BREAKING NEWS
Search

ដុះ​ថ្គាម​ទាល់ គួរ​ដក​ចេញ​អត់ បើ​វា​អត់​ដែល​ឈឺសោះ?

ដុះ​ថ្គាម​ទាល់​​ បើ​ទៅ​ពេទ្យ​ធ្មេញ ពេទ្យ​នឹង​ណែនាំឲ្យ​យើង​ដក​ថ្គាម​ទាល់​នោះ​។ ចុះ​បើ​ថ្គាម​ទាល់​នោះ អត់ធ្វើ​ឲ្យ​យើង​ឈឺធ្មេញ​ផង​ហ្នឹង គួរ​ដក​វា​ចេញ​ដែរ​អត់? ចម្លើយ គឺ​ត្រូវ​ដក​ថ្គាម​ទាល់​នោះ​ដដែល ព្រោះ​ដើម្បី​សុខភាព​មាត់​ធ្មេញ។ ប៉ុន្តែ មុន​នឹង​ដក ពេទ្យ​ធ្មេញ​ចាំបាច់ត្រូវ​ពិនិត្យ​ឲ្យ​ច្បាស់​លាស់ ថា​តើ​ចាំបាច់​ត្រូវ​ដក​ថ្គាម​ទាល់​នោះ​ឬ​អត់។

១- ថ្គាម​ទាល់​ត្រូវ​ដក​ចេញ​នៅ​ពេល​ណា?

ជាធម្មតា​ ពេទ្យ​នឹង​ណែនាំ​ឲ្យ​យើង​ដក​ថ្គាម​ទាល់​ចេញ​ លុះ​ត្រា​តែ៖
– ធ្វើ​ឲ្យ​ខូចខាត​ធ្មេញ​ក្បែរខាង និង​ជួនកាល​ដុស​ចេញ​មក បែរ​ជា​រុញ​ធ្មេញ​ផ្សេង​ទៀត​លែង​ត្រង់ជួរ និង​​ឈឺ​ចាប់​ពេល​ខាំ​ប៉ះ​អ្វី​មួយ។
– បើ​ថ្គាម​ទាល់​កប់​ក្នុង​ឆ្អឹង​ អាច​បង្ក​ជា​ដុំ​គីស ហើយ​បើ​មិន​បាន​វះ​កាត់​យក​ចេញ នាំ​ឲ្យ​បាត់​បង់​ឆ្អឹង​ថ្គាម។
– រលាក​ថង់​ខ្យល់​ក្នុង​ច្រមុះបង្ក​ការ​ឈឺ​ចាប់ ចុក​រន្ធ​ច្រមុះ និង​តឹង​ច្រមុះ។
– រលាក​អញ្ចាញ​ធ្មេញ ដោយ​សារ​ជាលិកា​ជុំវិញ​ហើម ពិបាក​សម្អាត។
– មាន​រោគ​ពុក​ធ្មេញ ព្រោះ​ការ​ហើម​សាច់​អញ្ចាញ​ធ្មេញ​ងាយ​ធ្វើ​ឲ្យ​មាន​កកើត​បាក់តេរី។
– ធ្មេញ​រត់​លែង​ត្រង់​ជួរ ដោយ​សារ​តែ​ថ្គាម​ទាល់​ដុះ​ចេញ​មក​ក្រៅ។

២- ​ប្រយោជន៍ពេល​ដក​ថ្គាម​ទាល់​ចេញ

– បង្ការ​ធ្មេញ​ផ្សេង​ទៀត​កុំ​ឲ្យ​រត់​ខុស​ជួរ។
– បង្ការ​បញ្ហា​ឆ្អឹង​ថ្គាម និង​រលាក​សាច់​អញ្ចាញ​ធ្មេញ។
– លែង​មាន​ការ​ឈឺ​ចាប់ បង្ក​ឡើង​ដោយ​ថ្គាម​ទាល់។

៣- បញ្ហា​ប្រឈម​ក្រោយ​យក​ថ្គាម​ទាល់​ចេញ

– ឈឺ​ចាប់ ហើម​ក្រោយ​ការ​វះ​កាត់​ថ្គាម​ទាល់។
– មាន​ឈាម​រយៈ​ពេល ២៤ ម៉ោង​ដំបូង។
– ពិបាក​ញ៉ាំ​អាហារ និង​ផឹក​ទឹក។
– ខូចខាត​ទៅ​លើការ​ព្យាបាល​ធ្មេញ​ផ្សេង​ទៀត ដូចជា ការ​ពត់​តម្រង់​ធ្មេញ។

ក្នុង​ករណី​មួយ​ចំនួន ថ្គាម​ទាល់​នឹង​មិន​ត្រូវ​ដក​ចេញ បើ​មិន​មាន​ការ​ឈឺ​ចាប់ ឬ​ដុះ​ចេញ​មក ​មិន​ប៉ះពាល់​ដល់​ធ្មេញ​ជិត​ខាង។ មូល​ហេតុ​ចម្បង​ត្រូវ​ដកថ្គាម​ទាល់​ចេញ​ គឺដោយ​សារ​មិន​មាន​កន្លែង​គ្រប់គ្រាន់​ឲ្យ​ធ្មេញ​ដុះ​ចេញ​មក និង​អាច​ធ្វើ​ឲ្យ​ឈឺ​ចាប់​ បើ​វា​ដុះ​ចេញ​មក​ក្រៅ។

សម្រាប់​អាយុ​អាចដក​ថ្គាម​ទាល់​ចេញ ក៏​មិន​អាស្រ័យ​លើ​វ័យ​ក្មេង ឬ​ចាស់​នោះ​ដែរ អ្វី​ដែល​សំខាន់ បើ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​មាត់​ធ្មេញ គួរ​យក​ចេញ។ យ៉ាង​ណា​ក៏​ដោយ ចាំ​បាច់​ត្រូវទៅ​ពិនិត្យ​ធ្មេញ​ឲ្យ​បាន​ទៀង​ទាត់ ព្រោះ​ជួនកាល​ថ្គាម​ទាល់ នឹង​មិន​បង្ក​ការ​ឈឺ​ចាប់​ដល់​យើង​នោះ​ទេ ប៉ុន្តែ​វា​អាច​រុញ​ធ្មេញ​ផ្សេង​ទៀត​ឲ្យ​រត់​ខុស​ជួរ៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokeupet

សូមចុចអាន៖ របៀបថែទាំកូនបែបបុរាណ តែឥឡូវពេទ្យហាមធ្វើដាច់ខាត

សូមចុចអាន៖ សម្រកទម្ងន់​ដោយមិនចាំបាច់ហាត់ប្រាណ តាមពិតមានវិធីមែនទេតើ