លោក សុខ ឥសាន​ថា សម រង្ស៊ី កំពុង​រៀបចំ​ល្បិច​បោក​ជាថ្មី តាមរយៈ​គម្រោង​ចូលមក​កម្ពុជា​នៅ​ឆ្នាំ​២០២០

ភ្នំពេញ ​៖ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាងថា ទណ្ឌិត សម រង្ស៊ី កំពុង​រៀបចំ​ល្បិច​បោក​ជាថ្មី តាមរយៈ​ការប្រកាស​ចូលមក​កម្ពុ​ជា​នៅ​ឆ្នាំ​២០២០ ហើយ​ដោយ​សារ​តែ​ភាពទាល់ច្រក​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​នេះ ពួកគេ​កំពុង​ឆ្លេរឆ្លា​រត់​រក​ច្រក ដើម្បី​ចរចា​ជាមួយ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​លោក សម រង្ស៊ី បាន​បង្ហើរ​ព័ត៌មាន​មួយ ដោយ​អះអាងថា ខ្មោច​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រៀបចំ​ដំណើរ​មាតុភូមិនិវត្តន៍​ទៅ​កម្ពុជា​ម្តងទៀត សម្រាប់​លោក សម រង្ស៊ី នៅ​ឆ្នាំ​២០២០​នេះ ក្រោយពី​គម្រោង​មាតុភូមិនិវត្តន៍​កាលពី​ថ្ងៃទី​០៩ ខែ​វិច្ចិកា ឆ្នាំ​២០១៩ មិន​ទទួលបាន​ជោគជ័យ ដោយសារតែ​ភាព​កំសាក​របស់ខ្លួន​។

ទាក់ទង​បញ្ហា​នេះ លោក សុខ ឥសាន បានបញ្ជាក់​យ៉ាងនេះ​ថា “​ការ​ប្រកាសថា នឹង​ចូល​ស្រុក​ជាថ្មី​របស់​ទណ្ឌិត​មេ​ឧទ្ទាម​ក្រៅច្បាប់​នៅក្នុង​ឆ្នាំ​២០២០ គឺជា​ល្បិច​បោក​ថ្មី​”​។

ដោយឡែក​ទាក់ទង នឹង​ព័ត៌មាន​មួយ ដែល​ថ្មីៗ​នេះ ត្រូវបាន​គេ​ទំលាយ​ថា លោក សម រង្ស៊ី បាន​ឲ្យ​មនុស្ស​ជំនិត​របស់ខ្លួន គឺ​លោក មែន សុថា​វរិ​ន្ទ្រ ធ្វើការ​ទំនាក់ទំនង ដើម្បី​ជួបចរចា​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ លោក សុខ ឥសាន បាន​អះអាងថា ពួកគេ​កំពុង​អស់​ផ្លូវ​ដើរ​ហើយ​។ លោក​បញ្ជាក់​យ៉ាងនេះ​ថា “​ការ​បង្ហើប​ពត៌មាន​ថា ចង់​ជួប​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ឬ​យ៉ាងហោច​ជាមួយ​កូន​ថ្នាកដឹកនាំ​នោះ គឺជា​ព័ត៌មាន​ក្លែងក្លាយ និង​ជាការ​បញ្ជាក់ថា ក្រុម​ឧទ្ទាម​ក្រៅច្បាប់​កំពុង​អស់​ផ្លូវ​ដើរ​។ ភាពទាល់ច្រក​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ឆ្លេរ​ឆ្លា​រិះរក​ច្រក ដើម្បី​ចរចា​ជាមួយ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​”​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២០ លោក សម រង្ស៊ី បាន​បង្ហោះ​ព័ត៌មាន​មួយ​អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ត្រៀម​រៀបចំ​មាតុភូមិនិវត្តន៍​ទៅកាន់​ប​ប្រទេស​កម្ពុជា ជាថ្មី​ម្តងទៀត​នៅ​ឆ្នាំ ២០២០​នេះ និង​បាន​អះអាងថា ថ្ងៃ​០៩ វិច្ឆិកា ២០១៩ គឺជា​ជោគជ័យ​មួយ​ដ៏​ត្រចះត្រចង់ សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នកប្រជាធិបតេយ្យ​ខ្មែរ​គ្រប់រូប​។

លោក សម រង្ស៊ី បានលើកឡើង​ពី​ប្រការ​វិជ្ជមាន​ចំនួន​៥ កាលពី​ថ្ងៃ​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដែល​ធ្វើ​ឲ្យ​លោក​ត្រូវ​រៀបចំ​ធ្វើដំណើរ​ទៅ​ប្រទេស​កម្ពុជា​ម្តងទៀត ដែល​ប្រការ​វិជ្ជមាន​នោះ គឺ​បង្ហាញ​ពី​ភាពក្លាហាន និង​ការប្តេជ្ញាចិត្ត​របស់​ខ្លួន​, ទទួលបាន​ជ័យជំនះ​ផ្លូវ​នយោបាយ និង​ចិត្តសាស្ត្រ លើ​សមរភូមិ​សារព័ត៌មាន និង​សាធារណៈ​មតិ​អន្តរជាតិ​, ពិភពលោក​ទាំងមូល​បាន​យល់​ច្បាស់​ពី​កម្ពុជា​, អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហាញ​ពី​ភាពរឹងមាំ និង​រស់​រវើក​របស់​ខ្លួន និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​ជ័យជំនះ​ផ្លូវ​ទូត​។

គេ​នៅ​ចាំ​បាន​ថា នៅក្នុង​គម្រោង ដំណើរ​មាតុភូមិនិវត្តន៍​មកកាន់​ប្រទេស​កម្ពុជា​របស់លោក សម រង្ស៊ី កាលពី​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​នោះ ត្រូវបាន​សារព័ត៌មាន​ធំៗ​នៅលើ​ពិភពលោក ក៏ដូចជា​ក្រុម​អាកាសចរ​បាន​អះអាង​ថា លោក សម រង្ស៊ី ស៊ី​មិនបាន​កក់​សំបុត្រ ដើម្បី​ចូលមក​កាន់​ប្រទេស​កម្ពុជា ដូចដែល​លោក សម រង្ស៊ី បានលើកឡើង​នោះទេ​។ ដែល​ប្រការ​នេះ​ធ្វើ​ឲ្យ​ពិភពលោក​យល់ថា លោក សម រង្ស៊ី កំពុងតែ​ប្រើល្បិច​បោកប្រាស់​អ្នកគាំទ្រ ដើម្បី​ប្រមូល​លុយ​ចូល​ហោប៉ៅ​តែប៉ុណ្ណោះ តាមពិត​នោះ​ខ្លួន​មិនបាន​មាន​គម្រោង​នឹង​ចូលមក​កាន់​ប្រទេស​កម្ពុជា​នោះទេ​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114