BREAKING NEWS
Search

​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ខេត្ត ក្នុង​ករណី​មនុស្សឃាត​ដោយ​អ​ចេតនា

​បន្ទាយមានជ័យ ៖ កម្លាំង​ជំនាញ​បទល្មើស​ព្រហ្មទណ្ឌ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ខេត្ត​ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០២០ ក្នុង​ករណី​មនុស្សឃាត​ដោយ​អ​ចេតនា​ និង​បង្ក​របួស​ស្នាម​ ដោយ​អចេតនា ដែល​កើតឡើង​នៅ​វេលា​ម៉ោង​២ និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់ និង​រងរបួស​ធ្ងន់ ស្រាល​ចំនួន​៤​នាក់​។

​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹង​ថា ករណី​នេះ​ បង្កឡើង​ដោយ​ឈ្មោះ ពុធ លី​វិ​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​អ្នកបើក​គ្រឿងចក្រ​ស្ទូច​ជញ្ជាំង​បេតុង​ថ្ម ដើម្បី​សាងសង់​អគារ​ផ្ទះល្វែង​ឲ្យ​ក្រុមហ៊ុន​បូរី ដឹ​ផាក​ស៊ី​ធី​ប៉ោយប៉ែត មានការ​ធ្វេសប្រហែស ​ប​ណ្ដា​ល​ឲ្យ​គ្រឿងចក្រ​ផ្ងារ​ជើង ហើយ​ដងសន្ទូច​បាន​បាក់​រលំ​បណ្ដាល​ឲ្យ​សង្កត់​បូរី នឹង​ហួស​ទៅ​សង្កត់​លើ​ផ្ទះ​ប្រជាពលរដ្ឋ​ ដែល​នៅ​ជាប់​របង​បូរី បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ និង​រង​របួស​ចំនួន​៩​នាក់​តែម្ដង​។

​លោក​នួន នី​ណា​រ៉ូ បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយពី​កើតហេតុ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ចុះ​ឃាត់ខ្លួន​អ្នកបញ្ជា​គ្រឿងចក្រ​ភ្លាមៗ ហើយ​យក​មក​មូលដ្ឋាន​អាវុធហត្ថ​ក្រុង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​មក​បញ្ជា​ការដ្ឋាន អាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត។ អ្នកបញ្ជា​គ្រឿងចក្រ​រូប​នេះ ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ​៕
អត្ថបទ៖ ​វ៉ាន់ ណា​ង
សូមចុចអាន៖ ​រន្ធត់ ! កំពុង​អង្គុយ​ជជែក​គ្នា​លេង​សុខៗ ស្រាប់តែ​បាក់ដង​ស្ទូច​ចំ​ពី​លើ ស្លាប់​ស្រ្តី​៥​នាក់ និង​របួស​៤​នាក់​​​