BREAKING NEWS
Search

ប្រទេសសិង្ហបុរីគ្រោងឲ្យប្រជាជនពាក់ឧបករណ៍តាមដានវីរុសកូរ៉ូណា

រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសសិង្ហបុរីគ្រោងនឹងឲ្យប្រជាជនពាក់ឧបករណ៍តាមដានវីរុសកូរ៉ូណាប្រសិនបើទទួលបានជោគជ័យ ហើយនឹងត្រូវចែកចាយដល់ប្រជាជនទាំងអស់របស់ខ្លួនចំនួន ៥.៧ លាននាក់ ។

ប្រទេសនេះបានបង្កើតកម្មវិធីស្មាតហ្វូនដំបូងបំផុតរួចទៅហើយដើម្បីកំណត់អត្តសញ្ញាណ និងដាស់តឿនដល់មនុស្សដែលមានទំនាក់ទំនងជាមួយអ្នកផ្ទុកវីរុសកូរ៉ូណា ប៉ុន្តែកម្មវិធី Bluetooth ត្រូវបានរំខានដោយសារបញ្ហា ហើយកម្មវិធីនេះមិនត្រូវបានគេប្រើជាទូទៅនោះទេ ។

រដ្ឋមន្រ្តីក្រសួងការបរទេសលោក Vivian Balakrishnan បានប្រាប់សភាកាលពីថ្ងៃសុក្រថា “យើងកំពុងបង្កើត ហើយនឹងបញ្ចេញឧបករណ៍ពាក់ចល័តនេះដោយនឹងមិនអាស្រ័យលើកម្មវិធីរបស់ស្មាតហ្វូននោះទេ” ។

លោកបាននិយាយថា “ប្រសិនបើឧបករណ៍ចល័តនេះដំណើរការបន្ទាប់មកយើងអាចចែកចាយវាទៅមនុស្សគ្រប់គ្នានៅក្នុងប្រទេសសិង្ហបុរី ហើយវានឹងធានាថាយើងទាំងអស់គ្នានឹងត្រូវបានការពារ” ។

កាលពីខែមុនលោក Balakrishnan បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Sky News ថា ឧបករណ៍ដែលកំពុងត្រូវបានបង្កើតឡើងនេះអាចពាក់ជាខ្សែក ឬរក្សាទុកនៅក្នុងកាបូប ហើយអាចដំណើរការបានដោយថ្ម ។

ក្រសួងសុខាភិបាលសិង្ហបុរីកាលពីថ្ងៃព្រហស្បតិ៍បានបញ្ជាក់ថា មានករណីឆ្លងវីរុសកូរ៉ូណាចំនួន ៥១៧ ករណីបន្ថែមទៀតដោយធ្វើឲ្យករណីឆ្លងឡើងដល់ ៣៦,៩២២ នាក់ ៕ REUTERS

ប្រជាជនធ្វើដំណើរតាមផ្លូវទៅធ្វើការក្នុងអំឡុងពេលព្រឹកព្រលឹមចំពេលមានការផ្ទុះឡើងនៃវីរុសកូរ៉ូណានៅប្រទេសសិង្ហបុរី ។ (រូប REUTERS)

ប្រែសម្រួល ៖ ជីវ័ន្ត