BREAKING NEWS
Search

ទីផ្សារ​មួយ​ចំនួន​នៅ​ឥណ្ឌូណេស៊ី​ នៅ​តែ​លក់​សាច់​ប្រចៀវ​ទោះបី​មាន​ការ​ផ្ទុះឡើង​នៃ​មេរោគ​កូរ៉ូណា​ក៏​ដោយ

នា​ពេល​ថ្មីៗនេះ​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ​សត្វ​ប្រចៀវ​គឺ​ជា​សត្វ​ដែល​បង្កហេតុ​នៃ​ការ​ផ្ទុះឡើង​នូវ​ជំងឺ​ថ្មីៗ​នឹង​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ពពួក​វីរុស SARS និង​ MERS ហើយ​បច្ចុប្បន្ននេះ​ មាន​ជំងឺ​ឆ្លង​ថ្មី​ឈ្មោះថា COVID-19 កំពុងតែ​រាតត្បាត​ពាសពេញ​ពិភពលោក។​ វីរុស​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​មាន​ប្រភព​មក​ពី​ទីផ្សារ មួយ​នៅ​ទីក្រុង​អ៊ូហាន​ ដែល​ជាទីផ្សារដាក់លក់សត្វព្រៃ​ខុសច្បាប់​ និង​សត្វ​ប្រចៀវដែល​ជា​អាហារ​មួយ​ក្នុង​ចំណោម​អាហារ​ដែល​ផ្ដល់​ជូន​ជា​ប្រចាំ​នៅ​ទី​នោះ។

ផ្អែក​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ​វីរុស​នេះ​មាន​ដើម​កំណើត​ពី​សត្វ​ប្រចៀវ​មុន​ពេល​ដែល​វា​ត្រូវ​បាន​ចម្លង​ទៅ​មនុស្ស​ ប៉ុន្តែ​មើល​ទៅ​​សាច់​ប្រចៀវ​នៅ​តែ​មាន​ប្រជាប្រិយភាព​នៅកន្លែងខ្លះ​នៃ​ប្រទេស​ឥណ្ឌូណេស៊ី​បើទោះបី​ជា​មាន​ការ​ព្រមាន​ក៏ដោយ។ តាម​ពិត​តម្រូវ​ការ​សាច់​ប្រចៀវ​នៅ​តែ​បន្ត​ ហើយ​ជា​រឿយៗ​ត្រូវ​បាន​លក់​ដាច់​ជា​ពិសេស​នៅ Sulawesi ខាង​ជើង។

ប្រជាជន Minhasan នៅ​ទីនោះ​ ចូលចិត្ត​ចម្អិន​សត្វ​ប្រចៀវ​ទាំងមូល​នៅ​ក្នុង​ម្ហូប​ដែល​ស្រដៀង​នឹង​ម្ហូប​ដែល​គេ​ស្គាល់​ថា Paniki ។ អ្នក​លក់​សត្វ​ប្រចៀវ​ម្នាក់​ឈ្មោះ Stenly Timbuleng មកពី Tomohon បាន​ប្រាប់​សារព័ត៌មាន​រ៉យទ័រ​ថា ​ការ​លក់​សាច់​ប្រចៀវ​មិន​បាន​ពាក់ព័ន្ធនឹង​វីរុស​នេះ​ទេ​ ហើយ​មនុស្ស​ចូលចិត្ត​ទិញ​យ៉ាង​ច្រើន ជា​រៀង​រាល់ថ្ងៃ​គាត់​តែង​លក់​អស់​ជានិច្ច។ ជា​ធម្មតា​គាត់​លក់​បាន ៥០ទៅ៦០ ក្បាល​ក្នុង​មួយ​ថ្ងៃ​ប៉ុន្តែ​ក្នុង​កំឡុង​ពេល​បុណ្យ​គាត់​អាច​លក់​បាន​រហូតដល់ ៦០០ ក្បាល។

លោក William W. Wongso អ្នក​ជំនាញ​ខាង​ធ្វើ​ម្ហូប​ឥណ្ឌូណេស៊ី​បាន​និយាយ​ថា “ សត្វ​ប្រចៀវ​គឺ​ជា​ប្រូតេអ៊ីន​របស់ជនជាតិ​ដើម​ ដែល​ខ្ញុំ​ចូលចិត្ត​ជាង​គេ ​ជា​ពិសេស​នៅ Sulawesi ខាងជើង” ។  មេ​ចុងភៅ​នឹង​យក​ក្រពេញវាចេញ​ពី​ក្លៀក​និង​កញ្ចឹងក ​ដើម្បី​កុំ​ឲ្យ​មាន​ក្លិន​មិន​ល្អ។ បន្ទាប់មក​គេ​បាន​ដក​រោម​របស់​សត្វ​ប្រចៀវ​ចេញ​ ចំណែក​ខ្លួនទាំងមូល​រួម​ទាំង​ក្បាល​និង​ស្លាប ​ត្រូវ​បាន​ហាន់​ជា​ចំណិត ៗ ហើយ​យក​ទៅ​ចម្អិន​ក្នុង​ខ្ទះ​ដែល​មាន​លាយ​គ្រឿង​ទេស​ឱសថ​បុរាណ​​ និង​ទឹកដោះគោ ​ដូង​​ ដែលមើល​ទៅ​ស្ទើរ​តែ​ដូច​សម្ល។ ខណៈ ពេល​ដែល​ភោជនីយដ្ឋាន Manadonese ជា​ច្រើន​នៅ​រដ្ឋធានី​ Jakarta​ បាន​ដក​សត្វ​ប្រចៀវ​ចេញ​ពី​បញ្ជី​មុខ​ម្ហូប​របស់​ពួកគេ​ ប្រជាជន​នៅ Sulawesi ខាងជើង​ នៅ​តែ​បរិភោគ​សត្វ​ប្រចៀវ​ដដែល។

 

បុរស​ម្នាក់​ឈ្មោះ Manadonese Jufry Mantak បាន​និយាយ​ថា​គាត់​មិន​មាន​អារម្មណ៍​ចង់​បរិភោគ​សត្វ​ប្រចៀវ​ទាល់​តែ​សោះ​ បើទោះបីជា COVID-19 មាន​ជាប់​ទាក់ទង​នឹង​សត្វ​ប្រចៀវ​ក៏​ដោយ។ គាត់​បាន​បន្ថែម​ថា “ យើង​មិន​បាន​រក​ឃើញ​ករណី​ណាមួយ​នៅ​ក្នុង Manado ទេ រហូត​មក​ដល់​ពេល​នេះ​នៅ​តែ​មាន​មនុស្សជា​ច្រើន​បាន​បរិភោគ​សត្វ​ប្រចៀវ​ទាំង​នេះ​ ពីព្រោះ​សត្វ​ប្រចៀវគឺ​វា​មាន​លក្ខណៈ​ពិសេស ​នៅ​ពេល​ចម្អិន​ជាមួយ​ទឹកដោះ​និង​គោ​ដូង និងជាអាហារប្រចាំតំបន់ជនជាតិឥណ្ឌូណេស៊ី ” ។

គួរ​រលឹក​ថា​មេរោគ​ឆ្លង​វីរុស​កូរូណា​ បាន​សម្លាប់​មនុស្ស ១៣០០ នាក់​និង​ឆ្លង​ជំងឺ​ជាង ៦ម៉ឺននាក់នៅ​ទូទាំង​ពិភពលោក ៕

 

ចុចអាន៖បុគ្គលិក KFC ចិនត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺ​វីរុស​កូរ៉ូណា ខណៈ​ដែលការងារ​ចម្បង​គឺ​រៀប​ចំ​ម្ហូប

ចុចអាន៖ ធ្លាយ​វីដេអូស្ត្រី​ម្នាក់​នៅ Wuhan ​ដើរស្ដោះ​ទឹកមាត់​ដាក់​គន្លឹះទ្វារ​​ គ្រប់គ្នា​ភ័យ​ខ្លាច​ថា​នាង​ផ្ទុក​វីរុស​កូរ៉ូណា​

 

ប្រែសម្រួល៖សាង ស្រីល័ក្ខ