BREAKING NEWS
Search

ប្រជាជនកូរ៉េខាងត្បូងនៅតែទៅបោះឆ្នោត ទោះបីវីរុសកូវីដ-១៩កំពុងរាលដាល

ស្របពេលដែលពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសកូវីដ-១៩យ៉ាងសស្រាក់សស្រាំ នៅក្នុងប្រទេសកូរ៉េខាងត្បូងឯណេះវិញ ពលរដ្ឋកំពុងធ្វើដំណើរទៅចូលរួមការបោះឆ្នោតតាម​ធម្មតា។

ការផ្ទុះឡើងនៃជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីនៅកូរ៉េខាងត្បូងបានឈានដល់ចំណុចក្ដៅមួយក្នុងអំឡុងខែកុម្ភៈ ប៉ុន្តែដោយសាររដ្ឋាភិបាលបានត្រៀមខ្លួនជាមុន និងគ្រប់គ្រងបានល្អផងនោះ វាបានធ្វើឲ្យករណីថ្មីនៅក្នុងប្រទេសនេះមិនមានមនុស្សឆ្លងកើនឡើងខ្ពស់បន្ថែមឡើយ។ យ៉ាងណាប្រទេសនេះមិនមានការបិទប្រទេសទាំងមូលនោះទេ ហើយក្នុងចំណោមករណីជាង ១០ ៥០០ ករណីដែលបានបញ្ជាក់ យ៉ាងហោចណាស់មានអ្នកជំងឺ ៧៤០០ នាក់បានជាសះស្បើយ។

ដោយឡែកនៅថ្ងៃពុធទី ១៥ ខែមេសានេះ ប្រជាជនប្រមាណ ៤៤ លាននាក់ត្រូវបានចុះឈ្មោះដើម្បីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក្នុងប្រទេសកូរ៉េខាងត្បូង កំពុងតែធ្វើដំណើរទៅបោះឆ្នោតជ្រើសរើសរើសសមាជិកសភាចំនួន ៣០០ នាក់របស់ប្រទេសខ្លួន។ យ៉ាងហោចប្រជាជន ២៦% នៃអ្នកចុះឈ្មោះបោះឆ្នោតបានបោះឆ្នោតមុនកាលកំណត់។

វិធានការរបស់រដ្ឋាភិបាលក្នុងពេលនេះគឺថា ខណៈពេលអ្នកបោះឆ្នោតឆ្ពោះទៅបោះឆ្នោតថ្ងៃនេះ ពួកគេនឹងត្រួតពិនិត្យសីតុណ្ហភាពនៅមាត់ទ្វារ។ ក្រៅពីនោះ ពួកគេនឹងត្រូវឈរនៅចម្ងាយយ៉ាងហោចណាស់មួយម៉ែត្រពីគ្នាខណៈពេលតម្រង់ជួរ។ បន្ថែមពីលើនេះទៀត ស្តង់បោះឆ្នោតមានទឹកសម្លាប់មេរោគនៅទីនោះជាប្រចាំ ហើយអ្នកដែលមានសីតុណ្ហភាពលើសពី ៣៧.៥ អង្សាសេ នឹងត្រូវបោះឆ្នោតនៅក្នុងស្តង់ពិសេសមួយផ្សេងទៀត។ ក្នុងនោះដែរបុគ្គលិកប្រមាណ ២ ម៉ឺននាក់នឹងត្រូវបញ្ជូនទៅដាក់ឱ្យអនុវត្តនូវវិធានការផ្សេងបន្ថែមទៀតដើម្បីការពារការចម្លងនៃវីរុស។

ចំពោះអ្នកបោះឆ្នោតដែលកំពុងនៅដាច់តែឯង គេនឹងរៀបចំស្តង់បោះឆ្នោតពិសេសនៅមណ្ឌលដាច់ដោយឡែកដែលគ្រប់គ្រងដោយរដ្ឋាភិបាល ហើយអ្នកដែលស្ថិតនៅដាច់ពីគេនឹងត្រូវបានអនុញ្ញាតឱ្យចាកចេញពីផ្ទះ ដើម្បីទៅបោះឆ្នោតទីសាធារណៈដែលនៅជិតផ្ទះបំផុតនៅម៉ោង ៦ ល្ងាច បន្ទាប់ពីស្តង់រៀបចំរួច។

ទន្ទឹមនឹងនេះ កង្វល់ធំមួយពីការដំណើរការការបោះឆ្នោតក្នុងអំឡុងពេលមានរោគរាតត្បាតបែបនេះ គឺប្រជាជនអាចសម្រេចចិត្តមិនទៅបោះឆ្នោត ព្រោះពួកគេខ្លាចឆ្លងជំងឺ។ ប៉ុន្តែស្ថិតិគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបង្ហាញថា រហូតមកដល់ពេលនេះចំនួនអ្នកចេញទៅបោះឆ្នោតគឺមានចំនួនខ្ពស់ជាងកាលពីពេលបោះឆ្នោតលើកមុនទៅទៀត៕

ចុចអាន៖ UN និយាយ​ថា​ នេះ​ជា​គ្រា​អាសន្ន​រួមគ្នា​ មិនមែន​ជា​ពេល​ដែល​លោក Trump ត្រូវ​កាត់​បន្ថយ​ជំនួយ​របស់ WHOឡើយ

ចុចអាន៖   ប្ដីឆ្លង​កូវីដ១៩ លើក​ដៃ​​សម្លាប់​ប្រពន្ធ​ ក្រោយ​នាង​បាន​ប្រាប់ខ្លួនចេញពីផ្ទះព្រោះខ្លាច​ឆ្លង

ប្រែសម្រួល៖ សន្យា

ប្រភព៖ CNN