សុខ ពិសី អំពាវនាវ​ឲ្យ​មហាជន​ចូលរួម​សហការ​គ្នា ​ធ្វើអំពើ​ល្អ​ខណៈ​ជំងឺកូវីដ១៩ កើត​មាននៅ​កម្ពុជា

​ភ្នំពេញ​ ៖ ​តារា​ចម្រៀង​កញ្ញា សុខ ពិសី ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​ បាន​រក​ឃើញ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ជា​បន្តបន្ទាប់​នោះ​ នាង​បាន​ធ្វើ​ការ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ចំពោះ​ការ​ការពារ​អនាម័យ ​និង​ថែរក្សា​សុខភាព​។ ​មិនតែប៉ុណ្ណោះ​ក៏បាន​បំផុស​ឲ្យ​រួមគ្នា​ធ្វើអំពើ​ល្អ​ខណៈ ដែល​ខ្លួន​ចូលរួម​បរិច្ចាគ​ថវិកា​ចំនួន​២​ពាន់​ដុល្លារ​ផង​ដែរ​។

​តារា​ស្រី​សំឡេង​ស្រទន់​កញ្ញា សុខ ពិសី បាន​អំពាវនាវ​បែបនេះ​ថា ​ជីវិត​មនុស្ស​មើល​មិន​ឃើញ​ទេ បើ​ដង្ហើម​នៅ​ដក​ខំ​តែ​សាង​អំពើ​ល្អ​ទៅ​……!​សូម​ជូន​បុណ្យ​ដែល​នាង​ខ្ញុំ​ធ្វើ​ទៅកាន់​បងប្អូន​ប្រជាជន​ខ្មែរ​ឲ្យ​ជួប​តែ​សេចក្តី​សុខ​ និង​ផុត​ទុក្ខ​ផុត​ភ័យ​គ្រប់​ក្រុម​គ្រួសារ​។​ នាង​បន្ត​ថា ​ពេលវេលា​នេះ​គឺ​មិនមែនជា​ការប្រកួតប្រជែង​គ្នា​នោះទេ។

​កញ្ញា សុខ ពិសី និយាយ​ទៀ​តថា ​ពេលវេលា​នេះ​ហើយ​ ដែល​យើង​ទាំង​អស់​គ្នា​ ត្រូវ​តែ​មាន​តួនាទី​រួមចិត្ត​រួម​កាយ​តែមួយ​ដើម្បី​ប្រជាជាតិ​យើង​។​ បន្ថែម​ពីលើ​នេះ​តារា​ស្រី​កញ្ញា សុខ ពិសី បាន​ប្រាប់​កម្ពុ​ជាថ្មី​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០២០​ថា ​អ្វី​ដែល​នាង​ចង់​អំពាវនាវ​យ៉ាង​ទទូច​នោះ​ គឺ​ស្នើ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​ មាន​កា​រ​ប្រុង​ប្រយ័ត្ន​ខ្ពស់​លើ​ករណី​ជំងឺ​កូវីដ១៩​ដ៏​កាច​សាហាវ​មួយ​នេះ​។

​តារា​ស្រី​រូប​ស្រស់​កញ្ញា សុខ ពិសី បន្ត​ថា​ ដើម្បី​ចូលរួម​ទប់ស្កាត់​កា​ររីក​រាលដាល​ជំងឺ​កូវីដ១៩ ជាមួយ​រាជរដ្ឋាភិបាល​ និង​ការ​អំពាវនាវ​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន នាង​ខ្ញុំ​ក៏បាន​ចូលរួម​បរិច្ចាគ​ថវិកា​ចំនួន​២០០០​ដុល្លារ​ តាមរយៈ​លោក ហេង ឡុង ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​ផង​ដែរ​។​ ខ្ញុំ​ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ​ត្រូវ​ចូលរួម​សហការ​គ្នា ​ចំពោះ​ការទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ១៩។

​ដោយឡែក​បើ​ចាប់អារម្មណ៍​ទៅ​មើល​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​លោក ហេង ឡុង ឯណោះ​វិញ​ក៏បាន​លើកឡើង​ដូច្នេះ​ថា​រូបសម្បត្តិ​ស្អាត ច្រៀង​ពីរោះ ចិត្ត​មនុស្សធម៌ ស្រលាញ់​គាត់​អត់​? សូម​គោរព​អរគុណ​ដល់​តារា​ចម្រៀង​កញ្ញា សុខ ពិសី ដែល​បាន​បរិច្ចាគ​ទឹកប្រាក់​២​ពាន់​ដុល្លារ​ ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ កូវីដ១៩ តប​តាម​ការ​អំពាវនាវ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​

 

អត្ថបទ៖ ចាន់​រ៉ា