លោក​បណ្ឌិតសភា​ចា​រ្យ សុខ ទូច បង្ហាញ​ពី​លទ្ធផល​២​ឆ្នាំ​នៃ​ដំណើរការ​អភិរក្ស ​និង​អភិវឌ្ឍន៍​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា ​តេ​ជោ​សែន​ឫស្សី​ត្រឹប​
BREAKING NEWS
Search

លោក​បណ្ឌិតសភា​ចា​រ្យ សុខ ទូច បង្ហាញ​ពី​លទ្ធផល​២​ឆ្នាំ​នៃ​ដំណើរការ​អភិរក្ស ​និង​អភិវឌ្ឍន៍​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា ​តេ​ជោ​សែន​ឫស្សី​ត្រឹប​

ភ្នំពេញ ៖ ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ​បាន​ជួបពិភាក្សា​ការងារ​មួយ​ចំនួន​ជាមួយ​លោក ប្រាក់ សុវណ្ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ អំពី ដំណើរការ​អភិរក្ស និង​អភិវឌ្ឍន៍​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ សែន ឫស្សី​ត្រឹប ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ស្រុក​ឆែប​ខេត្ត​ព្រះវិហារ​នា​ថ្ងៃ​ទី​១៩ ​ខែ​ឧសភា​ ឆ្នាំ​២០២០​។​

នៅ​ក្នុង​ជំនួប​ពិភាក្សា​នោះ លោក​បណ្ឌិតសភា​ចា​រ្យ សុខ ទូច បាន​ជម្រាប​ជូន​លោក អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ​ថា នៅក្នុង​រយៈកាល​២​ឆ្នាំ​កន្លង​មក​នេះ ឧទ្យាន​រាជបណ្ឌិត្យសភា​កម្ពុជា តេ​ជោ សែន ប្ញស្សី​ត្រឹប ត្រូវ​បាន​ប្រែក្លាយ​ឱកាស​ពី​ទីតាំង​ធម្មជាតិ​ព្រៃភ្នំ​ដ៏​ស្ងប់ស្ងាត់​ទៅជា​ទីតាំង​សិក្សា​ស្រាវជ្រាវ ជា​តំបន់​អភិរក្ស​វប្បធម៌ ប្រវត្តិសាស្ត្រ និង​អភិវឌ្ឍន៍​យ៉ាង​រស់​រវើក​សកម្ម​ ដែល​បម្រើ​ជា​ផលប្រយោជន៍​ជូន​សង្គមជាតិ និង​ប្រជាជន ជាពិសេស​គឺ បង្កើត​ឱកាស​ផ្តល់​ចំណូល​ជូន​ប្រជាជន​រស់​នៅ​ក្នុង​មូលដ្ឋាន​ដោយ​ផ្ទាល់ កាត់បន្ថយ​ការ​ចំណាកស្រុក និង​ទប់ស្កាត់​ការកាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​។ ​បន្ថែម​លើស​ពី​ការ​អភិរក្ស លោក​បាន​បញ្ជាក់​ថា ឧទ្យាន​នេះ​ ត្រូវ​បាន​អភិវឌ្ឍ​ជា​តំបន់​មាន​សក្ដានុពល​មួយ​ សម្រាប់​ធ្វើ​សិក្សា​ស្រាវជ្រាវ ជា​កេរ​មរតក​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា ​ប្រកបដោយ​និរន្តរភាព ដោយសារ​ឧទ្យាន​នេះ​មាន​តំបន់​ជីវចម្រុះ និង​សក្ដានុពល​ជាច្រើន ដូចជា ធនធាន​ព្រៃឈើ សត្វព្រៃ វត្ថុ​បុរាណ ដែល​អាច​បម្រើ​ដល់​មុខងារ​ក្នុង​បរិស្ថាន​ព្រៃឈើ​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ទេសចរណ៍​ព្រៃភ្នំ​ធម្មជាតិ​ដ៏​ទាក់ទាញ​គួរ​ជាទី​មនោរម្យ​។

​លោក​បណ្ឌិតសភា​ចា​រ្យ សុខ ទូច បាន​បន្ត​ថា ដោយ​ទទួល​ការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល រាជបណ្ឌិត្យសភាកម្ពុជា​ បាន​និង​កំពុង​អនុវត្ត​គម្រោង​អភិរក្ស អភិវឌ្ឍន៍ និង​សិក្សា​ស្រាវជ្រាវ​សំខាន់ៗ​ជា​អាទិភាព​នានា​ជូន​ជាតិ និង​ប្រជាជន​គួរ​ឲ្យ​មោទន​។ ជា​សមិទ្ធផល​ផ្លែ​ផ្លា​នា​ពេល​នេះ គម្រោង​ស្រាវជ្រាវ​ចិញ្ចឹម​គោ​ទឹកដោះ​ជា​លើកដំបូង​ នៅ​ក្នុង​ខេត្ត​ព្រះវិហារ ត្រូវ​បាន​ផលិត​ចេញ​ជា​ទឹកដោះគោ​ស្រស់​សុទ្ធ ១០០​ភាគរយ​ដែល​មាន​ឈ្មោះថា​«​ទឹកដោះគោ​តេ​ជោ​សែន ប្ញ​ស្សី​ត្រឹប​»​ ដែល​បាន​ចូល​ក្នុង​ទីផ្សារ​ទូទាំង​ប្រទេស​កម្ពុ​ជា​ ដោយ​ទទួល​បាន​ការចាប់អារម្មណ៍​គាំទ្រ​ពី​សាធារណ​ជនជាតិ និង​អន្តរជាតិ​នៅ​ទូទាំង​ប្រទេស​។ កសិដ្ឋាន​ចិញ្ចឹម​គោ​រឹត​យក​ទឹកដោះ​ស្រស់ៗ​នេះ គឺជា​ផ្នែក​មួយ​នៃ​ការសិក្សា​ស្រាវជ្រាវ​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាជន ​ក្នុង​សហគមន៍​នៅ​លើ​ទឹកដី​ខេត្ត​ព្រះវិហារ​ដំបូង​គេ​។

​នៅ​ក្នុង​ឱកាស​ជំនួប​ពិភាក្សា​នេះ​ដែរ លោក​បណ្ឌិតសភា​ចា​រ្យ សុខ ទូច ក៏បាន​នាំ​ទឹកដោះគោ តេ​ជោ​សែន ឫស្សី​ត្រឹប ដែល​ជា​ផលិតផល​របស់​ឧទ្យាន​រាជបណ្ឌិត្យសភា​កម្ពុជា តេ​ជោ​សែន​ឫស្សី​ត្រឹប ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ឆែប ខេត្ត​ព្រះវិហារ​ជូន​ចំពោះ​លោក ប្រាក់ សុវណ្ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ​ផង​ដែរ​។ លោក ប្រាក់ សុវណ្ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ​បា​ន​មានប្រសាសន៍ ​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​រាជបណ្ឌិត្យសភាកម្ពុជា​ ដែល​បាន​ចូលរួម​ចំណែក​អភិរក្ស​ធនធានធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ និង​អភិវឌ្ឍន៍​ នៅ​ក្នុង​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ សែន ឫស្សី​ត្រឹប ជាពិសេស​គឺ​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាជន​រស់នៅក្នុង​មូលដ្ឋាន​ខេត្តព្រះវិហារ​ដោយផ្ទាល់​។ គួរបញ្ជាក់​បន្ថែម​ថា ​ក្រៅពី​គម្រោង​ចិញ្ចឹម​គោ​ទឹកដោះ​នៅ​ក្នុង​ឧទ្យាន​រាជបណ្ឌិត្យសភា​កម្ពុជា តេ​ជោ សែន ឫស្សី​ត្រឹប រាជបណ្ឌិត្យ​សភា​កម្ពុជា​បានរៀបចំ​ផែនការមេ ​លើ​គម្រោង​សិក្សា​ស្រាវជ្រាវ​ជា​អាទិភាព​ជាច្រើន​ទៀត នៅ​ថ្ងៃ​អនាគត​៕
អត្ថបទ៖ ​វ​ត្តី
សូមចុចអាន៖ ភាគី​ទាហាន​ថៃ បាន​ព្រម​រុះរើ​រោង​ចេញពី​តំបន់​ស ក្រោយពី​មានការ​ជួប​ប្រជុំ​ជាមួយ​មេ​បញ្ជាការរង​យោធភូមិភាគ​ទី​៥