លោក សុខ ឥសាន ហៅ​ការ​លាតត្រដាង​ឯកសារ​របស់ លោក សម រង្ស៊ី ថា​ជា​ល្បិចកល​ទុច្ចរិត​ដែល​បន្ថែម​បន្ទុក​ឲ្យ កឹម សុខា​

ភ្នំពេញ ​៖ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាងថា ការ​លាតត្រដាង និង​បង្ហាញ​ឯកសារ​របស់​ទណ្ឌិត សម រង្ស៊ី ថា​ជា​ការប្រើ​ល្បិចកល​ទុច្ចរិត ក្នុងការ​បន្ថែម​បន្ទុក​ឲ្យ​លោក កឹម សុខា ខណៈ​ពេលនេះ​កំពុង​ជាប់ចោទ​ពីបទ​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស ហើយ​ប្រឹងរក​មធ្យោបាយ​ដោះ​បន្ទុក​។​

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លើកឡើងថា លោក សម រង្សី និង​លោក កឹម សុខា មិនមែន​មនុស្ស​តែម​មួយ​ទេ ពីព្រោះ​អ្នក​ទាំងពីរ​នេះ ម្នាក់​ដេក​ក្រៅ​ស្រុក​យ៉ាង​រំភើយ ឯ កឹម សុខា ដេក​នៅក្នុង​ស្រុក ហើយ​ភស្តុតាង​ដែល​បង្ហាញ​ដោយ ​ទណ្ឌិត សម រង្ស៊ី កាន់តែ​បន្ថែម​បន្ទុក​លើ​ជនជាប់ចោទ កឹម សុខា ធ្ងន់​ថែមទៀត​។

លោក​បញ្ជាក់ថា ល្បិចកល​ទុច្ចរិត​របស់​ទណ្ឌិត​មេ​ឧទ្ទាម​ក្រៅច្បាប់ ដែល​បង្ហាញ​បន្ថែម​ភស្តុតាង​នេះ គឺ​ជា​ដាក់បន្ទុក​លើ កឹម សុខា ដោយ​អាង​តែ​ខ្លួន​នៅ​ក្រៅ​ប្រទេស​ស្រាប់ ទុក​ឲ្យ ​កឹម សុខា ជាប់កុន​នៅ​ក្នុង​ប្រទេស​។

ទាក់ទង​ដល់​សវនាការ​លើ​សំណុំរឿង​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​របស់ លោក កឹម សុខា អ្នកនាំពាក្យ​រូបនោះ​អះអាងថា ទោះ​វីដេអូ​ភស្តុតាង​ខ្លី ឬ​វែង​យ៉ាងណាក៏ដោយ តែ​បញ្ហា​សំខាន់ គឺ​ស្ថិតនៅលើ​ជន​ជាប់​ចោទ​ទទួលស្គាល់​ថា ជា​សំឡេង និង​រូបភាព​ខ្លួន​ពិតប្រាកដ ហើយ​ការដែល កឹម សុខា យក​គំរូ​តាម​យូ​ហ្គោ​ស្លា​វី និង​ស៊ែ​ប៊ី មក​អនុវត្ត​នៅ​កម្ពុជា តាម​ការណែនាំ​របស់​សាស្ត្រាចារ្យ​ល្បីឈ្មោះ មិន​មែន​ជា​ការចង់​ផ្លាស់ប្ដូរ​តាមបែប​ប្រជាធិបតេយ្យ​ទេ គឺ​ចង់​លេង​ផ្លូវ​កាត់​។​

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០ បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា “​នេះ​ជា​សំណុំ​ឯកសារ​ដំបូង ដែល​ខ្ញុំ សម រង្ស៊ី ផ្ញើជូន​តុលាការ​ទីក្រុង​ភ្នំពេញ ដើម្បី​បញ្ជាក់​ជា​ភស្តុតាង​ថា ខ្ញុំ​បាន​សហការ​ជាមួយ​អង្គការ​បរទេស​ជាច្រើន ក្នុង​គោលបំណង​រៀបចំ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​របប​នយោបាយ​នៅ​ប្រទេស​កម្ពុជា គឺ​ផ្លាស់ប្ដូរ​ពី​របប​ផ្ដាច់ការ មក​របប​ប្រជាធិបតេយ្យ​។

ភស្តុតាង​ទាំងអស់នេះ គឺជា​ឯកសារ​ច្បាស់លាស់ មិនអាច​ប្រកែក​បាន ដែល​បង្ហាញ​ពី​សកម្មភាព​របស់​ខ្ញុំ ក្នុងឋានៈ​ជា​ប្រធាន​គណបក្ស សម រង្ស៊ី រួច​ទៅជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រហូតដល់​ឆ្នាំ​២០១៧​។ ការសារភាព​របស់ខ្ញុំ​នេះ ត្រូវធ្វើ​ឲ្យ​តុលាការ​ទីក្រុង​ភ្នំពេញ​ចោទប្រកាន់​ខ្ញុំ​ពីបទ “​ស​ន្ទិ​ដ្ឋិ​ភាព និង​សមគំនិត​ជាមួយ​បរទេស​” និង​ពីបទ “​ក្បត់ជាតិ​” ហើយ “​ឧក្រិដ្ឋកម្ម​” របស់ខ្ញុំ​នេះ​មាន​កម្រិតធ្ងន់​ជាង​លោក កឹម សុខា ដប់​ដង​។ ឯកសារ​ទី​១ គឺ​រូបថត​ខ្ញុំ​ជាមួយ​អង្គការ​អាមេរិកាំង NDI (National Democratic Institute) កំពុង​រៀបចំ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​នៅ​ប្រទេស​កម្ពុជា គឺ​ផ្លាស់ប្ដូរ​ពី​របប​ផ្ដាច់ការ មក​របប​ប្រជាធិបតេយ្យ​។ អង្គការ NDI នេះ ត្រូវបាន​របប ហ៊ុន សែន បណ្ដេញ​ចេញពី​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់ថា អង្គការ​នេះ ធ្វើ​វិទ្ធង្សនា (subversion) ដើម្បី​ផ្តួល​រំលំ​របប​ផ្ដាច់ការ​ទីក្រុង​ភ្នំពេញ​សព្វថ្ងៃ​។ ឯកសារ​ជា​បន្តបន្ទាប់ គឺជា​រូប​ដែល​បាន​ថត​ជាមួយ​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី តំណាងរាស្ត្រ ថ្នាក់ដឹកនាំ​ប្រទេស​នានា និង​អ្នកទទួលខុសត្រូវ​អង្គការ​ផ្សេងៗ​មួយ​ចំនួ​នធំ ក្នុង​ពិភពលោក ដែល​ជួយ​អ្នកប្រជាធិបតេយ្យ​ខ្មែរ ដោយ​ជួយ​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្ដូរ នៅ​ប្រទេស​កម្ពុជា​”​។​

ចំណែក​នៅ​ថ្ងៃទី​២២ ខែ​មករា លោក សម រង្ស៊ី បាន​អះអាងថា លោក​ កឹម សុខា ពាក់ព័ន្ធ​តិចជាង​លោក​ឆ្ងាយ​ណាស់​នៅក្នុង​បទ “​ឧក្រិដ្ឋកម្ម ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស ដើម្បី​រៀបចំ​ឲ្យ​មាន​បដិវត្តន៍​ពណ៌ ផ្តួលរំលំ​របប ហ៊ុន សែន នេះ ហើយ​នេះ​ជា​សំណុំ​ឯកសារ​ទី​២ ដែល​លោក​សម រង្ស៊ី បញ្ជាក់ថា ជា​ភស្តុតាង ដែល​លោក​បាន​សហការ​ជាមួយ​អង្គការ​បរទេស​ជាច្រើន ក្នុង​គោលបំណង​រៀបចំ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​របប​នយោបាយ​នៅ​កម្ពុជា​។​

ទាក់ទង​បញ្ហា​នេះ លោក គី តិច ប្រធាន​ក្រុម​មេធាវី​រាជរដ្ឋាភិបាល និង​ជាដើម​បណ្តឹងរដ្ឋប្បវេណី ធ្លាប់​បាន​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​ក្រោយពី​បញ្ចប់​សវនាការ​កាលពី​ថ្ងៃទី​២៣​មករា​ថា ​នៅក្នុង​សំណុំរឿង ​លោក កឹម សុខា នេះ លោក​មាន​ឯកសារ​ច្រើន​ណាស់ ដែល​នឹងត្រូវ​ដាក់​ជូន​សវនាកា​រ​តាម លំដាប់លំដោយ ហើយ​បើតាម​ការកត់សម្គាល់ ឆ្លងកាត់​សវនាការ​ប៉ុន្មាន​លើក​នេះ លោក​អាច​និយាយបានថា លោក កឹម សុខា នឹងមិន​អាច​គេច​ផុតពី​ការចោទប្រកាន់​ពីបទ​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​បានទេ​៕


អត្ថបទ ៖ កោះ​កែវ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114