សូត្រ​ខេ​វិ​ន ​ផ្តួល​ ឈឿន​ឆៃ​ដែន​ក្នុង​ទឹក​ទី​៣ ឯ​ចាន់​ស៊ី​ណាត​ឈ្នះ​ឡុង​ខេត្ត​ដោយ​ពិន្ទុ
BREAKING NEWS
Search

សូត្រ​ខេ​វិ​ន ​ផ្តួល​ ឈឿន​ឆៃ​ដែន​ក្នុង​ទឹក​ទី​៣ ឯ​ចាន់​ស៊ី​ណាត​ឈ្នះ​ឡុង​ខេត្ត​ដោយ​ពិន្ទុ

សូត្រ ខេ​វិ​ន ​អ្នក​ប្រដាល់​ស្រករ​ក្រោយ ក្លឹប​បក្សី​ស្លាប​ដែក បាន​ផ្តួល ឈឿន ឆៃ​ដែន អ្នក​ប្រដាល់​ជើងចាស់​នៃ​ក្លឹប​ថ្មគោល​ពោធិ​សែន​ជ័យ អោយ​សន្លប់​ក្នុង​ទឹក​ទី​៣ ​ក្នុង​ការ​ជួប​ប្រកួត​គ្នា កាលពី​យប់​ថ្ងៃ​ទី​២៧ ​មិថុនា​ ២០២០ នៅ​លើ​សង្វៀន​បិទ​ទ្វារ​វ៉ើក​បាយ័ន​ស្ទឹងមានជ័យ។

​ឈឿន ឆៃ​ដែន គេ​ភ្លាត់ស្នៀត​ពេល​សម្រុកចូល​វាយ​ខេ​វិ​ន ក៏​ត្រូវ​ខេ​វិ​ន​ប្រលែង​មួយ​កែង​ស្តាំ​ចំ​សៀតផ្កា​ខាងឆ្វេង បណ្តាល​ឲ្យ​ឈឿន ឆៃ​ដែន ដួល​សន្លប់​តែ​ម្តង​នៅ​ក្នុង​ទឹក​ទី​៣​នោះ។ ជើង​ខ្លាំង​ស្រករ​ក្រោយ សូត្រ ខេ​វិ​ន និង​ជើងចាស់ ឈឿន ឆៃ​ដែន ជួប​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គ​.​ក្រ។​
​ចំពោះ​ជី ឆៃលី អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​កង​យោធពល​ខេមរភូមិន្ទ ប្រកួត​ឈ្នះ ម៉ន ភី​រម្យ អ្នក​ប្រដាល់​ក្លឹប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ដោយ​ពិន្ទុ បន្ទាប់ពី​វាយ​គ្នា​៥​ទឹក​ពេញ​នោះ។

​ម៉ន ភី​រម្យ លើក​នេះ រាង​យ៉ាប់ ដែល​ប៉ះ​ជាមួយ​ជើង​ខ្លាំង​ស្រករ​ក្រោយ​ជី ឆៃលី ដែល​វាយ​មិន​ដក​ដៃ​នោះ។ ពួកគេ​ទាំងពីរ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម។ ចំណែក ចាន់ ស៊ី​ណាត ជើង​ខ្លាំង​និង​ជា​ជើងចាស់​នៃ​ក្លឹប​និរោធ​មានជ័យ ប្រកួត​ឈ្នះ ឡុង ខេត្ត អ្នក​ប្រដាល់​ក្លឹប​ខ្លារខិន​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​សន្សំ​ពិន្ទុ​ប្រាក់​លាន​របស់​ទូរទស្សន៍​បាយ័ន។ អ្នក​ប្រដាល់​ពីរ​នាក់​នេះ ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម។​ ជា​ជ័យជម្នះ​ជុំ​ទី​២​សម្រាប់​ចាន់ ស៊ី​ណាត​ហើយ ដែល​ឡើង​ប្រកួត​សន្សំ​ពិន្ទុ​ប្រាក់​លាន​នេះ ឯ​ឡុង ខេត្ត​ទើបតែ​ជា​ជុំ​ដំបូង​ប៉ុណ្ណោះ​ក៏ត្រូវ​ចប់​ត្រឹមនេះ។

ម៉ន ព្រហ្ម​ម៉ាញ​សងសឹក​ចាន់ ប៊ុន​លាភ​បានសម្រេច ខ​ណៈ​ធឹ​ម ទាន់​សងសឹក​ធា​នុ​រាជ​អត់​បាន។​
​ម៉ន ព្រហ្ម​ម៉ាញ អ្នក​ប្រដាល់​ក្លឹប​កងចក្រ​រាជសីហ៍ ដែល​ត្រូវ​គេ​ផ្តល់​ឱកាស​ឲ្យ​ឡើង​សងសឹក​ចាន់ ប៊ុន​លាភ អ្នក​ប្រដាល់​ក្លឹប​និរោធ​មានជ័យ កាលពី​រសៀល​ថ្ងៃ​ទី​២៧ ​មិថុនា​២០២០ នៅ​លើ​សង្វៀន​បិទទ្វារ​បាយ័ន​ស្ទឹងមានជ័យ​នោះ បាន​វាយ​ឈ្នះ​ប៊ុន​លាភ​ដោយ​ពិន្ទុ ធ្វើ​ឲ្យ​គេ​សងសឹក​បានសម្រេច។ ពីរ​នាក់​នេះ ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម។ កាលពី​ជួប​គ្នា​លើក​មុន​(០៩​ឧសភា​២០២០)​ម៉ន ព្រហ្ម​ម៉ាញ បាន​ត្រូវ​ចាន់ ប៊ុន​លាភ វាយ​ឲ្យ​បោះបង់ចោល​ការប្រកួត​ក្នុង​ទឹក​ទី​៤។ តែ​លើក​នេះ ប៊ុន​លាភ ​ត្រូវ​ចាញ់​ព្រហ្ម​ម៉ាញ​វិញ​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ ។​

​ធឹ​ម ទាន់ អ្នក​ប្រដាល់​ក្លឹប​រាជសីហ៍​ខេត្តរតនគិរី ដែល​ឡើង​សងសឹក​ធានុ​រាជ អ្នក​ប្រដាល់​ជើង​ខ្លាំង​ជើងចាស់​នៃ​ក្លឹប​មកុដ​រាជសីហ៍​ដែរ​នោះ គេ​សងសឹក​អត់​បានសម្រេច​នោះ​ទេ និង ត្រូវ​ចូល​ដើម​ថែមទៀត ដោយ​ត្រូវ​ធានុ​រាជ ទាត់​អោយ​ខូច​ជើង​នៅ​ក្នុង​ទឹក​ទី​២ ។ ពួកគេ​ទាំងពីរ​ជួប​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម។ ចំពោះ រិ​ទ្ធ រៀម អ្នក​ប្រដាល់​ក្លឹប​អាណាចក្រ​គុន​ខ្មែរ ប្រកួត​ចាញ់ គួ​ន សុវណ្ណ អ្នក​ប្រដាល់​ក្លឹប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ​ដោយ​ពិន្ទុ ខ​ណៈ​ដែល​ឌី វិចិត្រ ក្លឹប​អេ​ភូ​ថង​កីឡា វាយ​ឈ្នះ នួន ដេវីត ក្លឹប​កុមារ​ទេព​មាន​រិ​ទ្ធ ដោយ​ពិន្ទុ ហើយ​ផាន់ សុវណ្ណ​ថា ក្លឹប​ចលនា​យុវជន​កម្ពុជា​១៥៧​គុន​ខ្មែរ ប្រកួត​ឈ្នះ រិ​ទ្ធ ប​ច្ចា ក្លឹប​អាណាចក្រ​គុន​ខ្មែរ​ក្នុង​ទឹក​ទី​៥៕

អត្ថបទ៖ វិ​សិទ្ធ
សូមចុចអាន៖ ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ wt​ ធ្វើតេស្ត​ត្រៀម​ចូល​ប្រមូលផ្ដុំ​ក្រុម​ជម្រើស​ជាតិ​២០២០