ចិញ្ចឹមកូនតឹងរ៉ឹងពេក អាចជាមូលហេតុនាំឲ្យកូនចេះប្រើហិង្សា

ឪពុកម្ដាយគ្រប់រូបរមែងចង់ឲ្យកូនៗក្លាយជាមនុស្សល្អដោយមានអត្តចរិតល្អក្នុងការរស់នៅប្រចាំថ្ងៃក៏ដូចជាទៅថ្ងៃអនាគត។ ដោយសារបំណងនេះ ទើបឪពុកម្ដាយរាល់គ្នាតែងតែអប់រំបង្រៀនកូនតាមវិធីរៀងខ្លួន។ ក្នុងនោះមានឪពុកម្ដាយខ្លះបានជ្រើសរើសទូន្មានចិញ្ចឹមកូនតាមបែបតឹងរ៉ឹងខ្លាំងហួសហេតុពេក រហូតធ្វើឲ្យកូនទៅជាមានបញ្ហាទៅវិញ។

ទទួលស្គាល់ថា ឪពុកម្ដាយដែល​ចិញ្ចឹម​កូនបែប​​តឹង​រ៉ឹង​ គឺក្នុងបំណងចង់ឲ្យកូនមានវិន័យល្អ ហើយមានអនាគតដែលប្រសើរដូចគេដូចឯងប៉ុណ្ណោះ។ ប៉ុន្តែការចិញ្ចឹមកូនរបៀបនេះ វាជាការដាក់សម្ពាធទៅលើកូន និងអាចធ្វើកូនៗធំឡើងរស់នៅជួបបញ្ហាជាច្រើន។​

ធម្មតាចំពោះឪពុកម្ដាយ ការចិញ្ចឹមកូនបែបតឹងរ៉ឹង ជាឪពុកម្ដាយដែលចង់ឲ្យកូនមានរបៀបរៀបរយល្អ ធ្វើអ្វីតាមបង្គាប់​​ដោយ​គ្មាន​ការ​ជំទាស់ ​និងទាម​ទារ​ខ្ពស់​ ហើយ​មិន​ចូលចិត្ត​បក​ស្រាយ​ ឬប្រាប់​ហេតុ​ផលឲ្យ​​កូន​បាន​​ដឹង​​ទេ។

​កូនៗដែលមានឪពុកម្ដាយបែបនេះ ហាក់ដូចជា​​រស់​នៅ​ក្នុង​របបផ្ដាច់ការដូច្នោះដែរ។ ពួកគេចេះតែ​ធ្វើតាមបង្គាប់ដោយ​មិន​​ពិចារណា ​និងរង់ចាំតែគេប្រាប់ ទើប​ធ្វើ​តាម​។ ជាញឹកញាប់ពួកគេ មានអារម្មណ៍​ភ័យ​ខ្លាចលើ​​ការ​ដាក់​ទោស​ពេល​ធ្វើ​ខុសម្ដងៗ។ ជួនកាលពួកគេ​ទទួល​ភាពស្មុគស្មាញខ្លាំង ​ដោយសារគិតពី​ពាក្យ​សម្ដី និង​សកម្មភាព​របស់ឪពុកម្ដាយបង្គាប់បញ្ជារ។

ទោះ​បី​ជា​កូន​​ភាគ​ច្រើន​ធ្វើតាមបង្គាប់​ក៏​ដោយ ​ប៉ុន្តែ​មាន​ខ្លះក៏អាច​ប្រឆាំងតបវិញដូចគ្នា ជាពិសេសពួកជំទង់ៗ។ ពួកគេអាចក្លាយជាមនុស្សចេះកុហក លាក់បាំងសកម្មភាពមិនល្អរបស់ខ្លួន ហើយមានពេលខ្លះអាចប្រើហិង្សាលើអ្នកដទៃ។

ឪពុកម្ដាយគ្រប់រូបគួរដឹង! ​​ ការចិញ្ចឹមកូនបែបតឹងរ៉ឹងអាច​ធ្វើ​ឲ្យ​កូន​ស្ដាប់​បង្គាប់​ពិតមែន ប៉ុន្តែអាកប្បកិរិយារបស់កូនដែលអ្នករំពឹងថាល្អប្រសើរនោះពិតជាមិនអាចទៅរួចនោះទេ។ កូនៗនឹង​ខ្វះ​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង មានអារម្មណ៍​ខ្លាចអ្នកដទៃ ​​រីឯការ​គិត​ក៏នឹង​មាន​កម្រិតមួយ។ ដោយ​សារ​​ឪពុកម្ដាយទម្លាប់​ការ​រិះ​គន់កូនៗ ហេតុនេះពួកគេនឹងមាន​ទំនោររិះគន់មនុស្ស​ជុំវិញ​ខ្លួនដែរ​។ ​អនាគតទៅ ​នៅពេលកូនៗពេញវ័យ ពួកគេអាច​នឹង​មាន​បញ្ហា​​ក្នុង​​ទំនាក់ទំនង​ស្នេហាផងដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Brightside

ចុចអាន៖ មូលហេតុ ៧ យ៉ាងធ្វើឲ្យមនុស្សបរាជ័យងើបមុខមិនរួច

ចុចអាន៖ ជំងឺផ្លូវចិត្ត ៣ ប្រភេទដែលយើងច្រើនតែយល់ច្រឡំថាជាចរិតពីកំណើត