សុខ ពិសី ​៖ ​ខ្ញុំ​ជា​កូន​ខ្មែរ​ ពេញចិត្ត​ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ

ភ្នំពេញ​ ៖ ​តារា​ចម្រៀង​លំដាប់​ជួរមុខ​របស់​ផលិតកម្ម​សាន់​ដេ ក​ញ្ញា សុខ ពិសី មុន​នេះ ​បាន​បង្ហោះ​ថ្លែង​សារ​ភ្ជាប់​ជាមួយ​រូបភាព​១​សន្លឹក​ ដោយ​អំពាវនាវ​ឲ្យ​មហាជន ​និង​អ្នកគាំទ្រ​ត្រូវ​ចូលរួម​ថែរក្សា​នូវ​ក្បាច់​គុណ​ល្បុក្កតោ​ខ្មែរ​។​ ខណៈ​ដែល​នាង​ក៏បាន​ពេញចិត្ត​និង​គាំទ្រ​យ៉ាង​ពេញទំហឹង​លើ​វិស័យ​បុរាណ​ខ្មែរ​នេះ​ផង​ដែរ​។

​ការ​បំផុស​របស់​តារា​ចម្រៀង​អ្នកនាង សុខ ពិសី នេះ​បាន​ធ្វើឡើង ​ស្រប​ពេល​ដែល​សាមីខ្លួន​បាន​ជួប​ជាមួយ​គ្រូបង្ហាត់​ក្បាច់​គុណ​ល្បុក្កតោ​ខ្មែរ​ម្នាក់ ​ដែល​មាន​បទពិសោធន៍​លើ​សកម្មភាព​នេះ​មាន​រយៈពេល​យូរ​ឆ្នាំ​។ ​កញ្ញា សុខ ពិសី បាន​រៀបរាប់​បញ្ជាក់​​​ថា ​ខ្លួន​ពិតជា​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការចូលរួម​ថែរក្សា​និង​គាំទ្រ​នូវ​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​។

តារា​ចម្រៀង​សាន់​ដេ កញ្ញា សុខ ពិសី បាន​បញ្ជាក់​ថា ​ខ្ញុំ​ជា​កូន​ខ្មែរ​ពេញចិត្ត​ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ។ ការ​អំពាវនាវ​ពី​សំណាក់​កញ្ញា​សុខ ពិសី ខណៈ​ដែល​ថ្មីៗ​នេះ ​ក៏​មាន​ការ​អំពាវនាវ​ពី​តារា​សម្ដែង​ស្រី​ចិត្តធម៌​កញ្ញា ពេជ្រ ចរណៃ បាន​លើក​ឡើង​ដែរ​ថា ​នាង​ពិតជា​ស្នើ​សុំ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ ចូលរួម​លើក​តម្កើង​ និង​ថែរក្សា​នូវ​ក្បាច់​គុន​បុរាណ​ខ្មែរ​គឺ​ល្បុក្កតោ។

គួរ​បញ្ជាក់​ថា ​ក្បាច់គុន​ល្បុក្កតោ​ គឺជា​ក្បាច់គុន​ដ៏​ចំណាស់​មួយ​របស់​ខ្មែរ​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ជនជាតិ​ខ្មែរ​នៅ​លើ​ទឹកដី​ខ្មែរ​តាំង​ពីមុន​ការ​មក​ដល់​នៃ​អរិយធម៌​ឥណ្ឌា​កាលពី​ជាង​២​ពាន់​ឆ្នាំ​កន្លង​មក​ហើយ​។ ល្បុក្កតោ គឺជា​បន្សំ​នៃ​ពាក្យ ល្បុក្ក បូក​នឹង តោ​» មានន័យថា​សត្វ​តោ​មហា​កម្លាំង ឬ​មហា​ថាមពល​។

បើ​យោង​តាម​វចនានុក្រម​របស់​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត ល្បុក្កតោ​ជា​អាវុធ​ដំបង​ខ្លី​មួយ​ប្រភេទ​អប​ភ្ជាប់​នឹង​កំភួន​ដៃ​សម្រាប់​រង​នឹង​ដំបង​វែង ឬ​បុក​បុះ​ការពារ​ខ្លួន​។ ដូច្នេះ​គុន​ល្បុក្កតោ គឺជា​ក្បាច់គុន​មហា​កម្លាំង​ប្រើប្រាស់​នៅ​ក្នុង​ចម្បាំង​ប្រឆាំង​សត្រូវ​ឈ្លានពាន ដើម្បី​ការពារ​ប្រទេស ប្រាសាទ គ្រួសារ ស្រុកភូមិ ព្រមទាំង​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​ទ្រព្យសម្បត្តិ ទប់ទល់​នឹង​សត្វ​សាហាវ​ផង​ដែរ៕


អត្ថបទ៖ ចាន់​រ៉ា​