សម្តេច​ក្រឡាហោម ស ខេង​ថា ការ​ជជែក​មិន​ត្រូវ​គ្នា​លើ​សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​ស្តីពី NGO គឺ​ស្ថិតនៅលើ​ពួកគាត់​តែប៉ុណ្ណោះ

ភ្នំពេញ​ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​មាន​ប្រសាសន៍​ថា ការ​ជជែក​គ្នា​មិនត្រូវ លើ​សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នោះ គឺ​ស្ថិត​នៅ​លើ​ពួកគាត់ មិនមែន​នៅ​លើ​រាជរដ្ឋាភិបាល​នោះ​ទេ ហើយ​ការ​ជជែក​គ្នា​ទទួល​បាន​លទ្ធផល​ក​ន្ល​ង​មកនេះ មិនយឺត​ទេ ឲ្យ​តែ​យើង​មាន​ឆន្ទៈ​ធ្វើ​ទាំងអស់​គ្នា តែ​បើ​ចាំតែ​ទាត់ចោល ហើយ​ដាក់ខ្លួន​ក្រៅ​រង្វង់​ច្បាប់ មិនដឹង​ទេ។

ការ​បញ្ជាក់​របស់​សម្តេច​ក្រឡាហោម ស ខេង បាន​ធ្វើឡើង​នៅ​ក្នុង​សន្និបាត​ត្រួតពិនិត្យ​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០ របស់​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ២០២០​។ សម្តេច​បញ្ជាក់​ថា ចំពោះ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល រាជរដ្ឋាភិបាល​កម្ពុជា​យើង​នៅតែ​ប្រកាន់ខ្ជាប់​ជានិច្ច ពីព្រោះ​ច្បាប់​បាន​កំណត់ ហើយ​គោលនយោបាយ​ក៏បាន​កំណត់​ដូចគ្នា​ដែរ តែ​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​អះអាង​ថា គួរតែ​លុប​ច្បាប់ ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នោះ​ចោល ដោយសារតែ​មិនមាន​ភាព​ចាំ​បាច់ ពីព្រោះ​ច្បាប់ក្រម​ព្រហ្មទណ្ឌ​មាន​ហើយ​។

តាម​សម្ដេច ស ខេង តើ​ប្រទេស​ណា ដែល​មិនមាន​ច្បាប់​សម្រាប់​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​នោះ ហើយ​ចំណុច​ដែល​ពួកគាត់​ស្នើ​ឡើង ដើម្បី​ធ្វើ​វិសោធនកម្ម​នោះ មិនគួរ​តក់ក្រហល់​ពេក​ទេ ពីព្រោះ​ច្បាប់​នេះ សម្ដេច​ជា​អ្នកដឹកនាំ​ធ្វើ​ដោយផ្ទាល់ តាំងពី​ឆ្នាំ​១៩៩៥ ហើយ​បាន​គិតគូ​ធ្វើ​តាំងពី​ឆ្នាំ​១៩៩៤​មក​ម្ល៉េះ និង​បានចេញ​ជា​សេចក្តី​ព្រាង​នៅ​ឆ្នាំ​១៩៩៥ ហើយ​រហូតមកដល់​ឆ្នាំ​២០១៥ ទើប​សេចក្តី​ព្រាងច្បាប់​នោះ ត្រូវបាន​សភា​អនុម័ត និង​ប្រកាស​ឲ្យ​ប្រើ​ជា​ផ្លូវការ ដូច្នេះ​មាន​រយៈពេល​រហូតដល់​២០​ឆ្នាំ​។ សម្តេច​លើកឡើង​ទៀតថា ការជជែក​គ្នា​ដើម្បី​ធ្វើ​វិសោធនកម្ម​នេះ ទើបតែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ យើង​អនុម័ត​បាន​មួយ​ចំនួន​រួចទៅ​ហើយ “​ប៉ុន្តែ​អ្វីដែល​ជជែក​មិនត្រូវ​គ្នា គឺ​ស្ថិត​នៅ​លើ​ពួកគាត់​តែប៉ុណ្ណោះ អាហ្នឹង​និយាយ​ឲ្យ​ច្បាស់​អីចឹង ឥឡូវ​ឲ្យ​យើង​ធ្វើ​ម៉េច​ទៀត តែ​ទោះជា​យ៉ាងណាក៏ដោយ​ឲ្យ​រដ្ឋាភិបាល​នៅតែ​ចាត់​ទុក​អង្គការ សង្គម​ស៊ីវិល​ជា​ដៃគូ​”​។

សម្ដេច​ក្រឡាហោម ស ខេង បាន​អះអាង​ទៀត​ថា នៅ​ប្រទេស​កម្ពុជា គឺជា​ឋានសួគ៌​របស់​អង្គការ​សង្គម​ស៊ីវិល​ទៅ​ហើយ បើ​ប្រៀបធៀប​ទៅនឹង​បណ្ដា​ប្រទេស​ផ្សេងៗ ហើយ​ចំពោះ​ការ​ធ្វើ​ច្បាប់​នេះ ក្រសួងមហាផ្ទៃ​ក៏បាន​សិក្សា​ដែរ មិនមែន​បាន​សិក្សា​តែ​អស់លោក​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះទេ គឺ​យើង​បាន​ប្រមូល​ពី​បណ្ដា​ប្រទេស​ផ្សេងៗ ក៏ដូចជា​តាម​អេ​ឡិច​ត្រូ​និ​ច ហើយ​ក៏បាន​ដើរទៅ​សិក្សា​នៅតាម​បណ្ដា​ប្រទេស​ផ្សេងៗ បាន​ស្ដាប់​គេ​ពន្យល់​ផងដែរ ដើម្បី​យកមក​ធ្វើ​តាក់តែង​ច្បាប់​នេះ​។ សម្ដេច​បន្តថា សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់ អង្គការ​សង្គម​ស៊ីវិល​នេះ មាន​ចំនួន​១៧​មេ​ត្រា ប៉ុន្តែ​បាន​ឯកភាព​គ្នា​ចំនួន​៩ មាត្រា​រួចហើយ នៅ​ក្នុង​កិច្ចប្រជុំ​ចំនួន​៤​លើក​ប៉ុណ្ណោះ ដូច្នេះ​ចាត់ទុកថា ជា​ការ​លឿន​ណាស់ ហើយ​នៅសល់​៨ មាត្រា​ទៀត​ប៉ុណ្ណោះ មិនយឺត​ទេ ឲ្យ​តែ​យើង​មាន​ឆន្ទៈ​ធ្វើ​ទាំងអស់​គ្នា ហើយ​បើ​រង់​ចាំ​តែ​ទាត់ចោល ដាក់ខ្លួន​ដាក់​ប្រាណ​ក្រៅ​រង្វង់​ច្បាប់​មិន​ដឹង​ទេ​។

បើតាម​សម្ដេច​ក្រឡាហោម ស ខេង អ្វី​ដែល​ជា​បញ្ហា​សំខាន់​នោះ គឺ​នៅត្រង់​បញ្ហា​ថវិកា ដែល​ពួកគាត់​ទទួល​បាន​ពី​ម្ចាស់​ជំនួយ ទើប​ពួកគាត់​មិន​ចង់​ឲ្យ​មាន​ច្បាប់​នេះ ដើម្បី​ស្រួល​យក​ថវិកា​ពី​ម្ចាស់​ជំនួយ​នោះ​យក​មក​ប្រើ​ប្រាស់ ប៉ុន្តែ​សម្ដេច​បាន​អះអាងថា នៅក្នុង​ច្បាប់​នេះ គ្រាន់តែ​បញ្ជាក់​ថា នៅពេលដែល​អង្គការ​ស​ង្គ​ម​ស៊ីវិល​ដាក់​របាយការណ៍​ទៅ​ម្ចាស់ជំនួយ​អំពី​ថវិកា​របស់ខ្លួន សូម​ផ្ដល់​មក​ឲ្យ​ក្រសួង​មួយច្បាប់​ផង ពីព្រោះ​រដ្ឋាភិបាល​ក៏​ចាត់ទុក​ថវិកា​ទាំងនោះ ជា​ចំណូល​របស់​ជាតិ​ដែរ​។ រាជរដ្ឋាភិបាល​ដាក់ខ្លួន​ដាក់​ប្រាណ​ប៉ុណ្ណឹង វា​ល្មម​ហើយ ពីព្រោះ​មិនបាន​បញ្ជាក់ថា ត្រូវតែ​រាយការណ៍​នោះទេ​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បានចេញ​សេចក្តី​ថ្លែងការ​ណ៍​មួយ ទទូច​ឲ្យ​រាជរដ្ឋាភិបាល​លុបចោល​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដោយ​សំអាង​ថា កិច្ចប្រជុំ​កន្លងមក រវាង​ក្រសួងមហាផ្ទៃ និង​អង្គការ​មិនមែន​រដ្ឋាភិបាល បាន​បញ្ចប់​ទៅ​ដោយ​មិន​មាន​លទ្ធផល​ជា​វិជ្ជមាន សម្រាប់​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នោះ​ឡើយ ដែល​សកម្មភាព​នេះ បង្ហាញថា រដ្ឋាភិបាល​ខ្វះ​ឆន្ទៈ​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​។

តាម​របាយការណ៍​រប​ស់​ក្រសួងមហាផ្ទៃ​ឆ្នាំ​២០២៩​បាន​បញ្ជាក់​ថា សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហគមន៍ ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​មាន​ចំនួន​៥៧១៦ ក្នុងនោះ​សមាគម​មាន​ចំនួន​២២៥១, អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​៣៣២៤ និង​សហគមន៍​ចំនួន​១៤១ ហើយ​ក្នុង​រយៈពេល​មួយឆ្នាំ​២០១៩ ក្រសួងមហាផ្ទៃ​បានសម្រេច​ចុះបញ្ជី​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហគមន៍​ចំនួន​២៨៥ ដែល​ក្នុងនោះ​សមាគម​មាន​ចំនួន​១៥៨ អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​១១៥ និង​សហគមន៍​ចំនួន​១២​។

នៅ​ឆ្នាំ​២០១៩ ក្រសួងមហាផ្ទៃ ក៏បាន​រៀបចំ​វេទិកា​ស្ដីពី​ភាពជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សង្គម​ស៊ីវិល បាន​ចំនួន​២​លើក ក្នុង​គោលបំណង​ធ្វើការ​ពិនិត្យ​ឡើងវិញ នូវ​ស្ថានភាព​នៃ​កិច្ច​សហប្រតិបត្តិការ​រ​វាង​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល ការកំណត់​នូវ​បញ្ហា​ប្រឈម​នានា ដែល​បាន​ជួបប្រទះ​នាពេល​កន្លងមក និង​ស្វែងរក​ដំណោះស្រាយ​ចំពោះ​សំណើ​សំណូមពរ និង​អនុសាសន៍ ដែល​បានលើកឡើង​ដោយ​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ឈានទៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ​យ៉ាង​ពិត​ប្រាកដ ដែល​អាច​រួម​ចំណែក​ដ​ល់​ការ​សម្រេចបាន​នូវ​គោលដៅ​នៃ​កំណែ​ទម្រង់ការ​ប្រវត្តិ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​។

ទន្ទឹម​នឹង​នេះ​ ក្រសួង​ក៏បាន​រៀបចំ​កិច្ចប្រជុំ​ជាមួយ​តំណាង​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ពីរ​លើក ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សំណើ និង​អនុសាសន៍​របស់​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​នឹង​សំណើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ផង​ដែរ​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114