ប្ដី​ប្រពន្ធ​ឆ្លង​វីរុស​កូរ៉ូណា៖ មិន​ថា​មាន​រឿង​អ្វី​កើតឡើង កុំ​បោះបង់​គ្នា​ចោល​ឲ្យ​សោះ!​ យើង​ស៊ូ​ជាមួយ​គ្នា​ទៅ​មុខ​ទៀត!

សេចក្ដី​ស្រឡាញ់​គឺ​ជា​ការ​ស្មោះស្ម័គ្រ​រួមរស់​ជាមួយ​គ្នា​រហូត​ដល់​ចាស់​រៀង​ៗ​ខ្លួន ​ប៉ុន្តែ​មិនមែន​គ្រប់​គូ​ស្វាមី​ភរិយា​ទាំងអស់​នោះ​ទេ ​ដោយសារ​បញ្ហា​ប្រឈម​និង​កាលៈទេសៈ​ដែល​ពួកគេ​បាន​ជួប​ជាមួយ​គ្នា។  ប៉ុន្តែ​មាន​រឿង​រ៉ាវដ៏​រំជួលចិត្ត​មួយ​បានកើតឡើង​ក្នុង​ប្រទេស​ចិន ​ដោយមាន​គូ​ស្វាមី​ភរិយា​វ័យ​ចំណាស់​មួយ​គូ​បាន​ឆ្លង​វីរុស ​Covid-19 ទាំំងពីរនាក់។ ​នេះ​គឺ​ជា​ការ​ពិត​ បើ​យោង​តាម​របាយការណ៍​របស់​សារព័ត៌មាន ​Sin Chew Dailyបាន​ចុះ​ផ្សាយ។

រោគ​សញ្ញា​នៃ​វីរុស​ឆ្លង ​​ជា​ធម្មតា​ឆ្លង​ទៅ​មនុស្ស​វ័យក្មេង​និង​មនុស្ស​វ័យ​ចំណាស់​យ៉ាង​ឆាប់​រហ័ស​។ ដូចគ្នា​ទៅ​នឹង​រឿងរ៉ាវ​គូស្នេហ៍​វ័យ​ចំណាស់​មួយ​គូ​នេះ​ ដោយ​លោកតា​ជា​ប្ដី​អាយុ ៨៧ ឆ្នាំ​និង​ភរិយា​របស់​គាត់​អាយុ ៨៣ ឆ្នាំ​បាន​ធ្វើ​តេស​បង្ហាញថា ​ពួកគាត់​មាន​ផ្ទុក​វីរុស​កូរ៉ូណា​នឹង​ត្រូវ​បាន​គេ​ដាក់ឲ្យ សម្រាក​នៅ​មន្ទីរពេទ្យ​ដោយ​ឲ្យ​ពួកគាត់​មាន​បន្ទប់​នៅ​ជាប់​គ្នា។

ប៉ុន្តែមាន​ថ្ងៃ​មួយ​ ប្រពន្ធ​វ័យ​ចំណាស់​របស់​បុរស​នោះ ​រឹងរូស​មិន​ព្រម​បរិភោគ​អាហារ​ឡើយ​បើ​ទោះបី​ជា​បុគ្គលិក​ពេទ្យ​ព្យាយាម​លួងលោម​រូប​គាត់​យ៉ាងណា​ក៏​ដោយ។ ដោយ​យល់​ឃើញ​ដូចនោះ​ លោកតា​ដែល​ជា​ប្ដី​បាន​ចូល​មក​លួងលោម​លោកយាយ​ឲ្យ​យល់ព្រម​ទទួលទាន​អាហារ ប៉ុន្តែ​លោក​យាយ​ គាត់​នៅ​តែ​មិន​ព្រម​បរិភោគ​ដដែល ​ឃើញ​ហើយ​លោកតា​ក៏​ដាក់​កៅអី​អង្គុយ​ក្បែរ​ប្រពន្ធ​ ហើយ​ព្យាយាម​និយាយ​រឿងរ៉ាវ​កាល​ពួកគាត់​នៅ​ក្មេង​ឲ្យ​លោកយាយ​ស្ដាប់។

“មិន​ថា​មាន​រឿង​អ្វី​កើតឡើង ​កុំ​បោះបង់​គ្នា​ចោល​ឲ្យ​សោះ! យើង​នឹង​ស្លាប់​ទៅ​ជាមួយគ្នា​ ពួក​យើង​តស៊ូ​មក​ដល់​ពេលនេះ​ហើយ ​ខំប្រឹង​ឡើង​ យើង​នៅ​តែ​បន្ត​ទៀត​ជាមួយគ្នា” ។

 

វីដេអូមួយនេះបាន​​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​លើ​បណ្ដាញ​សង្គម​ចិន ​បាន​ធ្វើ​ឱ្យ​អ្នក​លេង​អ៊ីនធឺណិត​ជា​ច្រើន​ស្រក់​ទឹកភ្នែកអាណិតគូស្នេហ៏វ័យចំណាស់ជាខ្លាំង។ ទោះ​យ៉ាងណា​ គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ទេ​ថា​តើ​គូ​ស្វាមី​ភរិយា​វ័យ​ចំណាស់​មួយ​គូ​នេះ​ កំពុង​ត្រូវ​បាន​គេ​ទុក​ដោយឡែក​ ដូច​អ្នក​ជំងឺ​ដទៃ​ឬ​អត់​ទេ។

គ្រប់គ្នា​សង្ឃឹម​ថា​ គូ​ស្នេហ៍​វ័យ​ចំណាស់​មួយ​គូ​នេះ​ នឹង​អាច​យកឈ្នះ​​ ហើយ​បាន​ជា​សះស្បើយ​ពី​ជំងឺ​របស់​ពួកគាត់​ឆាប់ៗ​នេះ!

 

ចុចអាន៖មេធាវី​និង​អ្នកសារព័ត៌មាន​មហាជនលោក Chen Qiushi ​បាត់​ខ្លួន​បន្ទាប់​ពី​ទៅ​យក​ព័ត៌មាន​នៅ Wuhan

ចុចអាន៖ រកឃើញអ្នក​ស្លាប់​ដោយសារ​វីរុស​កូរ៉ូណា​ម្នាក់​ទៀត​នៅ​ក្រៅចិន​ដីគោក

 

ប្រែសម្រួល៖សាង ស្រីល័ក្ខ