ខេត្ដ​សៀមរាប ប្រារព្ធ​ទិវា​អន្ដរជាតិ​នៃ​ការអប់រំ លើកដំបូង នៅ​កម្ពុជា ដើម្បី​លើក​ទឹកចិត្ដដ​ល់​គ្រូបង្រៀន និង​អរគុណ​ការអប់រំ

សៀម​រា​ប ៖ ​សាលាបឋមសិក្សា​វត្ដបូព៌ ខេត្ដ​សៀមរាប និង​អង្គការក្រៅរដ្ឋាភិបាល​អេ​ដ អេ អាក់​ស្យុ​ង​កម្ពុជា បាន​​​​​​​ប្រារព្ធ ទិវា​អន្តរ​ជាតិ​នៃ​ការអប់រំ លើកដំបូង​នៅ​ខេត្ត​សៀមរាប​ប្រទេស​កម្ពុជា ដើម្បី​លើក​ទឹក​ចិត្ដ​ដល់​គ្រូបង្រៀន​និង​អរគុណ​ដល់​ការអប់រំ ឬ​ការសិក្សា​រៀន​សូត្រ ដែល​ថា​វិស័យ​អប់រំ​នេះ​បាន​ផ្ដល់​អំណាច​ដល់​មនុស្សជាតិ ការពារ​ភពផែន​ដី កសាង​វិបុលភាព និង​ជួយ​កសាង រក្សា​សន្តិ​ភាព​នៅ​លើ​ពិភពលោក​។ ​ការ​ប្រារព្ធ​ទិវា​លើកទីមួយ​នៅ​ប្រទេស​កម្ពុជា​នេះ ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែមករា​ឆ្នាំ​២០២០​នេះ ដែល​រៀបចំ​ដោយ​អង្គការ អេ​ដ អេ អាក់​ស្យុ​ង​កម្ពុជា ។

លោក ពឹង គឹម​ឆេន នាយក​សាលាបឋមសិក្សា​វត្ដ​បូព៌ ខេត្ដ​សៀមរាប លោក​មានប្រសាសន៍ថា វិស័យ​អប់រំ​នៅ​លើ​ពិភពលោក ជាពិសេស​នៅ​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​ទៅ​មុខជា​បន្ត​បន្ទាប់ ដែល​លោក​ថា​ការ​វិវត្ត​ទៅមុខ​នេះ ដោយសារ​មានការ​ចូល​រួម​គាំទ្រ​ពី​ម្ចាស់​ជំនួយ អង្គការក្រៅរដ្ឋាភិបាល និង​សប្បុរសជន លោកគ្រូ​​​អ្នក​គ្រួ ជាពិសេស​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​យក​ចិត្ដ​ទុកដាក់​ឲ្យ​មាន​ការអប់រំ ប្រកបដោយ​ភាព​ល្អ​ប្រសើរ​មិន​ឈប់​ឈរ​នា​ពេល​កន្លង​មក​នេះ​។​

លោកនាយក​សាលា ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បី​រូប​នោះ​ បាន​បន្ត​ទៀត​ថា ទិវា​នេះ​មាន​សារៈសំខាន់​ណាស់​និង​ជា​លើក​ទី​១​នៅ​កម្ពុជា ព្រោះ​មាន​សិស្ស​ជាច្រើន​ពាន់​នាក់ បាន​ចូលរួម​អរគុណ​ដល់​ការអប់រំ អរគុណ​ដល់​ការសិក្សា​រៀន​សូត្រ​។​ លោក​បាន​បន្ថែម​ថា វិស័យ​អប់រំ បាន​ធ្វើ​រូប​មាន​អ្វីៗ​គ្រប់យ៉ាង​នៅ​លើ​ពិភពលោក ការសិក្សា​រៀន​សូត្រ ផ្ដល់​អំណាច​ដល់​មនុស្សជាតិ​គ្រប់រូប មានការ​អប់រំ មាន​សន្តិភាព ។​លោក​បន្ថែម​ទៀត​ថា បើ​គ្មាន​ការអប់រំ​នេះ​ទេ គឺ​គ្មាន​សន្តិភាព និង​ប្រទេសជាតិ​ក៏​មិន​រីកចម្រើន​ដែរ​។

​លោក វន សំភាស់ នាយក​ប្រចាំ​ប្រទេស នៃ​អង្គការ អេ​ដ​ អេ​ អាក់​ ស្យុ​ង​កម្ពុជា បាន​មានប្រសាសន៍ថា ទិវា​អន្តរជាតិ​នៃ​ការអប់រំ​នេះ ជា​ការ​ដាស់​ស្មារតី ក៏​ដូច​ចង់​ឲ្យ​អ្នក​ពាក់​ព័ន្ធ ជាពិសេស​អាណាព្យាបាល​សិស្សានុសិស្ស ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ពួកគាត់​យក​ចិត្ត​ទុកដាក់​លើ​វិស័យ​អប់រំ​ឲ្យ​បាន​គ្រប់គ្នា​នៅ​ទូទាំង​ប្រទេស​កម្ពុជា ព្រោះ​វិស័យ​អប់រំ​នេះ​ជា​ចំណែក​មួយ​មាន​ឥទ្ធិពល​ដល់​សង្គមជាតិ ហើយ​ការអប់រំ​ជា​ការងារ​យើង​ទាំង​អស់​គ្នា​។​

លោក​បាន​បន្ដ​ថា ក្នុង​រយៈពេល​ជាង​៣​ទសវត្សរ៍​កន្លង​មក​នេះ ពោល​ក្រោយពេល​បញ្ចប់​សង្គ្រាម វិស័យ​អប់រំ​នៅ​កម្ពុ​ជា​មាន​ភាព​រីកចម្រើន​និង​មានការ​អភិវឌ្ឍ​​ជឿនលឿន​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​លោក​ថា បច្ចុប្បន្ន​នេះ កម្ពុ​ជា​មាន​សាលារៀន​រីក​ដុះដាល​គ្រប់​ទីកន្លែង​។​ជាង​នោះ​ទៅទៀត​វិស័យ​អប់រំ​នេះ បាន​ធ្វើ​ឲ្យ​ប្រទេសជាតិ​មានការ​ប្រែប្រួល​ទៅមុខ​ឥត​ឈប់ឈរ ទាំង​សង្គម​សេដ្ឋកិច្ច សេដ្ឋកិច្ច​ក្នុង​សង្គម​គ្រួសារ ដែល​ធ្វើ​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ពី​បណ្ដា​ប្រទេស​មហាអំណាច នៅ​លើ​ពិភពលោក​ទទួលស្គាល់​ផង​ដែរ​។​លោក​បាន​បន្ដ​ទៀត​ថា មនុស្ស​គ្រប់រូប​មាន​សុខ​សន្ដិភាព មានការ​យោគយល់​គ្នា​ចេះ​ស្រលាញ់​គ្នា​ដោយសារ​ការអប់រំ​នេះ​។

​ទិវា​អន្ដរ​ជាតិ​នៃ​ការអប់រំ ដែល​ធ្វើឡើង​ក្នុង​សាលាបឋមសិក្សា​វត្ដ​បូព៌​នេះ បាន​ដាក់​បង្ហាញ​នូវ​បដា​ពាក្យ​អប់រំ​សំខាន់ៗ​ជាច្រើន ដើម្បី​ឲ្យ​កុមារ​ស្វែងយល់​ពី​តម្លៃ​នៃ​ការអប់រំ​ផង​ដែរ​។ អត្ថន័យ​នៅ​លើ​បដា​ទាំងនោះ​រួមមាន​ដូចជា ការសិក្សា​រៀន​សូត្រ ផ្តល់​អំណាច​ដល់​មនុស្សជាតិ ការសិក្សា​សម្រេច​បាន​មហិច្ឆតា​អភិវឌ្ឍ មាន​ជីវភាព​សម្បូរ​សប្បាយ សុខភាព​រឹងមាំ សុខុមាលភាព​រស់នៅ​ល្អ ជម្នះ​ការ​ប្រកាន់​រើសអើង ការ​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព ទទួល​បាន​សមភាព​ស​ង្គ​ម អាច​បន្ត​រៀន​សូត្រ​ពេញ​មួយ​ជីវិត ជួយ​ចែករំលែក​ដល់​សង្គម ទទួល​បាន​សមភាព​ស​ង្គ​ម​ជាដើម​៕


​អត្ថបទ៖ គឿន​វេត​