សឹង្ហបុរីនឹង​​ពិន័យ​១ម៉ឺនដុល្លារ ឬដាក់ពន្ធនាគារ៦ខែប្រសិនអង្គុយកៀកជាងមួយម៉ែត្រពីគ្នា​នៅទីសាធារណៈ

ចាប់ពីថ្ងៃសុក្រ ទី២៧ ខែមីនានេះ ប្រជាជនសិង្ហបុរីណាម្នាក់ ដែលមានចេតនាអង្គុយកៀកជាង ១ ម៉ែត្រពីអ្នកដទៃ នៅទីសាធារណៈ នឹងត្រូវរងការពិន័យជាប្រាក់ រហូតដល់ ១០,០០០ ដុល្លារ ឬជាប់ពន្ធនាគាររហូតដល់ ៦ ខែឬអាចប្រឈមនឹងការពិន័យទាំងពីរចូលគ្នាតែម្តង ។

ក្រឹត្យនេះ​ចេញ​ឡើង​ក្រោមវិសោធនកម្មច្បាប់ស្តីពីជំងឺឆ្លងកូវីដ១៩ដែលធ្វើឡើងដោយក្រសួងសុខាភិបាល។

យោងតាម TheStraitstimes ព្រឹត្តិប័ត្ររដ្ឋាភិបាលបានចេញ​ការប្រកាសនេះ​តំាងពីយប់មិញ (ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា) ។
ការកំណត់ទាំងនេះ គិតចំពោះបរិវេណនៅខាងក្រៅកន្លែងធ្វើការ និងសាលារៀន ដើម្បីធានាថាមានការអង្គុយឃ្លាតឆ្ងាយពីគ្នា​ឱ្យបាន​យ៉ាងហោចណាស់មួយម៉ែត្រនៅកន្លែងជួបជុំនានាដូចជានៅហាងកាហ្វេ ភោជនីយដ្ឋាន និងផ្សារទំនើប។ល។

ប្រទេសសិង្ហបុរី បានរាយការណ៍ករណីឆ្លងកូវីដថ្មីចំនួន ៥២ទៀត កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញដែលនាំឱ្យគេមានករណីសរុបដល់ទៅ ៦៨៣ ករណីហើយ​សម្រាប់ប្រទេស​ដ៏តូចមួយនេះ។

ស្ថិតក្រោមការបទប្បញ្ញត្តិ ២០២០ រាល់ព្រឹត្តិការណ៍កីឡា ការតាំងពិព័រណ៍ពាណិជ្ជកម្មនិងការកម្សាន្តសាធារណៈនៅតាមបណ្តារោងកុន មជ្ឈមណ្ឌលហ្គេមកុំព្យូទ័រ ឬកន្លែងផ្សេងទៀតត្រូវបានហាមឃាត់ចាប់ពីនៅថ្ងៃសុក្រ នេះរហូតដល់ថ្ងៃទី ៣០ខែមេសា។

អ្នកដែលល្មើសនឹងច្បាប់ថ្មីនេះ អាចត្រូវទទួលពិន័យជាប្រាក់រហូតដល់ ១ ម៉ឺនដុល្លារសឹង្ហបុរីឬជាប់ពន្ធនាគាររហូតដល់ ៦ ខែឬប្រឈមនឹងការពិន័យទាំងពីរយ៉ាងផង។

ទន្ទឹមនឹងនេះអ្នករៀបចំព្រឹត្តិការណ៍នានា ដែលមិនត្រូវហាមឃាត់ ត្រូវប្រាកដថា នឹង​មានមនុស្សមិនច្រើនជាង ១០ នាក់ចូលរួមនោះទេលើកលែងតែព្រឹត្តិការណ៍ទាំងនេះត្រូវបានធ្វើឡើងនៅក្នុងដំណើរការអាជីវកម្មឬនៅកន្លែងធ្វើការ ឬក្នុងស្ថាប័នអប់រំ។

បទប្បញ្ញត្តិចុងក្រោយដែលបានចូលជាធរមាននៅម៉ោង ១១ និង ៥៩ នាទីល្ងាចថ្ងៃព្រហស្បតិ៍នេះក៏ដើម្បីធ្វើឱ្យមានភាពស្របច្បាប់ ក្នុងការប្រយុទ្ធប្រឆាំងតឹងរឹងនឹងការរីករាលដាលនៃជំងឺឆ្លងនៅទូទំាង​ប្រទេសសិង្ហបុរី។
លើសពីនេះទៀតអ្នករៀបចំព្រឹត្តិការណ៍នៅតាមទីសាធារណៈដែលមានអាហារឬភេសជ្ជៈត្រូវធានាថា មនុស្ស​ម្នា ក៏ត្រូវ​ឈរនៅ មានចម្ងាយយ៉ាងតិចមួយម៉ែត្រពីបុគ្គលដទៃទៀតហើយអាហារនិងភេសជ្ជៈត្រូវបានបម្រើជាចំណែកៗសម្រាប់បុគ្គល មិនអាច​ដាក់ឡូកលំឡើយ។

ពលរដ្ឋ​នៅតែ​ត្រូវបានអនុញ្ញាតិឱ្យមានខ្យល់ចេញចូលដោយដើរកម្សាន្ត​តាមទីធ្លានានា និងធម្មជាតិតែគេនឹងជួបការស្ទាក់​វាស់សីតុណ្ហភាពរាងកាយដើម្បីសម្រួលដល់វិធានការតាមដាន។

ម្ចាស់ឬអ្នកកាន់កាប់ហាងនានា និងហាងទំនិញ ក៏ត្រូវធានាថា កន្លែងអង្គុយខ្លួន មានចម្ងាយយ៉ាងតិចមួយម៉ែត្រពីគ្នាហើយ​កៅអីបម្រុងត្រូវតែមាន​ដើម្បីកំណត់ព្រំដែនថា កន្លែងអង្គុយមិនកៀកជាងច្បាប់កំណត់។

ពួកគេត្រូវធានាថា អ្នកដែលមកឈរទិញជាជួរ ដូចជាបង់ថ្លៃរបស់របរ គិតលុយឬប្រើបន្ទប់ទឹកក៏​ត្រូវតែ​ឃ្លាតមួយម៉ែត្រពីគ្នា​។

អ្នកដែលកាន់កាប់មជ្ឈមណ្ឌលលក់ទំនិញ ទីកន្លែងគោរពបូជា ទីកន្លែងបញ្ចុះសពត្រូវទទួលខុសត្រូវខ្ពស់ ចំពោះការផាកពិន័យ ប្រសិនមិនអនុលោមតាមវិធានការចម្ងាយប្រកបដោយសុវត្ថិភាពដែលរដ្ឋបានដាក់ចេញ។

Mr Tomorrow