BREAKING NEWS
Search

កំហុស ៥ យ៉ាងដែលយើងតែងតែធ្វើនៅពេលប្រើ Smartphone

ទូរស័ព្ទដៃរបស់អ្នកមិនមែនជាដៃគូគេងទេ! ហើយវាក៏មិនមែនមិត្តល្អបំផុតដែលអ្នកត្រូវទុកកៀកកើយគ្រប់ពេលដែរ។ ហេតុអ្វី? ព្រោះទូរស័ព្ទវាបង្កផលប៉ះពាល់ដល់សុខភាពរបស់អ្នកដោយមិនដឹងខ្លួន បើសិនអ្នកពុំមានការប្រុងប្រយ័ត្នទេនោះ។ ទាំងនេះជាកំហុស៥  យ៉ាងពីការប្រើស្មាតហ្វូនដោយមិនត្រឹមត្រូវ៖

 ១. ដាក់ទូរសព្ទគេងជាមួយ

ទូរស័ព្ទដៃគឺជាមូលដ្ឋានបញ្ជូននិងទទួលអេឡិចត្រូម៉ាញេទិក ដែលវាជាការបញ្ចេញរលកវិទ្យុ។ តាមការស្រាវជ្រាវបង្ហាញថា រលកនេះអាចជះឥទ្ធិពលដល់ខួរក្បាលរបស់អ្នក បន្ទាប់ពីវាត្រូវបានដាក់ក្បែរអ្នកអស់ពេលជាច្រើនម៉ោង។ ប្រសិនបើអ្នកមិនអាចបិទទូរសព្ទទាំងស្រុង ឬទុកវានៅក្នុងបន្ទប់ផ្សេងទេ សូមបិទសេវារបស់វា( Airplane Mode)។

២. បើកពន្លឺខ្លាំងពេក

ពន្លឺចេញពីអេក្រង់ទូរសព្ទអាចបង្អាក់ការគេង បណ្តាលឱ្យឈឺក្បាលនិងបញ្ហាភ្នែក។ ដូច្នេះសូមព្យាយាមកំណត់ពន្លឺនៅលើទូរស័ព្ទរបស់អ្នកត្រឹមកម្រិតតិច និងមិនគួរប្រើវាក្នុងរយៈពេលយូរពេកទេ។

៣. ប្រើទូរសព្ទក្នុងកម្រិតសេវាខ្សោយ

បណ្ឌិត Devra Davis អ្នកនិពន្ធផ្តាច់ទំនាក់ទំនងសេវា បាននិយាយថា នៅពេលទូសព្ទធ្លាក់សេវាចុះខ្សោយ វាបណ្តាលឱ្យទូរសព្ទឡើងកម្តៅ ចំណែកឯវិទ្យុសកម្មរបស់វានឹងកើនឡើងទ្វេរដង។ វាអាចនឹងបង្កគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកកាន់តែធ្ងន់ធ្ងរ ប្រសិនបើអ្នកព្យាយាមប្រើទូរសព្ទក្នុងស្ថានភាពបែបនេះ។

៤. ដាក់ទូរសព្ទឲ្យប៉ះនឹងរាងកាយផ្ទាល់ៗ

តាមការសិក្សាជាច្រើន បាននិយាយថា ទូរសព្ទមានការបញ្ជូនរលកសញ្ញា ៩០០ MHz ដែល ធ្វើឲ្យទូរសព្ទក្តៅ និងបណ្ដាលឲ្យកើតជំងឺមហារីកនៅពេលវាប៉ះជាមួយរាងកាយរបស់មនុស្ស។ ការសិក្សានិយាយទៀតថា កាលណាយើងព្យាយាមដាក់ទូរសព្ទឲ្យឆ្ងាយ ការស្រូបយករលកសញ្ញានឹងថយចុះយ៉ាងខ្លាំង។ ដូច្នេះសូមកុំដាក់ទូរសព្ទជាប់ផ្ទាល់នឹងខ្លួនអ្នក!

៥. ប្រើទូរសព្ទក្នុងកាយវិការមិនត្រឹមត្រូវ

ការប្រើទូរស័ព្ទដោយឱនកពត់ទៅមុខ ឬឈ្ងោកមុខខ្លាំង ឬដាក់ទូរសព្ទជិតភ្នែកពេក អាចបណ្តាលឱ្យឆ្អឹងខ្នងកោង រលាកស្រោមពោះ ធ្ងន់ក្បាល ឈឺកញ្ចឹងក និងមានបញ្ហាមាត់ស្បូនចំពោះស្រ្តី។ សូមព្យាយាមដាក់ទូរសព្ទក្នុងឥរិយាបថដែលត្រឹមត្រូវ ដើម្បីជៀសវាងបញ្ហាទាំងនេះ៕

 

ចុចអាន៖  ​ស្ត្រីវ័យវ័យ​ចំណាស់​ជាងគេ​លើពិភព​លោក​បានប្រារព្ធ​ពិធីខួប​កំ​ណើតគម្រប់អាយុ១១៧ឆ្នាំ

  ក្រុម​អ្នក​ស្រាវជ្រាវ​មាន​មហិច្ឆតា​ចង់​ឲ្យ​វ៉ាក់សាំង​ជំងឺ​របេង​មាន​អាយុកាល១សតវត្សរ៍

ប្រែសម្រួល៖ សន្យា