BREAKING NEWS
Search

គ្រូពេទ្យកូរ៉េខាងត្បូងធ្វើកូដកម្មពាក់ព័ន្ធនឹងផែនការសុខភាពនៅពេលករណីឆ្លងកូវីដកើនឡើង

មន្ទីរពេទ្យមួយភាគបួនរបស់ប្រទេសកូរ៉េខាងត្បូងបានបិទនៅថ្ងៃសុក្រនេះសម្រាប់ការធ្វើកូដកម្មរយៈពេលមួយថ្ងៃដើម្បីតវ៉ាប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលគ្រូពេទ្យថ្មី ខណៈប្រទេសនេះបានរាយការណ៍ថាមានចំនួនករណីឆ្លងកូវីដ ១៩ ក្នុងស្រុកច្រើនបំផុតចាប់តាំងពីឆ្នាំចុងខែមីនា ។

រដ្ឋាភិបាលគ្រោងនឹងបង្កើនចំនួននិស្សិតពេទ្យឲ្យបាន ៤,០០០ នាក់ក្នុងរយៈពេល ១០ ឆ្នាំខាងមុខដែលខ្លួននិយាយថាចាំបាច់ត្រូវត្រៀមខ្លួនឲ្យបានល្អសម្រាប់វិបត្តិសុខភាពសាធារណៈដូចជារោគរាតត្បាតកូវីដ ១៩ ជាដើម ។

ប៉ុន្តែសមាគមវេជ្ជសាស្រ្តកូរ៉េ (KMA) ដែលបានជួយរៀបចំការតវ៉ានេះនិយាយថា ប្រទេសកូរ៉េខាងត្បូងមានគ្រូពេទ្យគ្រប់គ្រាន់ហើយ ។

យ៉ាងហោចណាស់មានមន្ទីរពេទ្យចំនួន ៨,៣៦៥ ក្នុងចំណោមមន្ទីរពេទ្យសរុប ៣៣,៨៣៦ របស់ប្រទេស ក្នុងនោះគ្លីនិកឯកជនផងដែរបាននិយាយថា ពួកគេនឹងដើរចេញតវ៉ានៅថ្ងៃសុក្រនេះ ខណៈចំនួននៃការបិទមន្ទីរពេទ្យអាចកើនឡើង ។

វេជ្ជបណ្ឌិត និងសិក្ខាកាមរាប់រយនាក់គ្រោងនឹងធ្វើការតវ៉ានៅខាងក្រៅសភានៅថ្ងៃសុក្រនេះ ។

KMA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ចំនួនគ្រូពេទ្យក្នុងមនុស្ស ១,០០០ នាក់បានកើនឡើង ៣.១ ភាគរយជារៀងរាល់ឆ្នាំក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះដែលខ្ពស់ជាងមធ្យមភាគរបស់ OECD ៦ ដង” ។

បើយោងតាមមជ្ឈមណ្ឌលកូរ៉េសម្រាប់ការទប់ស្កាត់ និងបង្ការជំងឺ (KCDC) បានឲ្យដឹងថា ការធ្វើកូដកម្មនេះកើតឡើងនៅពេលដែលប្រទេសកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះបានរាយការណ៍ករណីឆ្លងកូវីដថ្មីចំនួន ១០៣ ករណីដែលក្នុងនោះ ៨៥ ករណីគឺជាករណីឆ្លងក្នុងស្រុកដែលជាករណីឆ្លងច្រើនបំផុតចាប់តាំងពីថ្ងៃទី ៣១ ខែមីនា ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍ប្រទេសកូរ៉េខាងត្បូងមានករណីឆ្លងកូវីដ ១៩ ចំនួន ១៤,៨៧៣ ករណី និងមានអ្នកស្លាប់ ៣០៥ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA