ទើបប្រកាស ១៥នាក់ព្រឹកមិញ ឥឡូវកូរ៉េខាងត្បូងរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ៥នាក់ទៀត

មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺកូរ៉េខាងត្បូងបានរាយការណ៍នៅរសៀលថ្ងៃពុធនេះថា បានរកឃើញអ្នកឆ្លងវីរុស COVID-19 ចំនួន ៥ នាក់បន្ថែមទៀតក្នុងប្រទេសខ្លួន ធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅថ្ងៃនេះឡើងដល់ ២០ ករណី។ តួលេខនេះគឺជាការកើនឡើងច្រើនបំផុតសម្រាប់ប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេលតែមួយថ្ងៃ។

យោងតាមការចេញផ្សាយព័ត៌មានរបស់រដ្ឋាភិបាលបានឲ្យដឹងថាអ្នកជំងឺ ១៣ នាក់ក្នុងចំណោម ១៥ ដែលត្រូវបានប្រកាសកាលពីព្រឹកមិញនោះគឺមកពីព្រះវិហារ​មួយ​កន្លែង​ក្នុងទីក្រុង Daegu នៅភាគអាគ្នេយ៍ប្រទេស។

ក្នុងនោះមានមួយករីណីគឺជាក្មេងស្រីអាយុ ១១ ឆ្នាំដែលជាកូនស្រីរបស់អ្នកជំងឺដែលត្រូវបានបញ្ជាក់កាលពីមុន។

ករណីថ្មីៗនៅថ្ងៃនេះបានធ្វើឱ្យមានការព្រួយបារម្ភ ខណៈដែលករណីជាច្រើនបានកើតឡើងនៅក្នុងតំបន់ដែលខ្វះកន្លែង និងអ្នកជំនាញផ្នែកវេជ្ជសាស្ត្រដើម្បីព្យាបាលអ្នកជំងឺ និងការពារការរីករាលដាលនៃមេរោគនេះ។

ចំនួនករណីឆ្លងវីរុសឆ្លងវីរុស COVID-19 ដែលត្រូវបានបញ្ជាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងឥឡូវនេះមានចំនួន ៥១ នាក់ហើយ និងជាប្រទេសទី៤ ដែលរកឃើញច្រើនករណីបំផុតបន្ទាប់ពីចិន ជប៉ុន និងសិង្ហបុរី ៕

ប្រែសម្រួល៖ វ៉ាន់ថន