សម្ដេច​តេ​ជោ ហ៊ុន សែន ៖ ដាច់​ណាត់ មិន​ឲ្យ​មាន​ហ្គេម​អន​ឡាញ​ខុសច្បាប់​នៅ​ប្រទេស​កម្ពុជា​ទៀត​នោះ​ឡើយ ហើយ​ស្វាគមន៍​អ្នកជំនួយ​ពិត​ប្រាកដ​

កំពត ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា នៅ​យប់​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៩​នេះ បាន​ប្រកាស​យ៉ាង​ដាច់​ណាត់​ថា មិន​ឲ្យ​មាន​ហ្គេម​អន​ឡាញ នៅ​ប្រទេស​កម្ពុជា​ទៀត​នោះឡើយ បើ​មិន​ដូច្នោះ​ប្រទេស​កម្ពុជា នឹង​ក្លាយ​ជា​កន្លែង​លាងលុយកខ្វក់ និង​ជង្រុក​ពួក​ម៉ាហ្វីយ៉ា ដែល​កើតចេញពី​ហ្គេម​អន​ឡាញ​នេះ​តែម្ដង ហើយ​ស្វាគមន៍​អ្នកជំនួយ​ពិតប្រាកដ​។

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សង្កត់ធ្ងន់​ទៀត​ថា នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ហ្គេម​អន​ឡាញ​នឹង​បញ្ចប់​វត្ត​មាននៅ​កម្ពុជា​ទាំងស្រុង ក្រោយ​ដល់ពេល​កំណត់​នៃ​ការពន្យារ​សុពលភាព​ធ្វើ​អាជីវកម្ម​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី បាន​អះអាងថា ប្រទេស​ណា​បង្កើត​មាន​ឲ្យ​មាន​ហ្គេម​អន​ឡាញ ក៏​បង្កើត​ចុះ ប៉ុន្ដែ​កម្ពុជា​មិនបង្កើត​ឲ្យ​មាន​ជាដាច់ខាត​។

​ក្នុង​ពិធី​បើក​បុណ្យ​សមុទ្រ​លើក​ទី​៨ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ក្នុង​ខេត្តកំពត សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ការ​ងឿងឆ្ងល់ ចំពោះ​អ្នក​ដែល​ព្រួយបារម្ភ ក្រោយ​កម្ពុជា​បិទ​ហ្គេម​អន​ឡាញ ថា​អាជីវកម្ម​មានការ​ធ្លាក់​ចុះ បន្ទាប់ពី​ជនជាតិ​ចិន​ចាក​ចេញពី​ប្រទេស​កម្ពុជា ដែល​ចំណុច​នេះ​សម្ដេច​បាន​ចោទ​សួរ​ថា «​តើ​អ្នក​ចង់បាន​អ្វី​ឲ្យ​ពិតប្រាកដ​?» ព្រោះ​នៅ​ពេល​ចិន​ចូលមក ថា​ចូល​មក​ច្រើន ដល់ពេល​ចេញទៅ​វិញ ថា​ចេញ​ទៅវិញ​ច្រើន​។

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​មនុស្ស​មួយ​ចំនួន​ព្រួយបារម្ភ​អំពី​បញ្ហា​បាត់​អន​ឡាញ (​ហ្គេម​អន​ឡាញ​) នៅពេល​ដែលមាន​អន​ឡាញ នាំគ្នា​ព្រួយបារម្ភ​អំពី​វត្តមាន​ជនជាតិ​ចិន​នៅ​កម្ពុជា នៅ​ពេល​ដែល​យើង​បិទ​អន​ឡាញ​គេ​ព្រួយបារម្ភ​អំពី​ការ​បាត់​ជនជាតិ​ចិន​ពី​កម្ពុជា តើ​អ្នក​ចង់បាន​អ្វី​ពិតប្រាកដ​? សម្រាប់​ខ្ញុំ ខ្ញុំ​សង្កេត​ឃើញ​ថា បើ​សេដ្ឋកិច្ច​កម្ពុជា​ពឹង​ពាក់​តែ​លើ​អន​ឡាញ កម្ពុជា​នឹង​ក្លាយទៅជា​អ្នករងគ្រោះ​សម្រាប់​បញ្ហា​សន្ដិសុខ​ជាតិ​របស់​ខ្លួន យើង​ស្ថិតនៅក្រោម​ការ​គំរាមកំហែង នៃ​ក្រុម​ម៉ាហ្វីយ៉ា​ដែល​ជ្រៀត​ចូល​មក​ក្នុង​ប្រទេស​របស់​យើង ដើម្បី​ធ្វើ​សកម្មភាព យើង​ក៏​ស្ថិត​នៅក្នុង​ស្ថានភាព ដែល​នឹង​ក្លាយទៅជា​ប្រទេស​នៃ​គោលដៅ នៃ​ការ​លាង​លុយកខ្វក់ តាមរយៈ​អន​ឡាញ​។

​យើង​នឹង​បាត់បង់​នូវ​សុវត្ថិភាព​អ្នកជំនួញ​ធំៗ អ្នករក​ស៊ី​ធំៗ​ដែលជា​អ្នកមាន​ប្រាក់​មិន​ហ៊ាន​ចូលមក​កម្ពុជា ដោយសារ​ខ្លាច​ពួក​ក្រុម​ម៉ា​ហ្យា ដូច្នេះ​អ្វី​ក៏ដោយ​ត្រូវមាន​ការបង់ថ្លៃ យើង​សុខចិត្ត​មិនមាន​អន​ឡាញ ក៏ប៉ុន្ដែ​យើង​ច្បាស់​ជា​នាំមក​នូវ​ប្រទេស​របស់​យើង​ប្រកប​ដោយមាន​សន្ដិសុខ ហើយ​យើង​នាំមក​នូវ​ដោយ​អ្នកវិនិយោគ​សុច្ចរិត និង​អ្នកវិនិយោគ​ដែលមាន​ប្រាក់កាស​មក​រស់នៅ​កម្ពុជា​។

​ផ្ទុយទៅវិញ បើសិនជា​វត្តមាន​អន​ឡាញ​បន្ដ កម្ពុជា​នឹង​ក្លាយទៅជា​អ្នករងគ្រោះ ហើយ​រងគ្រោះ​មុនគេ​គឺ​សន្ដិសុខ​របស់​យើង​តែម្ដង បន្ទាប់​ទៅ​គឺ នឹង​ក្លាយជា​គោលដៅ​នៃ​ការលាង​លុយកខ្វក់ ដែល​នៅលើ​ពិភពលោក កំពុងតែ​ប្រយុទ្ធ​ប្រឆាំងនឹង​ការលាង​លុយកខ្វក់ ព្រមទាំង​ភេរវកម្ម​ហិរញ្ញប្បទាន សម្រាប់​ភេរវកម្ម​ដែល​ជា​ចំណុច​គ្រោះថ្នាក់​។ ដូច្នេះ​នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត នឹង​បាត់បង់​ពី​កម្ពុជា​ទាំងស្រុង​ហើយ​»​។

​ដោយឡែក បញ្ហា​មួយទៀត​ពាក់ព័ន្ធ​ការ​ធ្លាក់ចុះ​នៃ​វិស័យ​សំណង់ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​គូស​បញ្ជាក់​ថា វិស័យ​សំណង់​នៅ​ប្រទេស​កម្ពុជា មិនមែន​បម្រើ​ឲ្យ​តែ​ហ្គេម​អន​ឡាញ​នោះទេ ប្រសិនបើ​គេ​ឈប់​ជួល​ផ្ទះ ឬ​អគារ​គួរតែ​យក​ទីតាំង​នោះ ទៅ​ប្រកប​អាជីវកម្ម​ផ្សេង ព្រោះ​អ្វី​ក៏ដោយ​ត្រូវតែមាន​ការបង់ថ្លៃ​។

​អ្វី​ដែល​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សង្កត់ធ្ងន់​នោះ គឺ​ការ​បិទ​អាជីវកម្ម​ហ្គេម​អន​ឡាញ ដើម្បី​កុំ​ឲ្យ​កម្ពុជា​ក្លាយជា​ជម្រក​របស់​ពួក​ឧក្រិដ្ឋជន​បរទេស ដែល​ធ្វើ​សកម្មភាព​បោកប្រាស់ ជំរិត​ទារ​ប្រាក់​ពី​ជនរងគ្រោះ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​ក្នុងសង្គម​។

គួរ​ជម្រាប​ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៩​នេះ បាន​ចុះហត្ថលេខា​លើ​សារាចរ​ណែនាំ​មួយ ដោយ​បញ្ឈប់​ការ ផ្តល់​គោលការណ៍ និង​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឲ្យ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ចអន​ឡាយ ( Internet Online) ទាំង​ក្នុង និង​ក្រៅ​ប្រទេស ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​។

​នៅក្នុង​សារាចរ​ណែនាំ រាជ​ដ្ឋា​ភិ​បាល​បានធ្វើ​ការណែនាំ​ចំនួន​៣​ចំណុច​ដូចខាងក្រោម​៖

១៖ មន្ត្រីនគរបាល​យុត្តិធម៌ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ត្រូវ​បង្កើ​ន​ការស្រាវជ្រាវ និង​បង្ក្រាប​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច​តាមរយៈ​អ៉ិ​ន​ធើ​ណេ​ន​អន​ឡាយ ក្នុង​និង​ក្រៅប្រទេស​គ្រប់​ប្រភេទ និង​គ្រប់​រូបភាព ដែល​ធ្វើ​សកម្មភាព​ដោយ​មិនមាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច​។

២៖ ចំពោះ​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន អេ​ឡិច​ត្រូ​និ​ច​តាមរយៈ​អ៉ិ​ន​ធើ​ណែ​ត​អន​ឡាយ ក្នុង​និង​ក្រៅ​ប្រទេស​ដែលមាន​អាជ្ញាប័ណ្ណ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​រហូត​ផុត​សុពលភាព ដែល​បានកំណត់​ក្នុង​អាជ្ញាប័ណ្ណ​។ បន្ទាប់​ពីនេះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មិន​បន្ត​សុពលភាព នៃ​អាជ្ញាប័ណ្ណ​អនុញ្ញាត ឲ្យ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់​ប្រភេទ​នេះ​តទៅទៀត​ឡើយ​។

៣៖ រាជរដ្ឋាភិបាល បញ្ឈប់​ការផ្តល់​គោលការណ៍ និង​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឲ្យ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច តាមរយៈ​អ៊ីន​ធើ​ណេ​ត​អន​ឡាយ​ទាំង​ក្នុង និង​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់​ពី​ថ្ងៃ​ចុះហត្ថលេខា​លើ​សារាចរ​ណែនាំ​នេះ​តទៅ​៕
ប្រភព ៖ ក្រសួងទេសចរណ៍



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114