WHO ប្រកាសដាក់ទ្វីបអាមេរិកខាងត្បូងជាចំណុចក្ដៅថ្មីនៃជំងឺកូវីដ១៩

អង្គការសុខភាពពិភពលោកបានប្រកាសកាលពីថ្ងៃសុក្រថា ចំណុចក្ដៅនៃការរាតត្បាតវីរុស Covid-19 បានផ្លាស់ប្តូរទៅខាងអាមេរិកខាងត្បូងវិញហើយ ស្របពេលពេលដែលករណីនៅទីក្រុងរីអូ និងសៅប៉ូឡូទើបតែផ្ទុះឡើងខ្លាំង រយៈពេល ៦ ខែបន្ទាប់ពីវីរុសនេះបានកើតឡើងនៅផ្នែកម្ខាងទៀតនៃពិភពលោក គឺក្នុងទីក្រុងអ៊ូហានប្រទេសចិន។

ប្រទេសប្រេស៊ីលមានករណីច្រើនជាងប្រទេសដទៃទៀតនៅអាមេរិកខាងត្បូង។ នេះបើយោងតាមរបាយការណ៍ស្ថានភាពប្រចាំថ្ងៃថ្មីបំផុតរបស់អង្គការសុខភាពពិភពលោក។ លោក Mike Ryan នាយកប្រតិបត្តិនៃកម្មវិធីសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោកបាននិយាយថាករណីដែលបានបញ្ជាក់នៅក្នុងប្រទេសនេះបានឈានដល់ ៣០ ម៉ឺននាក់ ហើយពេលនេះវីរុស Covid-19 បានសម្លាប់មនុស្សជិត ១៩០០០ នាក់នៅក្នុងប្រទេសប្រេស៊ីល។

លោក Ryan បានកត់សម្គាល់ថារដ្ឋាភិបាលនៃប្រទេសប្រេស៊ីលបានអនុម័តលើការប្រើប្រាស់ថ្នាំគ្រុនចាញ់ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីព្យាបាលជំងឺ Covid-19 ខណៈការសិក្សាជាច្រើនបានធ្វើឱ្យមានការសង្ស័យលើប្រសិទ្ធភាពថ្នាំនេះនៅឡើយ។ ការសិក្សាមួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្របានបង្ហាញថាអ្នកជំងឺដែលត្រូវបានព្យាបាលដោយថ្នាំគ្រុនចាញ់នេះមានហានិភ័យខ្ពស់នៃការស្លាប់ជាងអ្នកដែលមិនបានប្រើ។ លោកថាអង្គការសុខភាពពិភពលោកកំពុងផ្តល់ជំនួយយ៉ាងសកម្មដល់រដ្ឋាភិបាលប្រេស៊ីល។

លោក Ryan បន្ថែមថា “បើនិយាយពីអត្រានៃការឆ្លង ការវាយប្រហារខ្ពស់បំផុតគឺនៅរដ្ឋ Amazonas។ មនុស្សប្រហែល ៤៩០ នាក់បានឆ្លងក្នុងចំណោមប្រជាជន ១សែននាក់ដែលនេះជាអត្រាវាយប្រហារខ្ពស់មួយ”។

កាលពីខែមីនាអង្គការសុខភាពពិភពលោកបានប្រកាសថាចំណុចក្ដៅនៃវីរុសបានចាកចេញពីប្រទេសចិនដែលជាកន្លែងដែលវាលេចចេញដំបូងទៅដល់អឺរ៉ុប។ វីរុសនេះបានឆ្លងដល់មនុស្សជាង ៥,១ លាននាក់នៅជុំវិញពិភពលោកហើយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៣ម៉ឺននាក់ បើយោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins ៕

ចុចអាន៖ អ្នកស្រាវជ្រាវបង្ហាញក្ដីសង្ឃឹម ខណៈសាកលវិទ្យាល័យ Oxford ត្រៀមធ្វើតេស្តវ៉ាក់សាំងកូរ៉ូណាលើមនុស្សជាង១ម៉ឺននាក់ទៀត

ចុចអាន៖ លើកដំបូង ចិនរកមិនឃើញអ្នកឆ្លងថ្មីសូម្បីម្នាក់ ទាំងករណីក្នុងស្រុក និងនាំចូល តែនៅមានការសង្ស័យ

ប្រែសម្រួល៖ វ៉ានថន
ប្រភព៖ CNBC