អាណិត​ណាស់! សួស សង​វាចា រៀបរាប់​ទាំង​អួល​ដើមក ​ក្រោយ​ធ្លាក់ខ្លួន​ឈឺ​រយៈពេល​៥​ឆ្នាំ

ភ្នំពេញ​ ៖​ តារា​ចម្រៀង​ជើងចាស់​មាន​ប្រជាប្រិយភាព​ និង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន​លោក សួស សង​វាចា គិត​មកទល់​ពេល​បច្ចុប្បន្ន​នេះ ​មាន​រយៈពេល​ជាច្រើន​ឆ្នាំ​ហើយ​ ដែល​លោក​បាន​បាត់បង់​សមត្ថភាព​ចេញ​ច្រៀង​លើ​វិស័យ​សិល្បៈ ​បន្ទាប់ពី​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​រហូត​ស្លាប់​មួយ​ចំហៀង​ខ្លួន​ និង​មិន​អាច​ធ្វើ​ការងារ​អ្វី​​បាន​តទៅទៀត។

ស្ថានភាព​ជំងឺ​របស់​តារា​ចម្រៀង​ លោក សួស សង​វាចា រហូតមកដល់​ពេលនេះ ​គឺ​នៅ​តែ​បន្ត​ការ​ព្យាបាល​ប្រចាំខែ​ ពោល​គឺ​រយៈពេល​១​ខែ​ លោក​ត្រូវ​ទៅ​ជួប​ក្រុមគ្រូពេទ្យ​ម្តង​ដើម្បី​តាមដាន​ពី​ជំងឺ​ប្រចាំ​កាយ​។ ដោយសារ​មូលហេតុ​នេះហើយ ​ទើប​ធ្វើ​ឲ្យ​លោក​ជួប​ការ​លំបាក​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ក្នុង​គ្រួសារ​រហូត​ស្ទើរ​គ្មាន​មិត្តភ័ក្ដិ​ណា​រាប់រក​ដូច​គ្រា​ដែល​លោក​នៅ​មាន​លទ្ធភាព​ចេញ​ច្រៀង​។​

ជាក់ស្តែង​ថ្មីៗ​នេះ ​លោក សួស សងវាចា បាន​ថ្លែង​សារ​រៀបរាប់​យ៉ាង​កម្សត់​បែបនេះ​ថា​ ដៃ​កាន់​ឈើ​ច្រត់ ​ខំ​សង្កត់ចិត្ត ពេលនេះ​បាន​ស្គាល់​មិត្ត​ពិត​ហើយ​រូបខ្ញុំ មិត្ត​ខ្លះ​រាប់អាន​យើង​ពេល​សុខុម មិត្ត​ដ៏​ឧ​ត្ត​ម​ខ្ញុំ​ស្គាល់​ពេលនេះ​។​ បញ្ជាក់បន្ថែម​ពីនេះ​ លោក សួស សងវាចា បាន​ប្រាប់​កម្ពុ​ជាថ្មី​ឲ្យ​ដឹង​តាម​ទូរសព្ទ​ថា​ គិត​មកទល់ពេលនេះ​ លោក​បាន​ធ្លាក់ខ្លួន​ឈឺ​ និង​បាត់បង់​សមត្ថភាព​សិល្បៈ​មាន​រយៈ​ពេល​៥​ឆ្នាំ​ហើយ​។​

តារា​ចម្រៀង​សំនៀង​ផ្អែម​ លោក សួស សងវាចា បាន​និយាយ​ទាំង​អួល​ដើមក​ថា ​ក្រោយពេល​លោក​ធ្លាក់ខ្លួន​ឈឺ​ និង​ពិការ​ស្លាប់​មួយ​ចំហៀង​ខ្លួន​មិនអាច​ធ្វើ​ការងារ​អ្វី​បាន​បែបនេះ ​គឺ​បានធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​ហាក់​មាន​ភាពប្រែប្រួល​ ព្រោះតែ​តម្រូវការ​ប្រចាំថ្ងៃ​ដែល​ត្រូវ​ចំណាយ​លើក​កូនៗ​រៀន​និង​ម្យ៉ាងវិញទៀត​លោក​ក៏ត្រូវ​ការចំណាយ​ប្រចាំខែ​លើ​ការពិនិត្យ​សុខភាព​ហើយ​ទិញ​ថ្នាំ​ផងដែរ​។​

លោក​បន្តថា​ បន្ទាប់ពី​ធ្លាក់ខ្លួន​ឈឺ​ដូច្នេះ​ទើប​ដឹងថា​ ជីវិត​ដូចជា​មាន​ភាព​ឯកា​ ហើយ​កម្សត់​ខ្លាំង ​ដោយ​សារ​អ្វីៗ​ត្រូវ​ប្រែប្រួល​ផ្ទុយ​ពី​ពេលមុន​ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​លោក​មាន​សង្ឃឹម​នោះ ​គឺ​អរគុណ​ចំពោះ​ សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ជួយ​គ្រួសារ​លោក​តា​មរយៈ​ការផ្តល់​អាហារូបករណ៍​ដល់​កូនច្បង​បាន​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ​។ ​

គួរ​រម្លឹក​ថា ​តារា​ចម្រៀង​សំនៀង​ស្រទន់​បែប​មនោសញ្ចេតនា​ លោក សួស សង​វាចា បាន​ដួល​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ដោយសារ​ជំងឺលើសឈាម​ ខណៈ​បច្ចុប្បន្ន​លោក​ក៏​នៅ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​កម្រិត​ធ្ងន់​បន្ថែ​ម​មួយ​មុខ​ទៀត​ដែរ​៕


អត្ថបទ ៖ ចាន់​រ៉ា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114