កូរ៉េខាងត្បូងប្រមូលអ្នកសង្ស័យរាប់ម៉ឺននាក់មកធ្វើតេស្ត ក្រោយអ្នកឆ្លងកូវីដចេញពីក្លឹបកម្សាន្តកើនដល់ ១១៩ករណី
BREAKING NEWS
Search

កូរ៉េខាងត្បូងប្រមូលអ្នកសង្ស័យរាប់ម៉ឺននាក់មកធ្វើតេស្ត ក្រោយអ្នកឆ្លងកូវីដចេញពីក្លឹបកម្សាន្តកើនដល់ ១១៩ករណី

ប្រទេសកូរ៉េខាងត្បូងបានធ្វើតេស្តរកវីរុសកូវីដ១៩លើមនុស្សជាង ១៥០០០នាក់ កាលពីថ្ងៃពុធ (១៣ ឧសភា) ស្របពេលក្រុមមន្រ្តីសុខាភិបាលបានអះអាងថាមានការផ្ទុះឡើងនៅក្លឹបកម្សាន្តយ៉ាងតិច ៩ នៅក្នុងសង្កាត់ Itaewon ក្នុងទីក្រុងសេអ៊ូល។

ការធ្វើតេស្តបែបអនាមិកបានលើកទឹកចិត្តឲ្យមនុស្សកាន់តែច្រើនឡើងៗចូលរួម ខណៈដែលចំនួនករណីឆ្លងទាក់ទងនឹងចង្កោមក្លឹបកម្សាន្តបានកើនឡើងដល់ ១១៩ ករណី។ ករណីឆ្លងថ្មីរួមមានអ្នកទៅលេងក្លឹបអាយុ ២៧ ឆ្នាំមកពីទីក្រុងប៊ូសានដែលបានចម្លងមេរោគទៅឪពុកអាយុ ៦២ ឆ្នាំនិងក្មួយប្រុសអាយុ ១ ឆ្នាំ គ្រូបង្រៀនឯកជនម្នាក់ដែលមានអាយុ ២៥ ឆ្នាំមកពីអ៊ិនឈុន និងការឆ្លងចំនួន ៣ ករណីទៀតនៅក្នុងជួរយោធា។

មក​ទល់​ពេលនេះ ប្រទេសកូរ៉េខាងត្បូង បានកត់ត្រាអ្នកឆ្លងសរុបចំនួន ១០៩៩១ ករណី ដោយក្នុងនោះមានករណីស្លាប់ចំនួន ២៦០ នាក់ និង​ជាសះស្បើយ ៩៧៦២នាក់។

ការឆ្លងជាចង្កោមនៅ Itaewon ត្រូវបានរកឃើញនៅពេលពលរដ្ឋក្រុង Yongin អាយុ ២៩ ឆ្នាំម្នាក់បានធ្វើតេស្តវិជ្ជមាននៅថ្ងៃទី ៦ ខែឧសភា បន្ទាប់ពីបានទៅលេងក្លឹបអ្នកស្រលាញ់ភេទដូចគ្នាចំនួន ៥ នៅ Itaewon កាលពីថ្ងៃទី ១ និងទី២ ជាអំឡុងឈប់សម្រាកដែលមានមនុស្សជាច្រើនបានចេញទៅផឹកស្រា ជួបជុំញ៉ាំអាហារពេលល្ងាច និងធ្វើពិធីជប់លៀង។

ទោះបីយ៉ាងរកឃើញចង្កោមឆ្លងថ្មីបែបនេះក្តី តែកូរ៉េខាងត្បូងមិនទាន់មានផែនការបន្ទាន់ដើម្បីបន្តវិធានការគម្លាតសង្គមដែលត្រូវបានបន្ធូរបន្ថយចាប់ពីថ្ងៃទី ៦ ឧសភានោះទេ។

ប៉ុន្តែអាជ្ញាធរបានដាក់វិធានការប្រុងប្រយ័ត្នថ្មីៗដូចជាការតម្រូវឲ្យអ្នកជិះរថភ្លើងក្រោមដីក្នុងកំឡុងពេលម៉ោងមមាញឹកត្រូវពាក់ម៉ាសមុខចាប់ពីថ្ងៃពុធ ហើយឡានក្រុងសាធារណៈដែលបំពាក់ដោយម៉ាស៊ីនត្រជាក់ក៏ត្រូវបើកបង្អួចចំហរដើម្បីឱ្យមានខ្យល់ចេញចូលបានល្អ។

អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល Kim Gang-lip បាននិយាយថាអាជ្ញាធរនឹងមិនអនុវត្តច្បាប់តឹងរ៉ឹងឡើងវិញទេប្រសិនបើចំនួនករណីថ្មីជារៀងរាល់ថ្ងៃនៅក្រោម ៥០ ហើយប្រសិនបើ ៩៥ ភាគរយនៃករណីឆ្លងអាចតាមដានដឹងពីប្រភពឆ្លងច្បាស់លាស់។

ករណីឆ្លងថ្មីសរុប ២៦ នាក់ត្រូវបានរាយការណ៍កាលពីថ្ងៃពុធ ក្នុងនោះមាន ២២ ករណីគឺជាការឆ្លងក្នុងសហគមន៍។ ចំនួនករណីខ្ពស់បំផុតក្នុងសប្ដាហ៍នេះគឺនៅថ្ងៃចន្ទដែលមានចំនួន ៣៥នាក់ ៕

ចុចអាន៖ អាមេរិក២៤ម៉ោងចុងក្រោយស្លាប់ ១៨០០នាក់ទៀត ស្របពេលអ្នកឆ្លងសរុបកើនដល់ ១,៤លាននាក់

ចុចអាន៖ ប្រេស៊ីលកើនខ្លាំង ពេលនេះវ៉ាដាច់បារាំងក្លាយជាប្រទេសមានអ្នកឆ្លងកូវីដច្រើនបំផុតលំដាប់ទី៦លើលោក

ប្រែសម្រួល៖ វ៉ាន់ថន
ប្រភព៖ straitstimes