BREAKING NEWS
Search

សញ្ញាសម្គាល់ បុគ្គលិកដែលកំពុងបន្លំកឹបកេងលុយ​ក្រុមហ៊ុន

ការលួចបន្លំនៅតាមបណ្ដាក្រុមហ៊ុន ឬអាជីវកម្មនានារមែងកើតមានជារឿយៗ។ ជាពិសេសអាជីវកម្មខ្នាតតូចងាយនឹងរងគ្រោះបំផុត។ ក្នុងនោះការបន្លំមានច្រើនប្រភេទរួមមាន ប្រាក់កាស សម្ភារៈ ពេលវេលា និងទំនុកចិត្តជាដើម។

ដោយឡែក អ្នកអាចសម្គាល់បាន បើសិនបុគ្គលិកណាម្នាក់ធ្វើការលួចកិបកេងនូវប្រាក់របស់ក្រុមហ៊ុនតាមរយៈសញ្ញាខាងក្រោមនេះ៖

ផ្លាស់ប្តូររបៀបរស់នៅ សុខៗមានឡានថ្មីជិះ ទិញទូរទស្សន៍ទំនើបប្រើ និងប្ដូរផ្ទះធំ ទាំងដែលក្រុមហ៊ុនមិនបានតំឡើងប្រាក់ខែ តើបុគ្គលិកនេះបានលុយមកពីណា?

ផ្លាស់ប្តូរទម្លាប់ការងារ គេជានិយោជិកដែលធ្លាប់មកយឺត ចេញលឿន ប៉ុន្តែក្រោយមកបែរជាមកធ្វើការមុនអ្នកផ្សេង ហើយនៅយូរៗចេញក្រោយគេជាប្រចាំ។

ចង់បានឯករាជ្យ ប្រសិនបើបុគ្គលិករបស់អ្នកស្រាប់តែម្រេចចិត្តភ្លាមៗថា ពួកគេចង់ធ្វើការក្នុងបរិយាកាសស្ងប់ស្ងាត់ម្នាក់ឯង នោះជាសញ្ញាទង់ក្រហមហើយ។

បង្កើតមិត្តជាមួយអ្នកលក់ ភាពរួសរាយរាក់ទាក់ជាទម្លាប់ល្អរបស់មនុស្ស ប៉ុន្តែបើសុខៗគេទទួលបានអាហារឥតគិតថ្លៃពីហាងល្អៗ  ឬបានសំបុត្រចូលទស្សនាកន្លែងកម្សាន្តមិនគិតប្រាក់ នោះអាចបង្ហាញថា និយោជិកបានផ្ដល់អ្វីជាថ្នូរនឹងរបស់ហ្វ្រីៗទាំងនោះ។

មិនដែលឈប់សម្រាក ប្រសិនបើមាននិយោជិកមិនងាយអវត្តមាន ហើយកម្រនឹងឈប់សម្រាក អាចមកពីពួកគេខិតខំប្រឹងប្រែងធ្វើការ។ ផ្ទុយពីនោះ បុគ្គលិកប្រភេទនេះ ក៏អាចជាមនុស្សបោកប្រាស់ក្រុមហ៊ុន ព្រោះពួកគេខំសម្ដែងធ្វើការ ក៏ដូចជាខ្លាចមាននរណារកឃើញកំហុសរបស់ខ្លួនពេលគេមិននៅកន្លែងការងារជាប់លាប់។

មានប្រាក់សងបំណុលលឿន បើសង្កេតឃើញមនុស្សក្រោមបង្គាប់មានលុយសងការប្រាក់ក្នុងរយៈពេលខ្លី នោះដល់ពេលដែលត្រូវស៊ើបអង្កេតលើពួកគេហើយ។

ទំនិញខូចគុណភាពកើនឡើង ពីមុនមក ការរកស៊ីកម្រជួបណាស់រឿងទំនិញខូចគុណភាពណាស់ ប៉ុន្តែក្រោយៗមក ចំនួនទំនិញខូចកើនឡើងទ្វេដង នោះប្រាកដជាមានអ្វីមិនទំនងកំពុងកើតឡើងមិនខាន។

បិទអេក្រង់កុំព្យូទ័រនៅពេលអ្នកដើរទៅជិត និយោជិកម្នាក់ដែលកំពុងបើកអេក្រង់កុំព្យូទ័រសុខៗសោះ ស្រាប់តែបិទងងឹតឈឹង ឬផ្លាស់ប្តូរអ្វីផ្សេងយ៉ាងរហ័ស នៅពេលអ្នកទៅជិតតុ នោះមានន័យថា ពួកគេចំណាយពេលច្រើនលើរឿងដែលមិនចង់ឲ្យអ្នកឃើញ។

សញ្ញានេះគួរឲ្យសង្ស័យ! ក្រៅពីករណីលួចទំនិញឬលួចពេលវេលាធ្វើការ ពួកគេកំពុងចូលមើលគេហទំព័រមិនល្អដែលអាចចម្លងវីរុសកុំព្យូទ័រនិងអាចបង្កអន្តរាយដល់ប្រតិបត្តិការក្រុមហ៊ុនក៏ថាបាន។

ដំណោះស្រាយសមស្រប

ដំណោះស្រាយល្អ ក្នុងនាមជាអ្នកគ្រប់គ្រង ឬម្ចាស់ក្រុមហ៊ុន គួរប្រមូលភ័ស្តុតាងឲ្យបានគ្រប់គ្រាន់ និងដាក់ពាក្យបណ្ដឹងទៅតុលាការដើម្បីទុកឲ្យច្បាប់ជាអ្នកចាត់ការ។ មួយវិញទៀត ត្រូវប្លុក(Block)បុគ្គលិកប្រភេទនោះចេញពីប្រព័ន្ធការងារទាំងអស់ដូចជា អ៊ីម៉ែល ហ្គូហ្គលឯកសារ និងផ្នែកដទៃទៀតដែលគេធ្លាប់ពាក់ព័ន្ធ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ BKH

ចុចអាន៖ ៥ យ៉ាង​សម្គាល់ថា ចៅហ្វាយ​កំពុង​តែមិនទុកចិត្តយើង

ចុចអាន៖ រឿង ៤ យ៉ាង​ដែល​យើងមិនងាយយល់អំ​ពី​​ពាណិជ្ជកម្ម​វាល់​លាន​ដុល្លារ