សម្តេច ​ស ខេង​ ៖ ជិត​២​ឆ្នាំនេះ​សមត្ថកិច្ច​រឹបអូស​គ្រឿងញៀន​បាន​ជាង​១​តោន

​ភ្នំពេញ ​៖ សម្តេច​ក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់​ថា ជិត​២​ឆ្នាំ​កន្លង​មក​នេះ សមត្ថកិច្ច​រឹបអូស​គ្រឿងញៀន​បាន​ជាង​១​តោន និង​ជំរុញ​ឲ្យ​បង្ក្រាប​គ្រឿងញៀន​នេះ​បន្ត ជា​មួយនឹង​ការ​អំពាវនាវ​ដល់​ស្ថាប័ន តុលាការ​ជំរុញ​ការ​បើក​សវនាការ ជនសង្ស័យ​ពាក់ព័ន្ធ​រកស៊ី​ជួញដូរ​គ្រឿងញៀន និង​អ្នក​ពាក់​ព័ន្ធ​ទាំងឡាយ ឲ្យ​សមស្រប ទាន់​ពេល​វេលា និង​យុ​ត្តិ​ធ​ម៌ ជៀសវាង​កើត​ចេញ​ជាការ​រិះគន់​។

ការ​បញ្ជាក់​និង​អំពាវនាវ​បែបនេះ​ របស់​សម្តេច​ក្រឡា​ហោម​បាន​ធ្វើឡើង ​កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅ​សាលា​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​ដែល​សម្តេច​ក្រឡាហោម​និង​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​.​ព្រឹទ្ធសភា​និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និបាត បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០១៩​និង​លើក​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០២០​ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន ដែល​បាន​ធ្វើឡើង​អស់​រយៈពេល​២​ថ្ងៃនេះ​។

សម្តេច​ក្រឡាហោម​ស ខេង បាន​គូស​បញ្ជាក់​ថា ជិត​២​ឆ្នាំ​មកនេះ សមត្ថកិច្ច​របស់​យើង​បាន​រឹប​អូស​គ្រឿងញៀន​បាន​ជាង​១​តោន ខណៈ​កន្លែង​ធំៗ​ត្រូវ​បាន​បង្ក្រាប ឯ​កន្លែង​តូច​គឺ​នៅ​សេសសល់​ដែល​ត្រូវ​ទប់ស្កាត់​កុំ​ឲ្យ​រីក​ធំ​។ ត្រូវ​បន្ត​បំផ្លាញ​ការ​លួចលាក់​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ទីតាំង​តូច ឬ​ការរៀបចំ​កន្លែង​ផលិត កន្លែង​ស្តុក​ជាដើម​។

ក្នុង​ឱកាស​នោះ​ដែរ ​សម្តេច​ក៏បាន​អំពាវនាវ​ដល់​ស្ថាប័ន តុលាការ​ជំរុញ​ការ​បើក​សវនាការ​អ្នក​រកស៊ី​ជួញដូរ​គ្រឿងញៀន និង​អ្នក​ពាក់​ព័ន្ធ​ទាំងឡាយ ឲ្យ​សមស្រប ទាន់​ពេល​វេលា និង​យុត្តិធម៌ បើ​មិន​ដូច្នេះ​ទេ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជំនឿ របស់​ប្រជាពលរដ្ឋ​។

សម្តេច​ក្រឡាហោម ស ខេង​ ក៏បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​ទាំងអស់ អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត ខណៈ​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​មាន​ចំនួន​ច្រើន​រហូតដល់​៥​នាក់​ក្នុង​មួយថ្ងៃ។ ​ការ​ជំរុញ​ឲ្យ​ទប់ស្កាត់ បង្ការ​និង​ស្រាវជ្រាវ​ឲ្យ​ដល់​ឫសគល់​នៃ​គ្រោះ​អគ្គីភ័យ ខណៈ​ដែល​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​នេះ មាន​អគ្គីភ័យ​ឆាបឆេះ​ជាច្រើន​កន្លែង ហើយ​មាន​ទ្រង់ទ្រាយ​ធំ​ថែមទៀត​។

សម្តេច​ក្រឡាហោម​ស ខេង បាន​មានប្រសាសន៍​លើកឡើង​ទៀត​ថា មកដល់ពេលនេះ អ្នក​ដែលមាន​បំណង​ធ្វើ​សកម្មភាព​បែប​បដិវត្ត​ពណ៌ មិនទាន់​បោះបង់ចោល​នៅឡើយ​ទេ​។​ សម្រាប់​យើង​មិន​ត្រូវ​ភ្លេចខ្លួន ព្រោះថា សកម្មភាព​បដិវត្ត​ពណ៌​នេះ គេ​តែងតែ​ធ្វើ​អាជីវកម្ម​លើ​ចំណុចខ្សោយ​របស់​យើង​។

សម្តេច​ក្រឡាហោម បាន​ស្នើ​ដល់​រដ្ឋបាល​គ្រប់​ថ្នាក់​យកចិត្តទុកដាក់​ដោះស្រាយ​នូវ​កង្វល់ សំណើ សំណូមពរ​ និង ​ជម្លោះ​នានា​តាំងពី​តូច កុំ​ចាំ​ដល់​ធំ ​ព្រោះ​នៅពេល​ធំ​គេ​យក​ធ្វើជា​លេស​។​

ក្រុមប្រឆាំង​តែង​យក​បញ្ហា​នេះ​ពង្រីក​ឲ្យ​ធំ​ ដើម្បី​វាយប្រហារ​រាជរដ្ឋាភិបាល​។ ​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​លើក​ឡើងថា ឆ្នាំ​២០១៩​កន្លងទៅ គឺជា​ឆ្នាំ​ទី​១​នៃ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦​នៃ​រដ្ឋសភា ដែល​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​បាន​នូវ​សមិទ្ធផល​ធំៗ​ថ្មីៗ​ជាច្រើន​ជូន​ជាតិ​មាតុភូមិ​ក្នុង​នោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ រក្សា​ការពារ​សន្តិសុខ ស្ថិរភាព​នយោបាយ សុវត្ថិភាព​សង្គម ​និង ​សណ្តាប់ធ្នាប់​សា​ធា​រណៈ​បាន​ល្អ​ប្រសើរ ទោះបី​ស្ថានភាព​សេដ្ឋកិច្ច​សង្គម បាន​ទទួលរង​ឥទ្ធិពល អវិជ្ជមាន​ខ្លះ​ៗ​ពី​សភាពការណ៍​សកល និង​ក្នុង​តំបន់​ដែលមាន​ការវិវឌ្ឍន៍​កាន់តែ​ស្មុគស្មាញ​ដោយសារ​ការប្រកួតប្រជែង​ ដណ្តើម​ប្រៀប​លើ​ភូមិសាស្ត្រ​​នយោបាយ សង្គ្រាម​ពាណិជ្ជកម្ម សង្គ្រាម​បច្ចេកវិជ្ជា បញ្ហា​គ្រឿងញៀន ការ​ហូរ​ចូល​យ៉ាង​គំហុក​នូវ​វត្តមាន​ជនបរទេស និង​ថ្មីៗ​នេះ​មាន​ព្យួរ​EBA 20%​របស់​សហភាព​អឺរ៉ុប និង​ការ​ផ្ទុះឡើង​នូវ​វិ​រ៉ុ​ស​Covid . 19​ នៅ​ប្រទេស​ចិន​កាលពី​ចុងខែ​ធ្នូ ដែល​នាំ​ឲ្យ​រោងចក្រ​មួយ​ចំនួន​ខ្វះ​វត្ថុធាតុដើម​យ៉ាងណាក្តី​។

លោក​អភិបាល​បន្ត​ថា គណៈ​បញ្ជាការ ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រួមគ្នា​ទប់ស្កាត់ បំផ្លាញ​ឲ្យ​បរាជ័យ​ទាំង​ស្រុង​នូវ​ឧបាយកល និង​ផែនការ​ប្រកបដោយ​គ្រោះ​ថ្នាក់លើ​ពួក​ប្រឆាំង​ជ្រុលនិយម​ដែល​ព្យាយាម​ធ្វើ​សកម្មភាព​ប៉ុនប៉ង​បង្ក​ភាព​ចលាចល​ក្នុងសង្គម ហើយ​កំពុង​បន្ត ខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​ឲ្យ​កាន់តែ​សកម្ម​ខ្លាំងក្លា​ថែមទៀត​ ក្នុងនាម​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ឈរ​ លើ​គោល​ការ​ណ៍​រដ្ឋបាល​ឯកភាព ដើម្បី​ការពារ​សន្តិសុខ សណ្តាប់​ធ្នាប់ សុវត្ថិភាព​ផ្តល់​ការអភិវឌ្ឍន៍ និង​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​។

​នា​ឱកាស​នោះ ​សម្តេច​ក្រឡាហោម​ស ខេង ក៏បាន​បំពាក់​មេដាយ និង​គ្រឿង​ឥស្សរិយយស​ដល់​មន្ត្រី​ដែល​មាន​ស្នាដៃ​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍ​រាជធានី​ភ្នំពេញ​ផង​ដែរ​៕
ស្រីរ័ត្ន

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114