ក្រុម​គ្រូពេទ្យ​​ បញ្ជាក់​ពី​ស្ថានភាព​​អ្នក​ជំងឺ​កូវីដ​១៩​ ទាំង​៣៤​នាក់​ នៅ​ខេត្ត​ព្រះសីហនុ

ព្រះសីហនុ​ ៖ ​អ្នក​ជំងឺ​កូ​វីដ​១៩​ ចំនួន​៣៤​នាក់​(​ខ្មែរ​២​នាក់ និង​បារាំង​៣២​នាក់​) ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ខេត្ត​ព្រះសីហនុ​នោះ​ ​មាន​សុខភាព​ល្អ​ធម្មតា។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ផេក​ប្រជាជន​ខេត្ត​ព្រះសីហនុ ​នៅ​យប់​ថ្ងៃ​ទី១ ​ខែ​មេសា ​ឆ្នាំ​២០២០។

ប្រភព​នេះ ​បាន​ដក​ស្រង់​សម្ដី​ពី​ក្រុម​គ្រូពេទ្យ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​ ដោយ​បញ្ជាក់​ដូច្នេះ​ថា «​ដំណឹង​ល្អ នា​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២០ អ្នកជំងឺ​ទាំង ៣៤​នាក់ ដែល​មាន​វិជ្ជមាន​កូ​វីដ​១៩ នោះ មកដល់​ថ្ងៃនេះ មាន​ស្ថាន​ភាព​ល្អ មិន​មាន​ការវិវត្ត​អាក្រក់​ណាមួយ​នោះទេ»។

ប្រភព​ បាន​​បញ្ជាក់​ទៀត​ថា តាម​បច្ចេកទេស​គ្រូពេទ្យ នឹង​យក​សំណាក ទៅកាន់​វិទ្យាស្ថាន​ប៉ា​ស្ទ​រ័ ជា​បន្តបន្ទាប់​ទៀត រហូតដល់​លទ្ធផល អវិជ្ជមាន​មេរោគ ទើប​បញ្ចប់​ការ​ព្យាបាល ហើយ​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅផ្ទះ និង​ប្រទេស​កំណើត​វិញ។

ទោះជា​យ៉ាង​នេះ​ក្ដី រដ្ឋបាល​គ្រប់​ផ្នែក​នៅតែ​បន្ត​ចុះ​ឃោសនា អប់រំ​ពលរដ្ឋ មហាជន ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន តាម​វិធី​ការពារ ដែល​ក្រសួងសុខាភិបាល​ណែនាំ ដើម្បី​រួមគ្នា​លែង​ឲ្យ​មាន​ឆ្លង និង​យកឈ្នះ​ជំងឺ​នេះ​ឲ្យ​បាន។ ប្រភព​បន្ថែម។

គួរ​បញ្ជាក់​ថា គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០២០​នេះ កម្ពុជា បាន​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វីដ​១៩​សរុប​ទូទាំង​ប្រទេស​សរុប​ចំនួន​១០៩​នាក់ (​អ្នក​ព្យាបាល​ជាសះស្បើយ​២៥​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន​៨៤​នាក់​) ក្នុង​នោះ​ស្រី​៣០​នាក់ ប្រុស​៧៩​នាក់។ ក្នុង​ចំណោម​​អ្នក​ផ្ទុក​សរុប​ទូទាំង​ប្រទេស​១០៩​នាក់​នេះ​ រក​ឃើញ​នៅ​ខេត្ត​ព្រះសីហនុ​ចំនួន​៣៦​នាក់ ក្នុង​នោះ​ជនជាតិ​ចិន​ម្នាក់​(​ជាសះស្បើយ​) ជនជាតិ​ខ្មែរ​២​នាក់ និង​បារាំង​៣៣​នាក់​។ ប៉ុន្តែ​ក្នុង​ចំណោម​ជនជាតិ​បារាំង​ទាំង​៣២​នាក់​នេះ មាន​ជនជាតិ​បារាំង​ម្នាក់ មាន​អា​ការៈ​ពិបាក​ដកដង្ហើម ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ​កាលពី​ពេល​កន្លង​ទៅ។ ដូច្នេះ​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​ខេត្ត​ព្រះសីហនុ​មាន​ចំនួន​៣៤​នាក់៕

សម្រួលដោយ ៖ មនោ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114