹកនាំ​ក្រុមការងារ​ចុះ​មក​សួរ​សុខ​​ទុក្ខ​​​​​​​​រូប​​លោក ​ដែល​បាន​ចេញពី​មន្ទីរពេទ្យ​នាពេលនេះ​ផងដែរ។

ស្រប​ពេល​ដែល​អ្នកជំងឺ​វ័យ​៥៧​ឆ្នាំ​ខាងលើ បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ហើយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅកាន់​លំនៅឋាន​របស់ខ្លួន​វិញ​នោះ លោក​ក៏បាន​ថ្លែង​កោតសរសើរ​ពី​ការ​យកចិត្តទុកដាក់​លះបង់​ទាំង​កម្លាំងកាយ​ចិត្ត​របស់​ក្រុមគ្រូពេទ្យ ក្នុងការ​ពិនិត្យ​និង​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​រូបលោក និង​សូម​ផ្ដាំផ្ញើ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ ដែល​សង្ស័យ​ថា ​ខ្លួន​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​នេះ មេត្តា​មកកាន់​មន្ទីរពេទ្យ​ដើម្បី​ធ្វើការ​ពិនិត្យ កុំ​មានការ​លាក់លៀម ឬ ភ័យខ្លាច​ថា​ មាន​ការ​ប្រកាន់​ជាតិ​សាសន៍​អ្វី​នោះ ហើយ​ការ​មកកាន់​មន្ទីរពេទ្យ​ដើម្បី​ទទួល​សេវា​ព្យាបាល​បាន​ទាន់ពេលវេលា​វា​ជា​រឿង​ល្អ​ដូច​រូបលោក​ជាដើម និង​មិនមាន​ការចម្លង​ទៅកាន់​មិត្ត​ភក្ដិ​ ឬ​ក្រុម​គ្រួសារ​យើង​ថែម​ទៀត​ផង ពិសេស​សូម​ផ្តាំផ្ញើ​​ទៅកាន់​បងប្អូន​ដែល​មាន​ផ្ទុក​វីរុស​កូ​វីដ​១៩ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​នានា មេត្តា​កុំ​មានចិត្ត​ចង់​រត់​ចេញពី​ការព្យាបាល​ឲ្យ​សោះ។

ចំពោះ​លោក​វេជ្ជបណ្ឌិត ហៃ ឡៃ​សុន ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង ក៏បាន​ផ្តាំផ្ញើ​​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​មាន​ការ​សង្ស័យថា​ខ្លួន​មាន​អាការៈ​មិន​ស្រួល​ដូចជា​ក្តៅខ្លួន​ខ្លាំង ក្អក ផ្ដាសាយ ថប់ដង្ហើម ចុក​រោយ​សាច់ដុំ មេត្តា​ទំនាក់ទំនង​មកកាន់​មន្ត្រី​សុខាភិបាល​ដើម្បី​ធ្វើការ​ពិនិត្យ ព្រោះ​ការ​ព្យាបាល​មិនមែនជា​ការពិបាក​នោះ​ទេ អ្វីដែល​ពិបាក​គឺ​ការទប់ស្កាត់​មិន​ឲ្យ​មានការ​ឆ្លង​រីក​រាលដាល​ទៅវិញ​នោះទេ។

លោក​វេជ្ជបណ្ឌិត​ ក៏បាន​ផ្ដាំផ្ញើ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​កុំ​មានការ​តក់ស្លុត​ពី​ជំងឺ​កូ​វីដ​១៩​ជ្រុល​ពេក ដោយ​យើង​ត្រូវ​រួបរួម​គ្នា​ការពារ​ និង​ទប់ស្កាត់​នូវ​ការ​រីក​រាលដាល ដោយ​តម្រូវ​ឲ្យ​បងប្អូន​ធ្វើ​អនាម័យ​ខ្លួនប្រាណ​អោយបាន​ត្រឹមត្រូវ​ទៅតាម​គោលការណ៍​ទាំង​៦​ដែល​ក្រសួងសុខាភិបាល​បាន​ណែនាំ និង​បង្ការ​កុំ​ឲ្យ​អ្នកមាន​ជំងឺឆ្លង​ទៅកាន់​អ្នកដទៃ ដោយ​ត្រូវ​ពាក់​ម៉ាស់ និង​មិនត្រូវ​ចេញពីផ្ទះ។​

សូមបញ្ជាក់​ផងដែរ​ថា សម្រាប់​ខេត្តកោះកុង បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​កូ​វីដ​១៩​ចំនួន​២​នាក់ ម្នា​ក់​វ័យ​៥៧​ឆ្នាំ​(​ជាសះស្បើយ​) ដែល​បាន​មកពី​ពិធី​សាសនា​នៅ​ឯ​ប្រទេស​ម៉ាឡេស៊ី និង​ម្នាក់ទៀត​វ័យ​៣៦​ឆ្នាំ ជា​អ្នក​ដែល​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកជំងឺ​វ័យ​៥៧​ឆ្នាំ ហើយ​សម្រាប់​សុខភាព​គាត់​វិញ​គឺ​មាន​អា​ការៈ​ធម្មតា​នោះទេ៕

លីមហួរ

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114