ប្រជាជន​ឥណ្ឌូនេស៊ីមួយ​ចំនួន​​ បញ្ចៀស​វីរុសកូវីដ១៩ ដោយ​ពិធី​សាសនា

អ្នក​ភូមិ Wajak Kidul hamlet ដែល​មាន​ចម្ងាយ​ប្រហែល ១០ គីឡូម៉ែត្រ​ពី​តំបន់ Tulungagung កោះ​ជ្វា​ខាងកើត ​បាន​ដាក់​រូប​តំណាង​ធ្វើ​ដោយ​ដៃ​នៅ​ជុំវិញ​ផ្ទះ​របស់​ពួកគេ​  ខណៈ​ដែល​ពួកគេ​ជឿ​ថា​វត្ថុ​ទាំងនោះ​អាច​ការពារ​ពួកគេ​ពី​ជំងឺ​រាតត្បាត COVID-19 ។ ក្បាល​របាំង​នោះ​ ធ្វើ​ពី​លលាដ៍​ដូង ​ហើយ​មាន​លក្ខណៈ​ដូច​ក្បាល​មនុស្ស​ ដែល​ត្រូវ​បាន​គូរ​នៅ​លើ​មុខ​លលាដ៍​ដូង​នោះ។ ពួកគេ​ដាក់​នៅ​ខាងលើ​ទ្វារ​និង​បង្អួច​នៃ​ផ្ទះ​​ ដោយ​សង្ឃឹម​ថា ​ជំងឺ​ដែល​មាន​គ្រោះថ្នាក់​នឹង​នៅ​ឆ្ងាយ។

បើ​តាមសម្ដីរបស់​លោក  Supani អាយុ ៨០ ឆ្នាំ​ជា​កសិករ​នៅ Wajak Kidul បាន​និយាយ​ថា “ រាល់​ពេល​ដែល​យើង​បើក​ទូរទស្សន៍​យើង​មើល​ព័ត៌មាន​អំពី​មេរោគ​នេះ​ អ្នក​រាល់គ្នា​នៅ​ទីនេះ​និយាយ​អំពី​មេរោគ​កូវីដជា​រៀងរាល់​ថ្ងៃ។ លោក​បាន​បន្ថែម​ថា ​ការ​ផ្ទុះ​ជំងឺ​នេះ​បាន​រំលឹក​គាត់​អំពី​រោគរាតត្បាត​ជា​ច្រើន​ដែល​បាន​វាយ​ប្រហារ​ភូមិ​នេះ ​កាល​ពី​ច្រើន​ទសវត្សរ៍​មុន។ ពេល​គាត់​នៅ​ក្មេង មានរោគ​រាតត្បាត​មួយ​គឺ​ជំងឺ​ស្បែក​ដែល​គេ​ស្គាល់​ថា pageblug ។ កំលុង​ពេល​ជំងឺ pageblug បាន​ផ្ទុះ​ឡើង​មក​ ជីតា​របស់គាត់បាន​ប្រាប់​អ្នក​ភូមិ​ឲ្យ​ធ្វើ​រូប​តំណាង​ ដោយ​លាប​ម្សៅ​ហើយ​ដាក់​វា​នៅ​ជុំវិញ​ផ្ទះ។ លោក​បាន​បន្ថែម​ថា “ នៅ​ពេល​យើង​ចាប់ផ្ដើម​គូរ​មុខ​មនុស្ស​ នោះ​យើង​ត្រូវ​តែ​ស្អាត​ស្អំ​ខាង​វិញ្ញាណ ” វិធីសាស្ត្រ​របស់​លោក Supani ត្រូវ​បាន​អនុវត្ត​តាម​ដោយ​អ្នក​ស្រុក​ផ្សេង​ទៀត​នៅ​ក្នុង​សង្កាត់​របស់​លោក។ ឥលូវ​នេះ​ផ្ទះ​រាប់​សិប​ខ្នង​នៅ Wajak Kidul ត្រូវ​បាន​តុបតែង​លំអ​ដោយ​រូប​តំណាង​ដូច​គ្នា។

អ្នកភូមិ Wajak Kidul ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​របស់​ពួកគេ។

កាល​ពី​ខែ​កុម្ភៈ​ ពលករ​ចំណាកស្រុក​ម្នាក់​ដែល​ទើប​តែ​មក​ដល់​ភូមិ​កំណើត​ឈ្មោះ Tulungagung ដែល​មក​ពី​កោះ​តៃវ៉ាន់ ​បាន​ចាប់ផ្ដើម​មាន​រោគ​សញ្ញា​ដែល​មាន​លក្ខណៈ​ស្រប​គ្នា​ជាមួយ COVID-19។ នាង​បាន​ស្លាប់​ជា​ច្រើន​ថ្ងៃ​ បន្ទាប់ពី​បាន​ចូល​​សម្រាក​នៅ​មន្ទីរពេទ្យ​ទូទៅ Iskak ប៉ុន្តែ​អាជ្ញាធរ​បាន​ប្រកាស​ពី​ថា​ នាង​មិន​បាន​ស្លាប់​ដោយសារ​វីរុស​ទេ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ​យ៉ាង​ហោច​ណាស់​មាន​អ្នក​ជំងឺ​ចំនួន ៤ នាក់​ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា​មាន​ផ្ទុក​វីរុស​នៅ​ក្នុង​មន្ទីរពេទ្យ Iskak នៅ​ពេលនេះ។ ចំណែក​មនុស្ស​រាប់​រយ​នាក់​ផ្សេង​ទៀត​នៅ​ក្នុង Tulungagung និង​តំបន់​ជិត​ខាង​របស់​ខ្លួន​ត្រូវ​បាន​គេ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​ដូចគ្នា ។

អភិបាល​ខេត្ត​ នៃកោះ​ជ្វា​ខាងកើត លោកស្រី Khofifah Indar Parawansa បាន​ប្រកាស​អាសន្ន​ក្នុង​ការ​កាត់បន្ថយ​គ្រោះ​មហន្តរាយ​នៃ​ជំងឺ​កូវីដ19 បន្ទាប់​ពី​ការ​រីក​រាលដាល​នៃ​វីរុស​នេះ​បាន​រាលដាល​នៅ​ដល់​ទៅ ៣៤តំបន់​នៃ​ខេត្ត៣៩ក្នុង​ប្រទេស ។

គួរបញ្ជាក់ថា​ នៅ​ភាគ​ខាង​លិច Kalimantan សហគមន៍ Dayak មួយ​ចំនួន​ ក៏មាន​ពិធី​ធ្វើ​ពិធី​សាសនា​ដើម្បី​បញ្ឈប់​ការ​ឆ្លង​វីរុស​នេះ​នេះ​ដូចគ្នា។ ដោយឡែក ​អ្នក​ស្រុក West Kalimantan ១៤២១ នាក់​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិតនៅ​ក្រោម​ការ​ឃ្លាំមើល។ ចំណែក មនុស្ស ២១ នាក់​ស្ថិត​នៅ​ក្នុង​ដាច់​ដោយឡែក​នៅ​មន្ទីរពេទ្យ​បង្អែក ​ដែល​ជា​អ្នក​ជំងឺ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល ។ ពីរ​នាក់​ត្រូវ​បាន​គេ​បញ្ជាក់​ថា ​​វិជ្ជមាន​សម្រាប់ COVID-១៩ ហើយ​ម្នាក់​ក្នុង​ចំណោម​ការ​ឃ្លាំ​មើល​បាន​ស្លាប់​កាល​ពី​ថ្ងៃ​សៅរ៍។

រហូតមកដល់ពេលនេះ ឥណ្ឌូណេស៊ីមានករណីសរុប ៧៩០ ករណី  ចំណែកអ្នកស្លាប់មានចំនួន ៥៨ ៕

 

ប្រែសម្រួល ៖ សាង ស្រីល័ក្ខ

ប្រភព៖asiaone