ស៊ីន យូប៊ីន សូមឱ្យ​ពលរដ្ឋខ្មែរ កុំមានការធ្វេសប្រហែសចំពោះជំងឺកូវី-១៩
BREAKING NEWS
Search

ស៊ីន យូប៊ីន សូមឱ្យ​ពលរដ្ឋខ្មែរ កុំមានការធ្វេសប្រហែសចំពោះជំងឺកូវី-១៩

ភ្នំពេញ៖ តារាសម្តែងស្រីរូបស្រស់កញ្ញា ស៊ីន យូប៊ីន ជាការកត់សម្គាល់នាងតែងតែបញ្ចេញសារជាបន្តបន្ទាប់ ដើម្បីអំពាវនាវ និងបំផុសដល់ស្មារតីរបស់មហាជនក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺដ៏កាចសាហាវកូវីដ-១៩ ពិសេសគឺការសម្អាតអនាម័យឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ផ្តល់កិច្ច​សម្ភាសដល់​គេហទំព័រកម្ពុជាថ្មីនៅរសៀលថ្ងៃទី២៩ ខែឧសភាឆ្នាំ២០២០ តារាស្រីកញ្ញា ស៊ីន យូប៊ីន បាននិយាយឲ្យដឹងថា បើតាមការសង្កេតរបស់នាងនាពេលបច្ចុប្បន្នគឺឃើញមានប្រជាពលរដ្ឋខ្មែរមួយចំនួនហាក់នៅមានការធ្វេសប្រហែសនិងមើលស្រាលចំពោះករណីនៃការឆ្លងជំងឺកូវីដ-១៩ដោយហេតុថាកម្មវិធីជួបជុំមួយចំនួននៅតែបន្តមាន។ចំណែកឯការការពារខ្លួនដូចជាកាពាក់ម៉ាស់ឬការលាងដៃ និងទឹកអាកុល ជែលគឺមានប្រជាពលរដ្ឋខ្លះស្ទើភ្លេចអស់តែម្តង។

កញ្ញា ស៊ីន យូប៊ីន បានបន្តទៀតថា ករណីនៃការធ្វេសប្រហែសរបស់ប្រជាពលរដ្ឋខ្មែរមួយចំនួននេះហើយគឺជាក្តីព្រួយបារម្ភខ្លាំងចំពោះការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ពិសេសគឺរលកទី២ នៃការឆ្លងជំងឺកូវីដ-១៩ ខណៈនៅបណ្តាប្រទេសនានា​ កំពុងតែកើតមានរលកទី២ ដែលជាក្តីព្រួយបារម្ភខ្លាំងរបស់រាជរដ្ឋាភិបាល។ ស៊ីន យូប៊ីន បានលើកឡើងថា សូមប្រជាពលរដ្ឋខ្មែរទាំងកុំភ្លេចខ្លួនឲ្យសោះលើករណីនៃការឆ្លងជំងឺកូវីដ-១៩។ តារាសម្តែងមានប្រជាប្រិយភាព កញ្ញា ស៊ីន យូប៊ីន បានសង្កត់ធ្ងន់ថាសូមបងប្អូនកុំគិតថា ជំងឺកូវីដ-១៩នេះរលាយសាបសូន្យឲ្យសោះដរាបណា ពិភព​លោកមិនទាន់ប្រកាសជាផ្លូវការឬមានវ៉ាក់ស៊ាំងការពារជាផ្លូវការ។

“ខ្ញុំសុំលើកម្រាមដៃដប់អង្វរបងប្អូនខ្មែរសុំឲ្យគោរពតាមការណែនាំរបស់ ក្រសួងសុខាភិបាលឲ្យបានខ្ចប់ខ្ចួននិងថែរក្សាអានាម័យ លាងដៃ និងសាប៊ូ និង បាញ់អាកុល សំអាតដៃ និងសម្ភារៈប្រើប្រាស់ផ្សេងៗជាប្រចាំហើយត្រូវពាក់ម៉ាស់រាល់ពេលចេញខាងក្រៅ ពិសេស សុំបងប្អូនផ្អាកកាជួបជុំ រក្សាគំលាតសង្គម ដើម្បី ខ្លួនឯងនិងក្រុមគ្រួសារ”។ កញ្ញា ស៊ីន យូប៊ីន​ បន្ថែម​។

ជាមួយគ្នានេះកញ្ញា ស៊ីន យូប៊ីន ក៏បានអរគុណដល់អង្គភាពសារព័ត៌មានកម្ពុជាថ្មីដែលតែងតែផ្តល់ជូននូវព័ត៌មានទាន់ហេតុការណ៍អាចធ្វើឲ្យប្រជាពលរដ្ឋជឿទុកចិត្តបាន។ក្នុងនោះដែរ ស៊ីន យូប៊ីន ក៏សូមសំណូមពរឲ្យកម្ពុជាថ្មីជួយរក្សាសរសេរព័ត៌មាន ដែលលើតម្កើនពីតម្លៃសិល្បៈខ្មែរផងដែរ ព្រោះនាងយល់ឃើញថា កន្លងមកមានសារព័ត៌មានក្នុងស្រុកមួយចំនួនហាក់សរសេរមិនសូវឲ្យតម្លៃសិល្បៈខ្មែរនោះទេ៕

អត្ថបទ៖ ចាន់រ៉ា

ចុចអាន៖ ករណីក្មេងស្រី​ លង់ទឹក​ស្លាប់កាល​ពីឆ្នាំ២០១៩ បើក​ការស៊ើបអង្កេត​ជាថ្មី​ម្តង​ទៀត ឃាត់ខ្លួនបានម្នាក់