BREAKING NEWS
Search

ស្អាត​ប្លែក! សុគន្ធ និសា គ្រង​ឈុត​អប្សរា​បែបនេះ​ ធ្វើ​ឲ្យ​មហាជន​សរសើរ​គ្រប់គ្នា

ភ្នំពេញ ​៖ ​តារាចម្រៀង​របស់​ផលិតកម្ម​ហង្ស​មាស​អ្នកនាង សុគន្ធ និសា ថ្មីៗ​នេះ ​បានធ្វើ​ឲ្យ​ទស្សនិកជន​ និង​អ្នកគាំទ្រ​លាន់មាត់​សរសើរ​គ្រប់គ្នា ក្រោយពេល​ទម្លាយ​នូវ​រូបភាព​ក្នុង​ឈុត​បុរាណ​ខ្មែរ​ស្ថិត​ក្នុង​រូប​ភាពជា​នាង​អប្សរា​យ៉ាង​ស្រស់​ស្អាត​សឹងតែ​មើល​មិន​ស្គាល់​ផង​នោះ។

រូបភាព ​ដែល​ត្រូវបាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពី​សំណាក់​សាមីខ្លួន​អ្នកនាង សុគន្ធ និសា ពេលនេះ​ ត្រូវបាន​អ្នកគាំទ្រ​​​​ ​នាំគ្នា​បន្ត​ការ​ស៊ែរ​ចែករំលែក​ភ្ជាប់​នឹង​ការលើកសរសើរ​តារា​ស្រី សុគន្ធ និសា ថា ​នាង​ពិតជា​មាន​រូប​សម្ផស្ស​ស្រស់ស្អាត​ដដែល ​បើទោះជា​មាន​ស្វាមី​ហើយក៏​ពិតមែន​ប៉ុន្តែ​ពេល​គ្រង​ឈុត​បែបនេះ​ កាន់តែ​ស្អាត​ប្លែក​ភ្នែក​មួយកម្រិត​ទៀត។

ភ្ជាប់​ជាមួយ​រូបភាព​ស្ថិត​ក្នុង​សម្លៀក​បំពាក់​គ្រង​ឈុត​អប្សរា​នេះ​ដែរ​ គេ​សង្កេតឃើញ​តារា​ស្រី​អ្នកនាង សុគន្ធ និសា ក៏បាន​បញ្ចេញ​ស្នាមញញឹម​ដ៏​គួរ​ឲ្យ​ទាក់ទាញ​ជាមួយ​ដៃ​ខាងឆ្វេង​កាន់​នូវ​ផ្កា​ឈូក​ផង​ដែរ។

ជាមួយ​គ្នា​នេះ ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​សាមីខ្លួន​អ្នកនាង​សុគន្ធ និសា បាន​លើក​ឡើង​ថា ​សម្រាប់​ឈុត​នេះ​គឺ​នាង​ថត​ឲ្យ​សម្អាងការ​មួយ​ដែល​តម្រូវ​ឲ្យ​ខ្លួន​គ្រង​ឈុត​នារី​អប្សរា​ដូច្នេះ។

តាម​ការកត់សម្គាល់​តា​រា​ចម្រៀង​មាន​ទឹកមុខ​ស្រគត់ស្រគំ ​ដែល​មាន​ប្រជាប្រិយភាព​ និង​ការ​គាំទ្រ​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស អ្នកនាង សុគន្ធ និសា បច្ចុប្បន្ន​ត្រូវ​បាន​មហាជន​ជាច្រើន​នាំគ្នា​គាំទ្រ​និង​តែងតែ​លើក​សរសើរ​ពី​រូប​សម្រស់​របស់​នាង​ថា​ ទោះបី​ពេលនេះ​នាង​មាន​វ័យ​កាន់តែ​ជ្រេ​បន្តិច​មែន​ ក៏ដោយ​តែ​មុខមាត់ សុគន្ធ និសា នៅតែ​ស្រស់​ស្អាត​មិន​ចាញ់​ក្មេងៗ​ជំនាន់​ក្រោយ​ឡើយ​។​ត្រង់​ចំណុច​នេះ​ ទើប​តារា​ចម្រៀង សុគន្ធ និសា នៅតែ​រក្សាបាន​ប្រជាប្រិយ​ភាព​មិន​ចាញ់​តារា​ប្រុស​-​ស្រី​ឯទៀត​នោះ​ឡើយ៕
ចាន់​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114