ឧត្ដមសេនីយ៍ទោ សោម ស៊ុន ដឹកនាំ​ការសាងសង់​ផ្ទះ​ជូន​អតីត​យុទ្ធជន​ពិការ​ ជា​អំណោយ​សម្ដេច​តេ​ជោ ហ៊ុន សែន

កំពង់ធំ ​៖ ​លោក ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ធំ បាន​​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ​ និង​លើកទឹកចិត្ត​​ អតីត​យុទ្ធជន​ពិការ ក្នុង​ឱកាស ដឹកនាំ​សាងសង់​ផ្ទះ មួយ​ខ្នង ដែលជា​អំណោយ​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា។

អតីត​យុទ្ធជន​ពិការ ទទួល​បានការ លើកទឹកចិត្ត និង​ផ្តល់​ភាព​កក់ក្តៅ ដល់​លោក ពលបាលឯក ឈួន រ៉េត ដែល​ពិការ​សង្គ្រាម ដើម្បី​បុព្វហេតុ​ជាតិ​និង​ប្រជាជន ត្រូវរបួស​ពិការ​ជើង​ក្នុង​សមរភូមិ​ភ្នំ​វែង ខេត្ត បាត់ដំបង នៅ​ឆ្នាំ​១៩៩២ បច្ចុប្បន្ន​មានកូន ៤​នាក់ នៅក្នុង​បន្ទុក រស់នៅ​ភូមិ​តា​ធា​វ ឃុំ​ជ័យ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​

​លោក ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​អញ្ជើញ​ចុះសាកសួរ​សុខទុក្ខ លោក ឈួន រ៉េត អាយុ​៥២ .​ឆ្នាំ អតីត​យុទ្ធជន​ពិការ​នៅ​ល្ងាច​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០ ដើម្បី​សិក្សា​ស្វែងយល់​ពី ជីវភាព រស់នៅ ក្នុងស្ថាន​ភាព​លំបាក​ខ្វះខាត ដែលមាន​ជម្រក​ស្នាក់នៅ មិន​សមរម្យ​រស់នៅ ក្នុង​ខ្ទម​ស្លឹក​តូចចង្អៀត​ក្នុង​ជីវភាព​ទីទ័លក្រ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន បាន​ឲ្យ​ដឹងថា លោក​ពលបាលឯក ធ្លាប់ ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព​នៅ​ឆ្នាំ​១៩៨៨ នៅ​អង្គភាព​កងពលធំ​១៩៦ មាន​ឋានៈ ជា​ប្រធាន​កងអនុសេនាតូច និង ទទួលបាន​ផ្ទះ​ថ្មី​មួយ​ខ្នង ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា តាមរយៈ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​។​

លោក​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្តកំពង់ធំ បាន​នាំនូវ​អំណោយ​របស់​លោក​ឧត្ដមសេនីយ៍ឯក​​ ហ៊ុន ម៉ា​ណែ​ត អគ្គលេខាធិការ​រង​ សមាគម​អតីត​យុទ្ធជន​កម្ពុជា ផ្ដល់ជូន​គាត់​មាន​ឈើច្រត់​១​គូ អង្ករ​ចំនួន​៥០​គីឡូក្រាម មី​ចំនួន ១​កេស ទឹកត្រី​ទឹកស៊ីអ៊ីវ​ចំនួន​២​យួរ និង​ថវិកា​មួយចំនួន​ផងដែរ​។​

​លោក មេបញ្ជាការ បាន​បញ្ជាក់ថា អតីតយុទ្ធជន​នៅ​ខេត្តកំពង់ធំ​ពិតជា​មានការ​កក់ក្ដៅ និង​យកចិត្តទុកដាក់ ពី​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន ខេត្តកំពង់ធំ និង​លើក​ទឹក ចិត្ត​ផ្ដល់នូវ​ភាពកក់ក្ដៅ​ចំពោះ​បងប្អូន​យុទ្ធជន​យើង ដែលមាន​ការខ្វះខាត​នៅតាម​មូលដ្ឋាន នៅ​គ្រប់​ទីកន្លែង៕

​ដោយ ប៊ុន រដ្ឋា​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114