BREAKING NEWS
Search

អាវុធហត្ថរាជធានីបញ្ជូនជនសង្ស័យម្នាក់គំរាមសម្លាប់គេទាំងពូជសូម្បីតែកូនង៉ាដេកក្នុងអង្រឹងទៅតុលាការផ្តន្ទាទោស

ភ្នំពេញ: កងកម្លាំងសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញនាព្រឹកទី១៣ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យម្នាក់ ដែលបានគំរាមសម្លាប់គេទាំងពូជសូម្បីតែកូនង៉ាដេកក្នុងអង្រឹងក៍មិនទុកដែរនោះ ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រួមទាំងករណីឆបោក និងលាក់ទុក ប្រើប្រាស់អាវុធដោយខុសច្បាប់រហូតចំនួន២ដើមឯណោះផងដែរ។

មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងនៅព្រឹកថ្ងៃទី១៣ កញ្ញា ថា ជនសង្ស័យដែលចាប់ខ្លួនមានឈ្មោះឈ្មោះ យន្ត ដារ៉ា ហៅ នូ រស្មី ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូឱសថបុរាណ តែដើរតាំងខ្លួនជាឧត្តមសេនីយ៍យោធា ស្រុកកំណើត ភូមិតាលួស ឃុំតាលួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ទីលំនៅបច្ចុប្បន្ន បន្ទប់ជួល ភូមិបឹងទំពុន សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញជនសង្ស័យ យន្ត ដារ៉ា បានសារភាពថា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២០ រូបគេពិតជាបានឆបោកប្រាក់ពីជនរងគ្រោះជាបន្តបន្ទាប់សរុប ៣២១០០ដុល្លារអាមេរិក ពិតប្រាកដមែន ពាក់ព័ន្ធករណីទិញលក់សំរឹទ្ធ នៅពេលដែលជនរងគ្រោះដឹងខ្លួនថា ត្រូវបានជនសង្ស័យបោកប្រាស់ ជនសង្ស័យក៏បានផ្ញើសារទៅកាន់ជនរងគ្រោះ គំរាមកំហែងម្តងហើយ ម្តងទៀត តាមរយៈបណ្តាញទំនាក់ទំនង Messenger ដោយប្រើពាក្យសម្តីថា នឹងសម្លាប់ចោលទាំងពូជ សូម្បីតែកូនង៉ែតក្នុងអង្រឹងក៏មិនទុកដែរហើយតាំងខ្លួនជាឧត្តមសេនីយ៍យោធាទៀតផងដែលតាមពិតខ្លួនជាជនសុីវិលសោះ។

ដោយមានការភ័យខ្លាច ជនរងគ្រោះ ក៏មកដាក់ពាក្យបណ្តឹងនៅ អាវុធហត្ថរាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានបណ្តឹងសមត្ថកិច្ចជំនាញបានបើកការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតអាវុធខ្លីចំនួនពីរដើម គឺ ម៉ាក K54 និង ម៉ាក Swees នៅចំណុច ភូមិខ្វា ទល់មុខធនាគារ អេស៊ីលីដា ផ្លូវ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ ដែលអាវុធទាំងពីរដើមខាងលើ ជនសង្ស័យប្រាប់ថា រូបខ្លួនបានទិញពីអ្នកស្គាល់គ្នា ដែលបច្ចុប្បន្នបានស្លាប់បាត់ទៅហើយ។

បច្ចុប្បន្នដោយមានចម្លើយសារភាពនិងឯកសារវត្ថុតាងគ្រប់គ្រាន់ហើយនោះកងកម្លាំងសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសំណុំរឿងទៅតុលាការផ្តន្ទាទោសនៅថ្ងៃនេះ៕

អត្ថបទ៖ វិមាន