សួស វី​ហ្សា ទទួល​បានការ​ថ្នាក់ថ្នម​កាន់តែខ្លាំង​ពី​ស្វាមី​ ក្រោយ​មាន​ដំណឹង​ល្អ

ភ្នំពេញ ​៖​ ម្ចាស់​បទ «វាសនា​បុប្ផា​ស្វាយរៀង» អ្នកនាង សួស វី​ហ្សា ត្រូវ​បាន​មហាជន ​និង​អ្នកគាំទ្រ​មើលឃើញថា ​ក្រោយពី​បានសម្រេច​ចិត្ត​ជ្រើសរើស​ លោក ថ​មមី ជា​គូ​អនាគត​ដោយ​រៀបការ​ពេញ​ច្បាប់​កាលពី​ថ្មីៗ​កន្លង​ទៅ​នេះ​ គឺ​សុភមង្គល​គ្រួសារ​របស់​ពួកគេ​ហាក់​មាន​សេចក្តី​សុខ​ខ្លាំង​។​ មិនតែ​ប៉ុណ្ណោះ វី​ហ្សា ក៏​កាន់តែ​ទទួល​បានការ​ថ្នាក់ថ្នម​យល់ចិត្ត​ ស្រលាញ់​ និង​ផ្តល់​ភាព​កក់ក្តៅ​ពី​ស្វាមី​ខ្លួន។​

លើសពីនេះ ​រឿង​ដែល​ធ្វើ​ឲ្យ​មហាជន​កាន់តែ​ចាប់អារម្មណ៍​ទៀត​នោះ ​គឺ​បន្ទាប់ពី​តារា​ស្រី ​អ្នកនាង សួស វី​ហ្សា បានសម្រេច​បំណង​មាន​កូន​ក្នុង​ផ្ទៃ​ គេ​កត់សម្គាល់ឃើញ​ លោក ថ​មមី រឹតតែ​ស្រលាញ់​ថ្នាក់ថ្នម​ចិត្ត​ភរិយា សួស វី​ហ្សា ខ្លាំង​លើស​ដើម​ ខណៈដែល​នាង​បាន​ពោល​ពាក្យ​ថា ​អាណិត​ប្តី​ខ្លាំង​ណាស់​ដែល​ខំធ្វើការ​ងារ​មិន​ខ្លាច​នឿយហត់​ និង​ថែមទាំង​មិន​ធ្វើ​ឲ្យ​ខ្លួន​នាង​ពិបាកចិត្ត​ឡើយ​។​

ជាក់ស្ដែង ​កញ្ញា សួស វី​ហ្សា និយាយ​ថា​ អាណិត​ប្តី​ណាស់​ភ្នែក​ក្រហម​អស់ហើយ ព្រោះតែ​មួយរយៈ​នេះ​ខ្ញុំ​មាន​អាការៈ​ចាញ់​Baby​ខ្លាំង​ ទើប​សម្រាក​មិន​គ្រប់គ្រាន់ មួយទៀត​ទោះជា​ពេលនេះ​ជំងឺឆ្លង​ដ៏​សាហាវ​Covid19 កំពុង​រាតត្បាត​ពិតមែន តែ​បងប្អូន​មិត្តភ័ក្ដិ​ពិតប្រាកដ​របស់ខ្ញុំ​នៅតែ​មិន​ចោល​ខ្ញុំ​ដែរ។

អ្នកនាង សួស វី​ហ្សា បន្ថែមថា​ ទោះ​មិនអាច​មកជួបជុំ​គ្នា​ ក៏​យើង​តែងតែ​ជួប​មុខ​គ្នា​តាមរយៈ​Video call ​និង​ឆាត​មក​ដើម្បី​សួរសុខទុក្ខ​គ្នា​ដែរ​ ទង្វើ​ទាំងនេះ​ទើប​គេ​ហៅថា ស្រលាញ់​ពិត រាប់អាន​ពិត មិន​មែន​តេ​ម៉ោ ឆាត​ម៉ោ ឬ​មក​ឲ្យ​ឃើញ​មុខតែ​ពេល​ត្រូវការ​ប្រយោជន៍​ទេ ​សូម​រក្សា​អនាម័យ ​និង​សុវត្ថិភាព​ខ្ពស់​រៀងៗ​ខ្លួន ត្រូវ​លាងដៃ​ញឹកញាប់ និង​ពាក់​ម៉ាស​គ្រប់ៗ​គ្នា​ពេលចេញ​ក្រៅ​ ដើម្បី​កុំឲ្យ​ឆ្លង​មេរោគ​នានា​។​

ដោយសារ​ការ​សាង​សុភមង្គល​គ្រួសារ​មាន​ភាព​ផ្អែមល្ហែម​នេះ​ហើយ ​ទើប​មាន​ទស្សនិកជន​ជាច្រើន​បាន​គាំទ្រ​ និង​សរសើរ​ពី​ចំណង​ស្នេហា​របស់​តារា​ចម្រៀង​ អ្នកនាង សួស វី​ហ្សា និង​ លោក ថ​មមី ថា​ពិតជា​គូស្នេហ៍​គំរូ​ដែល​អាច​ធ្វើ​ឲ្យ​តារា​ប្រុស​-​ស្រី​ឯទៀត​មិន​គួរ​មើល​រំលង​ពី​សេចក្តី​សុខ​សម្រាប់​គ្រួសារ​៕


អត្ថបទ ៖ ចាន់​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114